ក្រុម​អាជីវករផ្សារច្បារអំពៅព្រួយបារម្ភ​បន្ទាប់​ពីអាជ្ញាធរ​ឈូស​ឆាយ​តូប​សេស​សល់​ក្រោយ​ភ្លើង​ឆេះ

ក្រុម​អាជីវករ​ផ្សារ​ច្បារអំពៅ​ជិត ១០០​នាក់ បាន​ប្រមូល​គ្នា​​នៅ​ឯ​ផ្សារ​មួយ​នេះ ដើម្បី​បង្ហាញ​ក្ដី​បារម្ភ​របស់​ពួកគេ​ជុំ​វិញ​ការ​ឈូស​ឆាយ​តូប​របស់​ពួកគេ ដែល​នៅ​សេស​សល់​បន្ទាប់​ពី​ត្រូវ​ភ្លើង​ឆេះ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​រហូត​ដល់​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។

អាជីវករ​ផ្សារ​ច្បារ​អំពៅ អ្នកស្រី ឡេង សម្ផស្ស ដែល​តូប​លក់​ដូរ​របស់​គាត់​ត្រូវ​ភ្លើង​ឆេះ​នោះ បាន​ប្រាប់​ថា ក្រុម​អាជីវករ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ទីតាំង​ផ្សារ​ដែល​ត្រូវ​ភ្លើង​ឆេះ ដោយ​បង្ហាញ​ក្ដី​បារម្ភ​ជុំ​វិញ​ការ​ឈូស​ឆាយ​តូប​របស់​ពួកគេ ដែល​នៅ​សេស​សល់​ បន្ទាប់​ពី​រង​ភ្លើង​ឆេះ។

អាជីវករ​រូប​នេះ បាន​ប្រាប់​ថា អ្នកស្រី និង​ក្រុម​អាជីវករ​ដទៃ​ទៀត មិន​ចង់​ឲ្យ​ឈូស​ឆាយ​កម្ទេច​ទាំង​អស់​នោះ​ទេ ដោយ​ថា ក្រុម​អាជីវករ​ចង់​ជួស​ជុល​តូប​នៅ​សេស​សល់​ទាំង​នោះ​ដោយ​ខ្លួន​ឯង ដើម្បី​ឆាប់​បាន​វិល​ត្រឡប់​ទៅ​លក់​ដូរ​ឡើង​វិញ។

អាជីវករ​មួយ​រូប​ទៀត ដែល​អះ​អាង​ថា​ជា​អ្នក​លក់​ឆ្នាំង​ចាន​នៅ​ក្នុង​ផ្សារ​ច្បារ​អំពៅ​មុន​ផ្សារ​នេះ​ត្រូវ​ភ្លើង​ឆេះ​នោះ បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា បើ​អាជ្ញាធរ​ឈូសឆាយ​ទាំង​អស់ ហើយ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ជួស​ជុល​ឡើង​វិញ​នោះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​ក្រុម​អាជីវករ​ ដោយថា ក្រុម​អាជីវករ​មួយ​ចំនួន​ជាប់​បំណុល​ធនាគារ។

អាជីវករដែលរងគ្រោះរូបនេះ ក៏អំពាវនាវទៅរដ្ឋាភិបាល ឲ្យ​ជួយរកដំណោះស្រាយឲ្យពួកគាត់មានដើមទុន និង អាច​ប្រកប​មុខ​របរ​ឡើង​វិញ​ឲ្យ​បានឆាប់ផងដែរ។

អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា តូប​លក់​ដូរ ១៤៤៧​ ​នៅ​ក្នុង​ផ្សារ​ច្បារអំពៅ ត្រូវ​បានភ្លើង​ឆាប​ឆេះ ក្នុង​នោះ​តូប​ចំនួន ៦៤៦ បាន​ខូច​ខាត​​ទាំង​ស្រុង ​ចាប់​តាំង​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​រហូត​ដល់​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ