សិស្សជាង១០០នាក់នៅខេត្ដឧត្ដរមានជ័យ មានអាការៈក្អួតចង្អោរ សង្ស័យពុលបង្អែម

យ៉ាងហោចណាស់សិស្សសាលា១៤០នាក់ មានអាការៈក្អួតចង្អោរ ចុកពោះ និងវិលមុខជាបន្ដបន្ទាប់ ក្រោយពួកគេបរិភោគបង្អែមនៅសាលាយីស៊ូគ្រិះមួយ នៅស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះ។

អភិបាលស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ លោក នៅ សំដារារិទ្ធ ឲ្យវីអូឌីដឹងនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា សិស្សសាលានិងលោកគ្រួអ្នកគ្រូនៅសាលាយីស៊ូគ្រិះមួយនៅឃុំព្រះប្រឡាយ ប្រមាណ១៤០នាក់ មានអាការៈក្អួតចង្អោរ ចុកពោះ និងវិលមុខជាបន្ដបន្ទាប់ ក្រោយពីពួកគេហូបបង្អែមចេកខ្ទិះកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះ។ លោកបន្ដថា បង្អែមនោះធ្វើឡើងដោយសាលាយីស៊ូគ្រិះនោះ ហើយពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកនៅស្រុកអន្លង់វែងនិងមណ្ឌលសុខភាពឃុំស្រអែមភ្លាមៗ ខណៈដែលឃើញសុខភាពពួកគេធ្លាក់ចុះ។ លោកបន្ដថា៖ “ឥឡូវនេះកំពុងស្រាវជ្រាវដោយមានសមត្ថកិច្ចប៉ូលិសប៉េអឹមនិងកាំកុងត្រូលដើម្បីឆែកទៅការធ្វើបង្អែមហ្នឹងហើយសន្និថានថាមកពីគ្រាប់សាគូរ“។

ប្រធានមន្ទីរសុខាភិបាលខេត្ដឧត្ដរមានជ័យលោក ឃ្លោក ហួត មានប្រសាសន៍ថា សិស្សដែលរងគ្រោះបានធូរស្រាលនិងវិលត្រឡប់ទៅគេហដ្ឋានវិញហើយ នៅសល់តែម្នាក់ប៉ុណ្ណោះ ខណៈរូបគេមានជំងឺរលៀកបំពង់ក។លោកបន្ដថា ការកើតមានអាការៈបែបនេះ ដោយលោកសង្ស័យទៅលើគ្រឿងផ្សំបង្អែមមានជាតិពុល។លោកថាមន្ដ្រីជំនាញបានយកសំណាកទៅពិនិត្យនិងពិសោធន៍នៅក្រសួងសុខាភិបាលរាជធានីភ្នំពេញនៅថ្ងៃនេះ។ លោកបន្ដថា៖ “យើងទៅកន្លែងដែលគេធ្វើហ្នឹង គឺអត់មានអីទេ ព្រោះគាត់ធ្វើមិនមែនលើកទីមួយទេ គឺធ្វើច្រើនដងហើយសម្រាប់ឧបត្ថម្ភក្មេងហ្នឹងយូរហើយវាមានស្ករ មានខ្ទិះ មានចេក មានសាគូរ ចឹងយើងយកសំណាកគ្រឿងផ្សំទាំងអស់ទៅមើលបាទ“៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ