រដ្ឋសភា​រុញ​សំណើ​លើកអភ័យឯកសិទ្ធិ​តំណាង​រាស្រ្ត​បក្ស​ប្រឆាំងទៅ​គណៈកម្មការ​ទី៦

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកនេះ បានសម្រេចបញ្ជូនសំណើលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួនពីររូប ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាដើម្បីធ្វើការសិក្សា។

នៅព្រឹកថ្ងៃចន្ទនេះ រដ្ឋសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈចំនួន៨ ដោយមានការចូលរួមពីតំណាងរាស្រ្តពីររូបមកពីគណបក្សសង្គ្រោះជាតិ។ ក្នុងរបៀបវារៈទាំង៨ របៀបវារៈទី១គឺការពិនិត្យលើសំណើសុំរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំលើកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ២រូបគឺ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងក្នុងសន្និសីទក្រោយបញ្ចប់កិច្ចប្រជុំថា គណៈកម្មាធិការអចិន្ត្រៃយ៍ បានបញ្ជូនសំណើរសុំលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់គណបក្សប្រឆាំង២រូប របស់ក្រសួងយុត្តិធម៌ ឲ្យគណៈកម្មការទី៦ ពន្យល់ដល់ក្រសួងយុត្តិធម៌ និងតុលាការ។

លោកមានប្រសាសន៍បន្ថែមថា៖ រដ្ឋសភាស្ថិតនៅក្នុងវិស្សមកាលដូច្នេះមិនអាចប្រជុំបានទេ ហើយក៏ជាឱកាសដែលទុកជូនគណៈកម្មកាជំនាញសិក្សាអំពីការសុំលើកអភ័យឯកសិទ្ធិនេះ គឺបានសេចក្តីថាគណៈកម្មាធិការអចិន្ត្រៃយ៍បានបញ្ជូនសំណើនេះទៅជូនគណៈកម្មការទី៦ដើម្បីសិក្សា ស្រាវជ្រាវពិនិត្យហើយធ្វើរបាយការណ៍បញ្ជូនមកគណៈកម្មាធិការអចិន្រៃ្តយ៍វិញ ដូច្នេះមិនទាន់បានសម្រេចបញ្ហាហ្នឹងទេ។

តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលបានចូលរួមក្នុងកិច្ចប្រជុំ លោក យ៉ែម បុញ្ញឬទ្ធិ មានប្រសាសន៍ថា តំណាងគណបក្សយល់ស្របចំពោះការបញ្ជូនសំណើទៅគណៈកម្មការទី

លោកមានប្រសាសន៍បន្ថែមថា៖ យើងបានសិក្សាជជែកពិភាក្សាគ្នាហើយផ្តល់មតិយោបល់គ្នាទៅវិញទៅមក ហើយគណៈកម្មាធិការអចិន្ត្រៃយ៍យល់ឃើញថានីតិវិធីដែលត្រូវធ្វើបន្តគឺប្រគល់កិច្ចការនេះជូនទៅគណៈកម្មការទី៦លោកធ្វើការសិក្សាពិនិត្យបន្ថែម ហើយក្រោយមកត្រូវរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៅពេលក្រោយ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍នឹងរៀបចំធ្វើសេចក្តីសម្រេចយ៉ាងណានៅពេលខាងមុខ និងដាក់ចូលជារបៀបវារៈចូលទៅប្រជុំពេញអង្គនោះជាការងារបន្ត ហើយចំពោះរបៀបវារៈទី១នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ទាំង១៣រូបគឺបានឯកភាពគ្នាយ៉ាងដូច្នេះ។

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងយុត្តិធម៌ បានបញ្ជូនសំណើរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលស្នើឱ្យរដ្ឋសភាលើកអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តគណបក្សប្រឆាំង២រូប ក្នុងនោះមាន លោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តខេត្តបាត់ដំបង ដើម្បីឱ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់ ដោយសង្ស័យថា បានប្រព្រឹត្តបទល្មើសសញ្ចារកម្ម ក្នុងការនាំកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ទៅឱ្យលោក កឹម សុខា នៅប្រទេសថៃ តែលោកមិនបានចូលខ្លួនតាមការកោះហៅនោះទេ។ ទោះជាយ៉ាងណា តុលាការមិនទាន់ចោទប្រកាន់ តំណាងរាស្រ្តទាំង២រូបនេះនៅឡើយទេ ដោយសារតែមានអភ័យឯកសិទ្ធិការពារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ