អ្នកជំនាញទទូច​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​សមស្រប​ដល់​ MFI មុន​អនុវត្តពិដាន​ការ​ប្រាក់​ថ្មី

ធនាគារជាតិកម្ពុជា

អ្នក​ជំនាញ​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ និង​អ្នក​ស្រាវជ្រាវ​ក្នុង​វិស័យនេះ បាន​​ទទូច​ទៅ​​រដ្ឋាភិបាលកម្ពុជា​ឲ្យ​​​ពិចារណា​ និង​ឆ្លើយតបជាវិជ្ជមាន​ចំពោះ​សំណើរ​របស់​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​​ មុន​នឹង​អនុវត្ត​ពិដាន​កា​រប្រាក់​ ១៨ភាគរយ។

ក្នុង​សេចក្តីប្រកាសព័ត៌មានកាល​ពី​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៧ ធនាគារ​ជាតិ​នៃ​កម្ពុជា​​បាន​កំណត់​អត្រាកា​រប្រាក់​ខ្ពស់​បំផុត​ថ្មី១៨​ភាគរយ​​ក្នុង​មួយឆ្នាំសម្រាប់​ស្ថាប័ន​​ផ្ដល់​កម្ចី​ទាំង​​អស់អនុវត្តន៍​។​ ធនាគារជាតិ​​​បញ្ជាក់​តាម​រយៈ​សេចក្តី​ថ្លែងការ​ថា ការ​សម្រេច​ថ្មី​នេះ គឺ​ដើម្បីរួម​ចំណែក​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ក្នុង​ការ​ការ​ពារផល​ប្រយោ​ជន៍​ប្រជា​ពល​រដ្ឋ ទប់​ស្កាត់​បំណុលវ័ណ្ឌក កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​អតិ​ថិ​ជន​ពីការ​គិត​ការ​ប្រាក់​ខ្ពស់ និង​ជម្រុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ឥណទាន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​។

អ្នក​ស្រាវ​ជ្រាវ​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា​ លោក យ៉ង់ ប៉ាក់ ថ្លែង​ក្នុងកម្មវិធី​តុមូល​ VOD នៅរសៀល​ថ្ងៃទី១៦ ខែ​មីនា ថា ​រដ្ឋាភិបាល​គួរ​ផ្តោតការ​ពិចារណា និង​ឆ្លើយតប​ជាវិជ្ជមាន​ចំពោះ​សំណើរ​របស់ ​CMA។​​ លោក​ទទូចថា៖ «ខ្ញុំ​ជឿថា​ រដ្ឋាភិបាល​មាន​ដំណោះស្រាយ​ល្អសម្រាប់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ។ ជារួម​ខ្ញុំ​គិត​ថា ​វា​គឺជា​ជំហាន​ដែល​យើង​ឆ្លងទៅ​មួយកម្រិត​ទៀត​ដើម្បី​ធ្វើ​ឲ្យ​វិស័យ MFI កាន់តែ​រឹង​មាំ។ រដ្ឋាភិបាល​បាន​ទទួល​ជោគជ័យនៅក្នុងការ​យក​ចិត្ត​រាស្ត្រ ហើយ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​នឹង​ដាក់​ចេញ​ជំហាន​មួយទៀត​ដើម្បី​យក​ចិត្ត​ផ្នែក​ឯក​ជន»។

អគ្គលេខាធិការ​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក យឹម សុវណ្ណា ថ្លែង​ក្នុង​កម្មវិធី​ពិភាក្សា​វិទ្យុ​អាស៊ីសេរីល្ងាចថ្ងៃ​សុក្រ​ថាសមាគមមីក្រូ​ហិរញ្ញវត្ថុ​កំពុង​​រង់ចាំ​សហការ​ជាមួយនឹង​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​មើល​ និងដោះស្រាយ​នូវ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន។​ លោក​បញ្ជាក់​៖ «ខ្ញុំ​មាន​ជំនឿថា ​រដ្ឋាភិបាល​មាន​ដំណោះស្រាយ​សម​ស្រប រួមទាំងការ​ឧបត្ថម្ភធន​ ការ​ធានានូវ​ឥណទាន យន្តការ​ពន្ធ​ដារ ​និងការ​លើកទឹកចិត្ត​ផ្សេងៗ»។

នៅក្នុង​ឆ្នាំ២០១៦ មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុចំនួន ៦០បាន​ចុះ​បញ្ជី ​ដើម្បី​ធ្វើ​ប្រត្តិបត្តិការផ្តល់កម្ចី​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណជា​ជិត​២លានគ្រួសារ។

របាយការណ៍​សិក្សា​ស្រាវជ្រាវក្នុង​ឆ្នាំ២០១៣ ​ដែល​មានចំណងជើង​ថា​ បំណុល​វ័ណ្ឌក​ បាន​បង្ហាញថា​ នៅក្នុង​ឆ្នាំ​១៩៩៥ MFI បានផ្តល់​កម្ចី​ជាង ​៣លាន​ដុល្លារទៅ​អតិថិជន​ចំនួន ៥ម៉ឺននាក់។ ចំនួន​នេះ​បាន​កើនឡើង​ដល់ ៧៣២លាន​ដុល្លារ​ និងមាន​អតិថិជន​ជាង​ ១.១៩​លាន​នាក់​ ​នៅក្នុង​ឆ្នាំ២០១២។​ របាយការណ៍នេះ​កត់​សំគាល់​ថា ​MFI មានចំនួន ៣២ នៅក្នុង​ឆ្នាំ២០១២។

បើ​តាម​អ្នកជំនាញ​បច្ចុប្បន្ននេះ​ MFI ​បាន​ផ្តល់​កម្ចី​ដែល​មាន​ជា​សាច់​ប្រាក់​ជាង​ ៣ពាន់លានដុល្លារ​ក្នុង​មួយឆ្នាំ​ដល់​ប្រជាពលរដ្ឋ។​ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​ខ្ពស់​បំផុត​ ១៨ភាគរយ​​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ។ អ្នក​ជំនាញ​បារម្ភ​ថា ​ការ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់១៨ភាគរយ​​នេះ​ ​ធ្វើ​ឲ្យ​ MFI ​ជួប​ឧបសគ្គនៅក្នុង​ការ​រក​ប្រាក់​ចំណេញ។

ក្នុង​សំណើរ​មួយ​ចុះ​ថ្ងៃទី១៥ ខែ​មី​នា ឆ្នាំ២០១៧ គណបក្ស​ប្រជាធិបតេយ្យ​មូល​ដាន (GDP)​ បាន​លើកឡើង​ថា​ MFI បាន​ចំណាយ​ថ្លៃ​ដើម​ប្រតិបត្តិការ​ចន្លោះពី ២៣​ភាគរយ ​ទៅ​ ២៥ភាគរយ ហើយ​ថា ​ការ​កំណត់​ពិដាន​ ១៨ភាគរយ​នេះ នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុមួយចំនួន​ប្រឈមមុខ​នឹង​ក្ស័យធន។

​ដោយ​បន្ទរ​ចំពោះ​សំណើរ​ឲ្យ​មានការ​ពិចារណា អ្នក​ប្រឹក្សាយោបល់​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ លោក ជូ ង៉ែត​ ទទូច​ឲ្យ​គ្រប់ភាគី​ជា​ពិសេស​រដ្ឋាភិបាល​ទទូល​ខុស​ត្រូវ​ ឆ្លើយ​តបទៅនឹង​សំណើរ​របស់​សមាគមមីក្រូ​ហិរញ្ញវត្ថុ ដើម្បី​បន្ត​ប្រតិបត្តិការ​វិស័យនេះ។

លោក​ប្រាប់​ថា​៖ «ដើម្បី​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ទាំងអស់គ្នា​ រដ្ឋាភិបាល​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ គឺត្រូវ​តែ​ជួយ។ ១៨ភាគរយ​​បាន​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ ប៉ុន្តែ​ បើ​អ្នក​ផ្តល់​សេវា​មិនអាច​ទៅរួច​។ អីចឹង​យើង​ត្រូវ​បន្ត​ដំណើរទាំងអស់គ្នា​ដោយ​គួរស្តាប់​ការ​ស្នើ​សុំ​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ»។

យោងតាម​ការ​សម្រេច​របស់​រដ្ឋាភិបាល​ MFI ត្រូវ​ចាប់​ផ្តើម​អនុវត្ត​​ពិដាន​អត្រា​ការ​ប្រាក់ ​១៨ភាគរយ​នេះ ​ចាប់​ពី​ថ្ងៃទី១ ខែ​មេសា ឆ្នាំ២០១៧។

បើ​តាម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា ​អត្រា​ការ​ប្រាក់​​កម្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​ អាច​នឹង​ចុះ​ទាប​ជាង ​១៨ភាគរយ ក៏​ប៉ុន្តែ ​យន្តការ​មួយចំនួន ​គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង ​ដូចជាការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទាំងអស់​តាម​រយៈ​ប្រព័ន្ធ​ធនាគារ ការលើកទឹកចិត្ត​ដល់ពលរដ្ឋ​ប្រើ​ប្រាស់គណនីធនាគារ​ និងការ​​បង្កើត​វប្បធម៌​រក្សា​ប្រាក់ទុកនៅក្នុង​ធនាគារ​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ