មេដឹកនាំ​ចិន​ថា ពិភព​លោក​ត្រូវ​ការ​ឲ្យ​ចិន និង​អាមេរិក​មាន​ទំនាក់​ទំនង​ស្ថេរភាព

មេដឹកនាំ​ចិន លោក ស៊ី ជិនពីង បាន​ប្រាប់​​អនុ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន​ ​ថាពិភព​លោក​ត្រូវការ​ប្រទេស​ចិន និង​អាមេរិក ឲ្យ​មាន​ទំនាក់​ទំនង​ប្រកប​ដោយ​ស្ថេរភាព និង​សហការ​គ្នា។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ផ្សាយ​ថា លោក ស៊ី បាន​ថ្លែង​ដូច្នេះ តែ​ប៉ុន្មាន​ថ្ងៃ​មុន​លោក ដូណាល់ ត្រាំ ឡើង​កាន់​តំណែង​ជា​ផ្លូវការ ដែល​ជំរុញ​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់។

Reuters បាន​ផ្សាយ​ដូច្នេះ​ដោយ​ផ្អែក​តាម​ការ​ដក​ស្រង់​សម្ដី​ក្រសួង​ការបរទេស​ចិន ដែល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ក្រោយ​ជំនួប​រវាង​លោក ស៊ី និង​លោក បៃឌិន នៅ​ក្រៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក។

លោក ស៊ី បាន​ប្រាប់​លោក បៃឌិន ថា លោក​កោត​សរសេរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក បៃឌិន ចំពោះ​ការ​បង្កើន​មិត្តភាព និង​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ប្រទេស​ទាំង​ពីរ។

លោក ស៊ី ថ្លែង​បន្ត​ថា នៅ​ក្នុង​រយៈ​ពេល ៣៨​ឆ្នាំ​ ចាប់​តាំង​ពី​ការ​បង្កើត​ចំណង​កាទូត​រមក ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ជាច្រើន ប៉ុន្តែ ជា​ទូទៅ បាន​បន្ត​ដំណើរ​ទៅ​មុខ។

ចំណែក​លោក បៃឌិន វិញ ត្រូវ​បាន​ភាគី​ចិន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា ប្រទេស​ទាំង​ពីរ​អាច​បន្ត​ពង្រឹង​ទំនុក​ចិត្ត និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។

ទោះជាយ៉ាង​ណា ក្រសួង​ការបរទេស​ចិន​មិន​បាន​លើក​ឡើង​ពី​លោក ត្រាំ នោះ​ឡើយ ប៉ុន្តែ ​អ្នក​កាទូត​ជាន់​ខ្ពស់​ចិន លោក យ៉ាង ជីឈី ដែល​បាន​ជួប​ជាមួយ​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក ត្រាំ កាល​ពី​ខែ​មុន ក៏​បាន​ចូល​រួម​ក្នុង​ជំនួប​លោក ស៊ី និង​លោក បៃឌិន ផង​ដែរ។

លោក ត្រាំ ដែល​គ្រោង​នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ បាន​ថ្លែង​វាយ​ប្រហារ​ក្រុង​ប៉េកាំង ដោយ​គំរាម​ដាក់​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន និង​បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក ចំពោះ​គោល​នយោបាយ “ចិនតែ​មួយ” នៅ​ក្រោម​រដ្ឋបាល​ថ្មី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ