អគ្គស្នងការនគរបាលជាតិថា សកម្មភាព K01 លើដងផ្លូវខុសច្បាប់

រូបភាពលោកK01 (ប្រភព៖ Facebook)

អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ចាត់​ទុក​សកម្មភាព​របស់​បុរស​ម្នាក់​​រហស្ស​នាម K01 ថា ជា​ទង្វើ​ខុស​ច្បាប់ ដោយ​ថា បុគ្គល​រូប​នេះ និង​ក្រុម​របស់​គាត់ ពុំ​មាន​សិទ្ធិ​អំណាច​ដោះ​ស្រាយ​សណ្ដាប់​ធ្នាប់​ចរាចរណ៍​នោះ​ឡើយ។

អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ប្រកាស​ដូច្នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​នៃ​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ ប៉ុន្តែពុំ​បាន​បញ្ចេញ​ឈ្មោះ​មន្ត្រី​នគរបាល​រូប​នោះ​ឡើយ។

នៅ​ក្នុង​សារ​នោះ អគ្គ​ស្នងការ​នគរ​បាល​ជាតិ បាន​បញ្ជាក់​ថា តាម​ផ្លូវ​ច្បាប់ បុរស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា K01 នោះ ពុំ​មាន​នីតិ​សម្បទា ឬ​លក្ខណៈ​សម្បត្តិ​ស្រប​តាម​ច្បាប់ សម្រាប់​ដោះ​ស្រាយ​សណ្ដាប់​ធ្នាប់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​នោះ​ទេ។

បុរស​រហស្សនាម K01 ដែល​ជា​និពន្ធ​នាយក​អង្គភាព​សារព័ត៌មាន​កម្លាំង​មនុស្ស​ធម៌ បាន​ឃាត់​ដំណើរ​ និង​ផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក នូវ​អ្នក​បញ្ជា​យាន​ជំនិះ​ជាច្រើន ដែល​បាន​បើក​បរ​បញ្ច្រាស​ទិស​សញ្ញា​ចរាចរណ៍ នៅ​លើ​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ។

សកម្មភាព​របស់​បុរស​រហស្សនាម K01 ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​រិះ​គន់ និង​ចោទ​សួរ​ថា តើ​បុរស​ម្នាក់​នោះ មាន​សិទ្ធិ​អ្វី​ទៅ​ឃាត់​យាន​ជំនិះ​ប្រជា​ពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ។

អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់​ថា មាន​តែ​កម្លាំង​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ឃាត់ និង​បញ្ជា​យាន​យន្ត​នៅ​លើ​ដង​ផ្លូវ។

ជាង​នេះ​ទៅ​ទៀត ស្នងការ​នគរបាល​ជាតិ បាន​ចាត់​ទុក​សកម្មភាពរបស់​បុរស​រហស្សនាម K01 ថា ធ្វើ​ឡើង​ដើម្បី​ប្រជា​ប្រិយភាព និង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ