រដ្ឋាភិបាលប្រកាសថា ការិយាល័យធ្វើលិខិតឆ្លងដែន នឹងត្រូវបង្កើតឡើង៣ខេត្តទៀត ចាប់ពីថ្ងៃទី៦ខែមិថុនាទៅ ដោយថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ។
លិខិតជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៧ម្សិលមិញ លើកឡើងថា រដ្ឋាភិបាលសម្រេចដាក់ឲ្យដំណើរការសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីនៅឃុំអន្លង់វិល ខេត្តបាត់ដំបង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
រដ្ឋាភិបាលបញ្ជាក់ថា រយៈពេលនៃការធ្វើលិខិតឆ្លងដែន ក៏ត្រូវកែសម្រួលដែរ សេវាឆាប់រហ័សរយៈពេល១ថ្ងៃ(គិតថ្ងៃធ្វើការ)នៅភ្នំពេញ ៣ថ្ងៃនៅសាខាតាមខេត្ត។ សេវាឆាប់រហ័សកំរិតមធ្យម ពី១០ថ្ងៃ មកត្រឹម៧ថ្ងៃ សេវាធម្មតា ពី២០ថ្ងៃ មកត្រឹម១៥ថ្ងៃ ចំណែកតម្លៃអាករលិខិតឆ្លងដែនធម្មតាគំរូថ្មី និងកម្រៃសេវារដ្ឋបាលនៅរក្សាដដែល។