ជើងឯក ឡុង សំណាង ប៉ះជើងចាស់ថៃ លទ្ធផលតឹងផ្អឹស

ក្នុងជំនួប​អន្តរជាតិកាលពីយប់ថ្ងៃ១៧មិថុនា កីឡាករជើងខ្លាំង ដែលត្រូវគេស្គាល់ថាគឺជាម្ចាស់ពានជើងឯកប៉ុស្ដិ៍លេខ៥ កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ លោក ឡុង សំណាង បានបើកការប្រកួតយ៉ាងស្វិតស្វាញជាមួយកីឡាករថៃ ក្រោមការរៀបចំរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍។ លទ្ធផលប្រកួតចុងក្រោយ អ្នកទស្សនាភាគច្រើនសុទ្ធតែមើលឃើញថា ម្ចាស់ជើងឯករបស់កម្ពុជា មានឱកាសវាយឈ្នះកីឡាករថៃ​ទាំងយ៉ាប់ខ្លួនខុសពីការប៉ះប្រកួតជាមួយកីឡាករបរទេសដែលគេប៉ះប្រកួតមុនៗ។

លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានថ្លែងប្រាប់ថា ដោយសារតែ ឡុង សំណាង ទើបនឹងជាប់ខ្សែក្រវាត់ទើបលោកហ៊ានផ្គូរផ្គងអោយគេប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Pravit ដែលជាកីឡាករល្អម្នាក់មកពីប្រទេសថៃ។ លោកថា ជើងខ្លាំងរូបនេះមកប្រកួតចង់រាប់ភ្លេចហើយតាំងពីពេលលោកនៅកាន់ប៉ុស្ដិ៍លេខ៥ និងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយមានកីឡាករកម្ពុជាច្រើននាក់បរាជ័យរត់មិនរួចពីស្នាដៃគេ។

ធៀបនឹងការប្រកួតជាក់ស្ដែងលោកថា កីឡាករថៃមានសមត្ថភាព និងមានប្រវត្តិប្រកួតច្រើនជាង ប៉ុន្តែកីឡាករ ឡុង សំណាង គេមានក្រេឌីតត្រង់ទើបនឹងបានទទួលពានជើងឯកក្នុងប្រភេទទម្ងន់៦០គីឡូក្រាមថ្មីៗនៅប៉ុស្ដិ៍លេខ៥។ លោកថា ជើងឯករបស់កីឡាករកម្ពុជា រូបនេះ គឺជាជ័យជម្នះកម្រមួយដោយសារតែរូបមន្តប្រកួតដែលបានរៀបចំនៅប៉ុស្ដិ៍លេ៥នោះ គឺតម្រូវអោយកីឡាកររហូតដល់៣២រូបមកពីក្លិបផ្សេងគ្នាមានចាស់មានថ្មី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដូចគ្នា ប្រកួតគ្នាចាញ់ធ្លាក់ៗនិងតម្រូវយកអ្នកឈ្នះប៉ះអ្នកឈ្នះ រហូតរកឃើញអ្នកលេខ១ចុងក្រោយអោយធ្វើម្ចាស់ពាន ដែលលោកយល់ថាជើងឯកក្នុងរូបមន្តប្រភេទនេះ គឺជាជើងខ្លាំងម្នាក់។

យ៉ាងណាមិញ លោកថាជម្រើសផ្គូរផ្គងរបស់លោកទទូលបានផ្លែផ្កា ដោយសារតែ ឡុង សំណាង ដ្បិតថាមានប្រវត្តិប្រកួតតិចជាង នៅមិនមានឱកាសឡើងប្រកួតជាមួយកីឡាករបរទេសច្រើនមែន ប៉ុន្តែនៅពេលប៉ះប្រកួតជាមួយជើងខ្លាំង Pravit គឺគេបញ្ចេញសមត្ថភាពបានល្អ។ លោកថា ការប្រកួតនៅទឹកទី១ ដល់ទឹកទី៣ សមត្ថភាពវាយលុករបស់កីឡាករទាំងពីរសុទ្ធតែវាយបំបុកគ្នាទៅវិញទៅមកញាក់សាច់ដោយសារតែភាគីខាងថៃត្រូវការរក្សាក្រេឌីត ជា​ជើងខ្លាំងចាស់វស្សា ហើយកីឡាករវ័យក្មេងកម្ពុជា ចង់រក្សាមុខមាត់ក្នុងនាមជាម្ចាស់ពានជើងឯក កុំអោយមានការរិះគន់។ លោកថា កីឡាករឡុង សំណាង ចាប់តាំងពីឡើងប្រកួតក្នុងនាមជើងឯក ទទួលជោគជ័យលើគូប្រកួតផុយៗមិនខុសពីការបកចេកនោះទេ ប៉ុន្តែសម្រាប់ការវាយប្រកួតជាមួយកីឡាករជើងចាស់ Pravit ស៊ីដាច់ទាំងស្វិតទំពារមិនចង់កើត។

ជាក់ស្ដែងក្នុងទឹកទី៣ អ្នកណាក៏ឃើញនោះដែរ ថាកីឡាករបង្គោលខៀវរបស់ថៃ វាយផង ទាត់ផង ប៊ិះនឹងធ្វើអោយបង្គោលក្រហមរបស់កម្ពុជាដួលខ្ពក និងត្រូវរាប់វិញលើរេញ។ លោកថា កីឡាករកម្ពុជាទើបតែមានសំណាងវាយកែង និងធាក់សើយផ្ទៃមុខម្ដងហើយម្ដងទៀតនៅទឹកទី៤ប៉ុណ្ណោះ ទើបបណ្ដាលអោយថៃប្រែជាបែកសមាធិ ហើយដួលលើរេញរាប់ដល់១០បញ្ចប់ការប្រកួតតែម្ដង។ លោកនៅតែចាត់ទុកថាកីឡាករកីឡាករថៃ បោះបង់ការប្រកួតលើរេញដោយសារតែ ឡុង សំណាង មានសំណាងវាយត្រូវចំណុចសំខាន់ច្រើនជាងបច្ចេកទេស ដោយសារតែថៃគឺជាកីឡាករល្អម្នាក់។ ប៉ុន្តែលោកក៏ចាត់ទុកថា ម្ចាស់ពានជើងឯករូបនេះនៅតែមានក្រេឌីតក្រោយពីជាប់ក្នុងបញ្ជីជាជើងខ្លាំងនៅក្នុងវិស័យប្រដាល់ផងដែរ ទើបប៉ះជើងខ្លាំងដូច Pravit គឺនៅតែធ្វើបានសម្រេច។ លោកទទូចអោយ ឡុង សំណាង ប្រឹងប្រែងហ្វឹកហាត់ក្រោយការប្រកួតឈ្នះ ដោយសារតែលោកនឹងដាក់អោយកីឡាករថៃឡើងប្រកួតសងសឹកក្នុងពេលដ៏ខ្លី ដើម្បីអោយអ្នកទស្សនាអស់ចិត្តថាជ័យជម្នះដែល ឡុង សំណាង ទទួលបានទាំងតឹងនោះជាសមត្ថភាពពិតប្រាកដ ឬគ្រាន់តែជារឿងភ្លាត់ស្នៀតរបស់កីឡាករថៃ។

លោក ថៃ អ៊ូ អ្នក​​រៀបដឹកនាំកីឡាករថៃអោយមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នៅតែយល់ថា បើកីឡាកររបស់លោកមិនភ្លាត់ត្រូវប៉ុន្មានជើង និងប៉ុន្មានកែង ក៏មិនអាចនឹងបោះបង់ការប្រកួតនោះដែរ។ លោកនៅបន្តយល់ថា បើការប្រកួតបន្តដល់ទឹកទី៥ គឺកីឡាកររបស់លោកនឹងឈ្នះច្រើនជាងនោះផង ដោយសារតែសមត្ថភាពវាយចេញរបស់កីឡាករ Pravit លោកថា ត្រូវចំកន្លែងសំខាន់ៗច្រើនជាង។ លោកថា កីឡាកររបស់លោកប្រាកដជាសងសឹកមួយរយភាគរយនោះហើយ ដោយសារតែគេក៏មិនអស់ចិត្តដូចគ្នាសម្រាប់ការប្រកួតចាញ់ក្រោមដៃកីឡាករវ័យក្មេងកម្ពុជាក្នុងទឹកទី៤ បើទោះជាឡុង សំណាងមានឈ្មោះថាជាជើងឯករបស់ប៉ុស្ដិ៍លេខ៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ