ទឹកជំនន់កំពុងវាយប្រហារតំបន់មួយចំនួនជាយរាជធានីភ្នំពេញ

ទឹកជំនន់នៅខេត្តកំពង់ស្ពឺ (រូបភាពពីហ្វេសប៊ុក)

ផ្ទះប្រជាពលរដ្ឋរាប់សិបគ្រួសារនិងវត្តអារាមមួយចំនួននៅជាយរាជធានីភ្នំពេញកំពុងជួបគ្រោះទឹកជំនន់ ខណៈដែលអាជ្ញាធរខេត្តកំពង់ស្ពឺបានបើទំនប់ទប់ទឹកស្ទឹងព្រែកត្នោត។

ការបើកទំនប់នេះ បន្ទាប់ពីមានភ្លៀងខ្លាំង ធ្វើឱ្យទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្ពស់ រហូតដល់ជន់លិចភូមិចំនួន៦ ក្នុងសង្កាត់ដែលនៅជាប់ស្ទឹងនោះ។

ព្រះភិក្ខុ យិន រតនសភាវី ដែលគង់នៅវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានថេរដីកាប្រាប់វីអូឌីនៅព្រឹកនេះថា ទឹកកំពុងតែហូរចូលវត្តជម្រៅត្រឹមចង្កេះនិងចូលក្នុងកុដ្ឋិ ខណៈព្រះអង្គថាផ្ទះពលរដ្ឋនៅក្បែរនោះក៏ទឹកជន់លិចដែរ ដោយព្រះអង្គថាអាជ្ញាធរខេត្តកំពង់ស្ពឺបានបើកទំនប់ទប់ទឹកស្ទឹងព្រែកត្នោត  ដែលធ្វើឲ្យទឹកហូរខ្លាំងចូលស្ទឹងមួយនៅជិតវត្តនោះ។

ព្រះអង្គអំពាវនាវឲ្យអាជ្ញាធរជួយអន្តរាគមន៍ ខណៈដែលវត្តនិងផ្ទះប្រជាពលរដ្ឋកំពុងត្រូវទឹកលិចចូល។

បើតាមព័ត៌មានក្នុងស្រុកសង្កាត់ចំនួន៦ទឹកកំពុងជន់លិច គឺមានសង្កាត់សាក់សំពៅ (លិចខ្លាំងជាងគេ) សង្កាត់ពង្រ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់គងណយ និងសង្កាត់រលួស ដែលសរុបមានចំនួន១៧ភូមិ កំពុងជួបបញ្ហា។

ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ភ្លៀងធ្លាក់២ថ្ងៃជាប់ៗគ្នាបានបង្កឲ្យមានជំនន់ទឹកភ្លៀងនៅភាគខាងត្បូងខេត្តកំពង់ស្ពឺ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោតកំពុងធ្វើឲ្យប៉ះពាល់ដល់ទំនប់សណ្ដរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ