រដ្ឋាភិបាលផ្លាស់ប្ដូរអភិបាលខេត្ត-រាជធានី ៤រូប មានទាំងស្ត្រីម្នាក់ជាលើកដំបូង

អភិបាល​រាជ​ធានី និង​ខេត្ត​ចំនួន ៤ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ផ្លាស់​ប្ដូរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្នុង​នោះ​ក៏​មាន​ស្ត្រី​ម្នាក់​ផង​ដែរ ដែល​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​រដ្ឋាភិបាល​បាន​សម្រេច​តែង​តាំង​ស្ត្រី​ជា​ចៅហ្វាយ​ខេត្ត។

ក្នុង​ព្រះ​រាជ​ក្រឹត្យ​ដាច់​ដោយ​ឡែក​ពី​គ្នា ប៉ុន្តែ​ ចុះ​ថ្ងៃ​ទី​១៧ ខែ​មិថុនា​​ដូច​គ្នា ព្រះ​មហាក្សត្រ ព្រះ​បាទ នរោត្ដម សីហមុនី បាន​ត្រាស់​បង្គាប់​តែង​តាំង​អភិបាល​រង​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង ជា​អភិបាល​រាជ​ធានី​ភ្នំពេញ អតីត​​អភិបាល​ខណ្ឌ​​ដូនពេញ លោក គួច ចំរើន ទៅ​ជា​អភិបាល​ខេត្ត​កំពង់ចាម អភិបាល​រង​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ទៅ​ជា​អភិបាល​​ខេត្ត​កោះកុង និង​អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ លោក លី ឡេង ទៅ​​ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្នុង​ព្រះ​រាជ​ក្រឹត្យ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃម្សិលមិញ​នេះ​ដែរ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ ​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ និង​​អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លើត ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​តែងតាំង​ជា​ទីប្រឹក្សា ដោយ​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋ​មន្ត្រី។

ក្រោយ​ពី​ព្រះ​រាជក្រឹត្យ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួច​មក អ្នក​ស្រី មិថុនា ភូថង ដែល​ជា​កូន​ស្រី​របស់​អតីត​ចៅហ្វាយ​ខេត្ត​កោះកុង លោក យុទ្ធ ភូថង នោះ បាន​ក្លាយ​ជាស្ត្រី​កម្ពុជា​ដំបូង​គេ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​តែង​តាំង​ជា​ចៅហ្វាយ​ខេត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ