សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនដីធ្លី ទេព វន្នី

សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី ដោយមិនអនុញ្ញាតឲ្យអ្នកស្រីនៅក្រៅឃុំ ដោយសំអាងថាបារម្ភខ្លាចសកម្មជនរូបនោះបង្កអសន្តិសុខដល់ប្រទេសជាតិ។

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញសម្រេចបន្តឃុំខ្លួនសកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី នៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងសំណុំរឿងហិង្សាក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៣។

នៅក្នុងបន្ទប់សវនាការនាព្រឹកនេះ មិនមានមេធាវីដែលការពារក្ដីឲ្យអ្នកស្រី ទេព វន្នី ចូលរួមទេ គឺមានតែចៅក្រមចំនួន៣រូបនិងអ្នកស្រី ទេព វន្នី។

បន្ទាប់ពីសវនាការជិត២ម៉ោង ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ងួន រតនា បានសម្រេចបន្តឃុំខ្លួនអ្នកស្រី ទេព វន្នី នៅពន្ធនាគារព្រៃសដដែល។ ការសម្រេចឃុំខ្លួននេះ ដោយសំអាងថា ប្រសិនបើឲ្យនៅក្រៅឃុំ អាចបង្កឲ្យចលាចលនៅក្នុងសង្គម។

បន្ទាប់ចេញពីបន្ទប់សវនាការ អ្នកស្រី ទេព វន្នី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការសម្រេចបន្តឃុំខ្លួនអ្នកស្រីដដែលនេះគឺធ្វើឡើងដោយអយុត្តិធម៌។

 

អ្នកស្រីបន្តថា ការដែលតុលាការនៅបន្តឃុំនេះ ដោយសាររឿងនយោបាយច្រើនជាង ចំពោះករណីប្រសិនបើគ្មានអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីទេ អ្នកស្រីមិនអាចរួចខ្លួនវិញឡើយ។

តុលាការបានចោទប្រកាន់ អ្នកស្រី ទេព វន្នី ដោយភ្ជាប់ករណីដែលគាត់ដឹកនាំសកម្មជនដីធ្លីតវ៉ានៅជិតផ្ទះលោក ហ៊ុន សែន កាលពីឆ្នាំ២០១៣។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានសកម្មជនបឹងកក់ទាមទារឲ្យរដ្ឋាភិបាលបញ្ចេញវីឌីអូឃ្លីបនៅក្នុងកាមេរ៉ាផ្ទះលោកនាយករដ្ឋមន្ត្រីដោយថា ដើម្បីបង្ហាញពីតម្លាភាព ករណីតុលាការចោទប្រកាន់អ្នកស្រី ទេព វន្នី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ