ពលរដ្ឋខេត្តបាត់ដំបងចោទទាហានមួយក្រុមថារំលោភយកដីពួកគេ

ពលរដ្ឋជិត៦០គ្រួសារ នៅជាប់ព្រំប្រទល់ស្រុកបវិលនិងស្រុកបាណន់ ខេត្តបាត់ដំបងជំរុញឲ្យ​ រដ្ឋាភិបាលពន្លឿងការដោះស្រាយករណីវិវាទដីធ្លីជាមួយទាហាន ជូនពួកគេឲ្យបានឆាប់ ដោយថា ពលរដ្ឋគ្មានធ្វើស្រែ ខណៈដែលរដូវបង្កបង្កើនផលមកដល់។

តំណាងពលរដ្ឋប្រមាណ២០នាក់នៅថ្ងៃព្រហស្សតិ៍ទី១៨ខែឧសភានេះ បាននាំ​គ្នាយក​ញត្តិ​មក​ដាក់​នៅខុទ្ទាកាល័យ​លោកនាយករដ្ឋមន្រ្តីជាថ្មីទៀត ​ដើម្បី​សុំឲ្យ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ជួយ​អន្តរគមន៍​ដោយផ្តល់ដីនោះឲ្យពួកគេវិញនិងចេញបណ្ណកម្មសិទ្ធិ។

ពលរដ្ឋម្នាក់វ័យជាង៦០ឆ្នាំលោក កែ សំអាន ប្រាប់អ្នកសាព័ត៌មានថា ពួកគាត់បានមករស់នៅ និងបង្កបង្កើនលើដីមានទំទាស់នោះ​តាំងឆ្នាំង២០០០ ហើយនៅឆ្នាំ២០១២​ក្រុម​និសិត្ស​បាន​ចុះវាស់វែងដីនោះជូនពលរដ្ឋ ប៉ុន្តែលោកថា​ ត្រូវ​ទាហាន​មួយ​ក្រុម​មករារាំង​មិនឲ្យក្រុមនិសិត្យវាស់វែង ជូនពលរដ្ឋនោះទេ ដោយថា​ ដីនោះជាដីទាហានទៅវិញ។

លោកបន្តថា បើទោះបីជាក្រុមនិសិត្សមិនវាស់ឲ្យក៏ដោយ ពលរដ្ឋនៅបន្តធ្វើស្រែចំការលើដី នោះរហូតមកដល់ឆ្នាំ២០១៧ ទើបក្រុមទាហានទាំង​នោះ​មក​បោះ​ជុំរុំក្នុងដីនោះ និងរារាំងមិនឲ្យពលរដ្ឋបានបង្កបង្កើនផលទៀតឡើយ។

លោកបន្ថែមថា៖ «កាលឆ្នាំ២០១២ ក្រុមនិសិត្សចុះទៅវាស់វែងឲ្យពលរដ្ឋហើយ ប៉ុន្តែទាហាន ឈ្មោះ ភ្លន់ ផល្លា ហ្នឹងគាត់ចុះមកជំទាស់ថា ដីទាហានមិនឲ្យចេញប្លង់ទេ ពេលគេជំទាស់ពួកនិ សិត្សទៅបាត់ពួកខ្ញុំនៅតែបន្តអាស្រ័យផលដដែល ទើបខែ៣ថ្ងៃទី១០ឆ្នាំ២០១៧នេះទើបទា ហានទាំងនោះចុះមក​នៅលើដីតែម្តង​ដោយដាក់ជំរុំនៅនោះ អញ្ចឹងពួកខ្ញុំសុំសំណូមពរឲ្យ សម្តេច​ ហ៊ុន សែន ជួយពួកខ្ញុំឲ្យ​ចេញប័ណ្ណកម្មសិទ្ធិជូនពួកខ្ញុំ៥៩គ្រួសារនេះផង»។

អ្នកស្រី សោម ចំរើន ​ដែលអះអាងថា​ជាតំណាងពលរដ្ឋឲ្យដឹងថា​ទាហាន​ដែល​មករំលោភយកដីពលរដ្ឋមានឈ្មោះ ភ្លន់ សុផល្លា, ព្រឹម លាម, ឈិត ធៀង, ស្វាយ ធូប, ស្វាយ ធឿម និងបក្សពួកផ្សេងទៀត ដោយថា បុគ្គល​ទាំងនោះ​ បានគម្រាមកំហែង​និងយកគ្រឿងចក្រមកឈូសឆាយដីដំណាំរបស់ពលរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

អ្នកស្រីបន្ថែម៖ «កន្លងមកអភិបាលស្រុក និងអភិបាលខេត្ត​ បាន​ចេញលិខិតមួយ​ដោយហាមមិនឲ្យភាគីណាចុះទៅធ្វើអ្វីលើដីនោះទេ ដោយរងចាំការដោះស្រាយ​នៅមុនពេលរដូវធ្វើស្រែចំការ។ ប៉ុន្តែ អីឡូហ្នឹង ចូលដល់រដូវធ្វើស្រែហើយ នៅតែអត់ដោះស្រាយឲ្យពួក​ខ្ញុំដដែល ហើយល្ងរ សណ្តែក​ពួកខ្ញុំខូចអស់ហើយៗ ប្រជាពលរដ្ឋបង្ខំចិត្តធ្វើដាក់ទៅខេត្តទៀត គេនៅតែអត់ដោះ ស្រាយឲ្យទៀត។ បើមិនឲ្យប្រជាពលរដ្ឋធ្វើប្រជាពលរដ្ឋបានអីហូបដាច់ពោះស្លាប់ហើយដោយ សារអត់ដីធ្វើស្រែហ្នឹង​ហើយម្នាក់ៗជំពាក់លុយអង្គការហើយបើមកហាមឃាត់អត់ពលរដ្ឋបាន លុយសង់អង្គការ»។

អ្នកស្រីបន្តថា កន្លងមកប្រជាពលរដ្ឋ ធ្លាប់រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត ក្រសួង​រៀប​ចំ​ដែន​ដី ក្រសួងការពារជាតិ​ និងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី​ ប៉ុន្តែអ្នកស្រីថា រហូតមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយឡើយ។

មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តីគឺ លោក គង់ ចំរើន បាន​ទទួលញត្តិពីប្រជាពលដ្ឋម្តងទៀត ប៉ុន្តែលោកមិនឲ្យអ្នកសាព័ត៌មានចូលសួរ ពេលដែលលោកកំពុងធ្វើការនោះទេ។

វីអូឌីមិនអាចសុំការឆ្លើយតបពីភាគីទាហានបានទេចំពោះការចោទប្រកាន់នេះ។

កន្លងមកមេឃុំ ឃ្លាំងមាស ក្នុងស្រុកបវិលលោក ប៉ិន សម្បត្តិ ធ្លាប់ប្រាប់វីអូឌីថា ករណីជម្លោះ​នេះ លោកមិនមានសមត្ថភាពក្នុងការដោះស្រាយឡើយ ដោយ​លោក បង្វែរឲ្យទៅសួរអាជ្ញាធរខេត្តវិញ។

អភិបាលខេត្តបាត់ដំបងលោក ច័ន្ទ សុផល ប្រាប់វីអូឌីថា អាជ្ញាធរខេត្តកំពុងតែធ្វើការដោះស្រាយ ហើយ ប៉ុន្តែលោកសុំឲ្យភាគីជម្លោះទាំងពីរត្រូវយោគយល់ឬសម្បទានឲ្យគ្នាខ្លះដើម្បីឆាប់បាន ដំណោះស្រយ។

លោកបន្ថែមថា៖ «បញ្ហានេះខាងយើងកំពុងធ្វើការដោះស្រាយ ហើយជិតត្រូវគ្នា ហើយពួកខ្ញុំដឹង ថាបញ្ហានេះ កើតយូរហើយៗ ពួកយើងខំដោះស្រាយ ហើយដូចលោកបានជ្រាប ហើយទំនាស់ របៀបនេះ​ទាល់តែភាគីទាំងសង់ខាង​ចេះលះបង់ខ្លះ មកខាងនោះលះបង់ខ្លះ មកនោះទើបអាច ឆាប់ត្រូវគ្នា»។

បើតាមអះអាងរបស់ពលរដ្ឋឲ្យដឹងថា ដីដែលពលរដ្ឋមានជម្លោះជាមួយទាហាននោះ មានទំហំសរុប១៥២ហិកតា និងមានពលរដ្ឋ៥៩គ្រួសារក្នុងនោះ​មានពលរដ្ឋ​មកពីស្រុកបាណន់ចំនួនផងដែរ ដោយក្នុងមួយគ្រួសារមានដីចន្លោះ​ពី៣ទៅ៤ហិកតាប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ