វៀតណាម​ថា​ កម្ពុជា​អនុញ្ញាត​ឲ្យ​សមាគម​វៀតណាម​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​

ប្រធានសមាគមខ្មែរ-វៀតណាម លោក Chau Van Chi ប្រគល់ត្រានិងលក្ខន្តិកៈដល់សមាជិកសាខាតាមខេត្ត ក្រុងនានា (រូបថតៈ VOV)

សារព័ត៌មានវៀតណាមចុះផ្សាយថា រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យសមាគមវៀតណាមមួយ ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយថា ដើម្បីប្រមូលផ្ដុំពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជាដើមកំណើតវៀតណាម។

សារព័ត៌មាន VietnamPlus បានចុះផ្សាយកាលពីម្សិលមិញថា “សមាគមខ្មែរ-វៀតណាមនៅកម្ពុជា” ត្រូវបានក្រសួងមហាផ្ទៃយល់ព្រមឲ្យចុះបញ្ជី និងដំណើរការក្នុងប្រទេសកម្ពុជា ស្របទៅតាមច្បាប់អង្គការ សមាគម និងច្បាប់ពាក់ព័ន្ធផ្សេងៗរបស់កម្ពុជា ព្រមទាំងលក្ខន្ដិកៈរបស់សមាគម ដែលតម្កល់នៅក្រសួងមហាផ្ទៃ។

បើតាមរបស់សារព័ត៌មានដដែល​នេះ សមាគមវៀតណាមមួយនេះ នឹងជួយលើកកម្ពស់វប្បធម៌ និងច្បាប់កម្ពុជា និងជួយជំរុញការងារមនុស្សធម៌ និងលុបបំបាត់អនក្ខរភាពជាមួយរដ្ឋាភិបាលកម្ពុជា ខណៈ​ដែល​សមាគម​វៀតណាម​មាន​ការិយាល័យកណ្ដាល​នៅ​រាជ​ធានី​ភ្នំពេញ និង​សាខាចំនួន ២៥ នៅតាមបណ្ដាខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា។

តាមប្រភពដដែល ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា លោក Chau Van Chi អះអាងថា​ សមាគមនេះមានគោលដៅលុបបំបាត់ការរើសអើងពូជសាសន៍ និងសាសនា និងស្វែងរកផលប្រយោជន៍សម្រាប់សមាជិកក្នុងសមាគមនេះ។

VOD បានទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភក្រ ប៉ុន្ដែ លោកសុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ។

អ្នក​តាម​ដាន​នយោបាយ​លោក ឯម សុវណ្ណារ៉ា ចាត់ទុកសេចក្ដី​សម្រេច​ថ្មី​នេះ​ថា ជារឿង​ល្អ ប៉ុន្តែ លោក​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ចុះ​បញ្ជី​អង្គការ​សមាគម​ទាំង​នោះ​ប្រកប​ដោយ​តម្លាភាព។

ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច​ជូនដំណឹងទៅសមាគមវៀតណាម វាខុសពាក់ព័ន្ធទៅនឹងអង្គការ​សមាគមមួយចំនួនដែលក្រសួងមហាផ្ទៃមិនបានជូនដំណឹងទៅទេ ហើយពុំបានផ្ដល់សិទ្ធិអាជ្ញាប័ណ្ណ​ឲ្យធ្វើសកម្មភាពនៅកម្ពុជា ដូចយើងមើលកាលពីឆ្នាំមុនៗអង្គការ NDI យើងអត់ឃើញ​អាជ្ញាធរមាន​សមត្ថកិច្ចជូនដំណឹងថាយ៉ាងម៉េចៗទេ ហើយស្រាប់តែ យើងមិនផ្ដល់សិទ្ធិឲ្យគេ ហើយយើងមិនបក​ស្រាយថា តើហេតុអ្វីបានយើងមិនឲ្យគេសុំសិទ្ធិធ្វើការនៅកម្ពុជាយើង។ អាហ្នឹង វាខុសគ្នា វាហាក់ដូចជាអត់មានភាពស្មើគ្នា ចំពោះសមាគមអង្គការក្រៅរដ្ឋាភិបាលនានា ដែលមកធ្វើសកម្មភាពនៅកម្ពុជា

អ្នក​តាម​ដាន​នយោបាយ​លោក ឯម សុវណ្ណារ៉ា 

បើ​តាម​សារព័ត៌មាន​វៀតណាម រដ្ឋាភិបាលកម្ពុជា បាន​អនុញ្ញតឲ្យ «សមាគមខ្មែរ-វៀតណាមនៅកម្ពុជា» (KVA) ចុះឈ្មោះក្នុងបញ្ជីសមាគម​នៅក្រសួងមហាផ្ទៃដោយជំនួសឲ្យឈ្មោះចាស់ «សម្ព័ន្ធសមាគមខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា» ដែលសមាគមនេះ ត្រូវបានបង្កើតតាំងពីឆ្នាំ២០០៣មកម៉្លេះ។

ទោះជាយ៉ាងណា ការសម្រេចចុះបញ្ជីសមាគមខ្មែរ-វៀតណាមនៅកម្ពុជានេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាធ្វើកែប្រែច្បាប់ស្ដីពីសញ្ជាតិថ្មី៕

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថតរូបជាមួយតំណាងសាខាសមាគមខ្មែរ-វៀតណាម (រូបថតៈ TTXVN)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ