សហ​រដ្ឋអាមេរិ​កជំរុញ​រដ្ឋាភិបាលបើកសិទ្ធិឲ្យអតីតថ្នាក់ដឹកនាំ​CNRPបាន​ឈរឈ្មោះបោះឆ្នោត​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញការសោក​ស្តាយ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​សមាជិក​បក្ស​ប្រឆាំង​កាល​ពី​កន្លងមក​ និង​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជាអនុញ្ញាតឲ្យ​បេក្ខ​ជន​តំណាង​រាស្ត្រ​បក្សប្រឆាំងមាន​បេក្ខ​ភាព​ជាថ្មី​ម្តង​ទៀតដែល​អាច​​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខបាន។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះថ្ងៃ​ទី​១៧ ឧសភា ម្សិល​មិញរដ្ឋាភិបាល​អាមេរិកលើកឡើងថា ការស​ម្រេចហាម​ឃាត់​មនុស្ស​សំខាន់នៃ​គណបក្សសង្គ្រោះ​ជាតិពី​ការ​បោះឆ្នោត​ខែ​កក្ក​ដា​ខាង​មុខ ជា​ការ​រារាំង​ដល់​អ្នក​បោះឆ្នោត​រាប់​លាន​នាក់​មិន​ឲ្យប្រើ​សិទ្ធិ​ប្រជា​ធិបតេយ្យដើម្បីជ្រើ​សរើស​បេក្ខជនដែល​ខ្លួន​ពេញចិត្ត​ និង​ធ្វើ​ឲ្យ​​មាន​ចម្ងល់​ពីភាព​ត្រឹមត្រូវ​នៃ​ដំណើរ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​ផងដែរ។​

គណបក្សសង្គ្រោះជាតិដែលមានអ្នកបោះឆ្នោតគាំទ្រជិត​ ៣ លាននាក់ កាលពីឆ្នាំ២០១៣ ត្រូវបានតុលាការ​កំពូល​រំលាយ​កាល​ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែល​​មេដឹកនាំអតីតគណបក្សប្រឆាំង គឺលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួន​មក​ដល់​ពេលនេះ ក្រោម​ការ​​ចោទថា «ក្បត់ជាតិ»។ លើស​ពីនេះ​ទៀត​សមាជិក​ជាន់​ខ្ពស់នៃ​បក្ស​នេះ​ចំនួន ១១៨​រូប​ក៏​ត្រូវ​បាន​តុលាការ​សម្រេច​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ​ផង​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្សប្រជា​ជន​កម្ពុជាលោក សុខ ឥសាន ថា​លោក​ក៏​​សោក​ស្តាយ​ចំពោះ​​សហរដ្ឋ​អាមេរិក​វិញផង​ដែរ​ដែល​មិន​យល់​ពីច្បាប់​កម្ពុជា ហើយ​ថា​កម្ពុជា​មិន​ដែល​រារាំង​អ្នក​ណាម្នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​នោះ​ទេ តែ​អ្នក​ទាំង​១១៨​នាក់​នោះ​ទៅ​វិញទេ​ដែល​ប្រព្រឹត្តល្មើស​និង​បាត់​បង់​សិទ្ធិ​ដោយ​ខ្លួនឯង។

ខ្ញុំ​សុំ​ជម្រាបថា​រាជ​រដ្ឋាភិបាល​ ក៏​ដូចជា​គណបក្សប្រជា​ជន​មិន​បាន​បិទ​សិទ្ធិ​គាត់​តែ ពួកគាត់​បាត់​សិទ្ធិ​ដោយ​សារ​តែ​ការ​ប្រព្រឹត្តិ​ធ្ងន់​ធ្ងរ​របស់​ពួកគាត់​តែ​ប៉ុណ្ណោះ

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្សប្រជា​ជន​កម្ពុជា

សមាជិក​អតីតបក្សសង្គ្រោះ​ជាតិលោក អ៊ូ ចាន់​រ័ត្ន មាន​ប្រសាសន៍ស្វាគមន៍​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់អាមេរិក​ទៅ លើ​បញ្ហា​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជានេះ​ ខណៈ​លោក​យល់​ថា​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពិនិត្យ​ទៅការ​សំណូម​ពរ​របស់ប្រទេស​ដទៃ​​ខ្លះ​ផង​មិន​គួរ​ណាច្រាន​ចោល​ស្ទើរ​គ្រប់​ពេល​នោះ​ទេ។

កាលណាយើង​អត់​បាន​ឆ្លើយ​តប​ទៅ​នឹងលក្ខខ័ន្ត​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការទេ រឿង​ហ្នឹងគេ​ដូរ​គោល​នយោបាយ​របស់​គេ​ហើយ​! ប្រទេស​ណា​ក៏​ដោយ គេ​តែ​ង​កែ​គោល​នយោបាយ​ការបរទេស​របស់​គេ។ កាល​ណា​យើង​អត់ឆ្លើយ​តប​ទៅ​នឹង​លក្ខខ័ន្ត​ជា​មួយ​គេ​ហ្នឹង។ ហើយ​ខ្ញុំ​យល់​ថា​ការ​បដិសេធ​នេះ​វាអត់​មាន​ចំណេញ​អី​ដល់​ប្រទេស​កម្ពុជា​ទេ គួរតែពិនិត្យ​ឡើង​វិញ នូវ​ការ​អំពាវ​នាវ​របស់​គេ​ហើយធ្វើ​យ៉ាង​មិច​សម្របសម្រួល ឬ​ធ្វើ​អ្វី​ដែល​អាច​កែ​ប្រែ​បាន​តាម​ការ​អំពាវ​នាវ​ហ្នឹងគួរទេ​ប្រឹង​ប្រែង​ធ្វើទៅ​វា​ជា​ការ​ប្រសើរ​

លោក អ៊ូ ចាន់​រ័ត្ន សមាជិក​អតីតបក្សសង្គ្រោះ​ជាតិ

លោក​បន្ថែម​ថា​ដរាប​ណាការ​បោះឆ្នោត​មិន​ទាន់​មក​ដល់​លោក​នៅ​តែ​មាន​សង្ឃឹម​ជា​និច្ច​ពី​ការ​ដែល​អាច​វិល​ត្រលប់​មក​ធ្វើ​នយោ​បាយ​ឡើង​វិញ​បាន។

អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​លោក ឯម​ សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា តាម​ស្មារតី​នៃ​កិច្ច​ព្រម​ពៀង​ក្រុង​ប៉ារីស ដែល​បាន​ដាក់​បញ្ជូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ការ​លើក​ឡើង​ពី​អន្តរជាតិទៅ​លើ​បញ្ហា​ប្រជា​ធិបតេយ្យ​​នោះ​មិន​ខុស​នោះ​ទេ។ ហើយចំពោះ​ការ​បោះឆ្នោត​ខាង​មុខ​ដែល​ពុំ​មាន​បក្ស​ប្រឆាំង ឬ​សមាជិក​បក្ស​នេះចូល​រួម​នោះ​ អាច​ធ្វើឲ្យ​អន្តរជាតិចាត់​ទុក​ថា​ជា​ការ​បោះឆ្នោត​ដែល​ពុំ​សេរី និងយុត្តិ​ធម៌បាន​

លោក​ថា៖ « ឃើញថាសហរដ្ឋអាមេរិកចាប់ផ្តើម រៀបចំតាក់តែច្បាប់រៀបចំប្រជាធិបតេយ្យនៅកម្ពុជា។ នៅប្រទេសមួយចំនួនតែ ចាប់ផ្តើមពីកម្ពុជាដែលគេអនុម័តច្បាប់ ស្នើដាក់រដ្ឋសភា ដែលបានដាក់ក្នុងក្របខ័ន្តគណកម្មការ ហើយពេលនេះគេ​​ដាក់ចូលទៅរដ្ឋសភា នេះក៏ជាវិធានការមួយទៅលើមន្ត្រីដែលពាក់ព័ន្ធ ក៏ធ្វើឲ្យខូចដល់លិទ្ធិប្រជាធិបតេយ្យ។ ហើយបើសិនវិធានការគេដាក់ទៅទៀតហើយយើងអត់ស្តាប់ផលបះពាល់អាចធ្ងន់ជាងនេះ។ អញ្ចឹងកិច្ចការហ្នឹងយើងគ្រាន់តែឃើញទិដ្ឋភាព អន្តរជាតិគេពុំទាន់ឲ្យតម្លៃទៅលើបរិយាកាសនយោយបាយនៅកម្ពុជានៅឡើយទេ»

​​បើតាម​លោក​ ឯម សុវណ្ណារ៉ា ដើម្បីដោះ​ស្រាយ​នូវ​បញ្ហា​ប្រឈម​ខាង​មុខ​នោះ​រដ្ឋាភិបាលគួ​រតែ​បកស្រាយ​ទៅកាន់​អន្តរជាតិ​ឲ្យ​បាន​ច្បាស់​ពី​ចំណាត់​ការ​របស់​ខ្លួន​កន្លង​មក​ទៅលើ​បក្សប្រឆាំង​ ដែល​មាន​ភស្ភុតាងគ្រប់​គ្រាន់​ ​រឹង​មាំ​និង​អាច​ទុក​ចិត្ត​បាន រួម​ទាំង​ច្បាប់​អន្តរជាតិ​ទទួល​ស្គាល់​ នោះ​ទើប​អាច​ធ្វើ​ឲ្យ​ស្ថាន​ការណ៍ខាង​មុខ​មាន​ភាព​ធូរ​ស្រាល​ចំពោះ​កម្ពុជា។

ដំណើរការចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​ គ.ជ.ប. បិទ​បញ្ចប់កាល​ពី​ថ្ងៃ១៤ ឧសភានេះ ដោយ​មាន​គណបក្ស​ចំនួន៨​ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ជា​ផ្លូវការ ខណៈ​សំណើ​របស់​គណបក្ស​ ១២​ទៀត​​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យពី​​ គ.ជ.ប. ប៉ុន្តែគ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ