សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើចិនដោយដំឡើងពន្ធចំនួន២៥% លើទំនិញជាង៨០០ប្រភេទដែលមានទឹកប្រាក់ប្រមាណ៥០ប៊ីលានដុល្លារ។ មូលហេតុនៃការដាក់ទណ្ឌកម្មនេះ ដោយសារអាមេរិកចោទថា ចិនគឺជាចោរលួចកម្មសិទ្ធិបញ្ញា ឬ លួចចម្លងម៉ាកផលិតផលរបស់អាមេរិក។ ទណ្ឌកម្មនេះចាប់ផ្តើមអនុវត្តពីថ្ងៃទី៦ខែកក្កដា។
ជាការសងសឹកភ្លាមៗចិនបានប្រកាសដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិកវិញ ក្នុងការដំឡើងពន្ធលើទំនិញចំនួន៦៥៩ប្រភេទ ដែលមានទឹកប្រាក់៥០ប៊ីលានដុល្លារដែរ។ កាលបរិច្ឆេទនៃការអនុវត្តទណ្ឌកម្មនេះក៏ចាប់ផ្តើមនៅថ្ងៃទី៦ខែកក្កដាដែរ។
សហរដ្ឋអាមេរិកបានព្រមានទៀតថា បើចិនហ៊ានធ្វើសកម្មភាពសងសឹកនោះ អាមេរិកអាចនឹងដាក់ទណ្ឌកម្មលើប្រភេទទំនិញផ្សេងៗដែលមានទំហំទឹកប្រាក់ប្រមាណ១៦ប៊ីលានដុល្លារបន្ថែមទៀត។
សមាគមឧស្សាហកម្មផលិតផលពាក់កណ្តាលសម្រេច ដែលតំណាងឲ្យក្រុមហ៊ុនធំៗផលិតគ្រឿងបន្លាស់ដូចជា ក្រុមហ៊ុនIntelនិង Qualcomm បានថ្លែងថា ពេលនេះពួកគេកំពុងតែស្វែងរកការអន្តរាគមន៍ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិចារណាឡើងវិញ ចំពោះការដំឡើងពន្ធសម្ភារកុំព្យួទ័រដែលនាំចូលពីចិន។
ចំណែក្រុមហ៊ុនចិន ZTE ផលិតឧបករណ៍ទូរសព្ទនិងទូរគមនាគមន៍ផ្សេងៗទៀត ដែលក្រុមហ៊ុននេះមានការសហការពីក្រុមហ៊ុនអាមេរិកនោះថ្មីៗនេះ មានការហាមនាំទំនិញចូលអាមេរិក ខណៈកិច្ចព្រមព្រៀងសហការគ្នានៅតែមាន ដែលបញ្ហានេះត្រូវប្រឈមដោះស្រាយតាមបញ្ហាផ្លូវច្បាប់។
មូលហេតុដែលអាមេរិកហាមឃាត់ក្រុមហ៊ុនZTEមិនឲ្យនាំទំនិញចូលអាមេរិកដោយលើកហេតុផលថា ដោយសារឧបករណ៍ទាំងនោះមានការគំរាមកំហែងដល់សន្តិសុខ។
សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី១ ហើយចិនមានសេដ្ឋកិច្ចរីកចម្រើនលំដាប់លេខ២នៅលើពិភពលោក។ ប៉ុន្តែទំនាក់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរគឺ អាមេរិកនាំទំនិញទៅចិនតិចជាងការនាំចូល។
របាយការណ៍របស់ការិយាល័យវិភាគសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០១៧បង្ហាញថា អាមេរិកនាំទំនិញលក់ឲ្យចិនមានតែ១៨៧ប៊ីលានដុល្លារ ប៉ុន្តែនាំចូលពីចិនមានទំហំទឹកប្រាក់រហូតដល់៥២៤ប៊ីលានដុល្លារ។
ដោយសារប្រទេសទាំងពីរមានទំហំសេដ្ឋកិច្ចធំ ហើយមានដៃគូពាណិជ្ជកម្មច្រើននៅលើពិភពលោក ដូច្នេះការប៉ះពាល់នេះ មិនមែនតែប្រទេសទាំងពីរនោះទេគឺ បណ្តាប្រទេសដែលពាក់ព័ន្ធផ្សេងទៀតក៏អាចមុខខ្លាំងដែរចំពោះសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរនេះ។
បើទោះជាកាលបរិច្ឆេទនៃការដាក់ទណ្ឌកម្មមិនទាន់ដល់ក៏ដោយ ដំណឹងនៃការប្រកាសនេះ ត្រូវសារព័ត៌មានអន្តរជាតិធំៗលើពិភពលោកចុះផ្សាយ ធ្វើឲ្យមានការចាប់អារម្មណ៍ច្រើន ហើយទីផ្សារភាគលើពិភពលោកក៏ចាប់ផ្តើមធ្លាក់ចុះដែរ។
ទោះយ៉ាងណាមិនទាន់មានការសនិ្ឋដ្ឋានណាមួយ ចំពោះស្ថានភាពនៃការដាក់ទណ្ឌកម្មមកដល់នៅថ្ងៃទី៦ខែកក្កដាថា នឹងអាចមានអ្វីកើតឡើងនោះទេ។