អាជ្ញាធររឹបអូសបាយម្ហូបរបស់សកម្មជនអាវខ្មៅដែលសុំដោះលែងអ្នកជាប់ឃុំ

សកម្មជន​នៅតំបន់​បុរី​កីឡា (ដោយ ណាត សុភាព)

អាជ្ញាធររាជធានីភ្នំពេញបានរឹបអូសយកបាយម្ហូបនិងសំភារៈតវ៉ារបស់សកម្មជននៅតំបន់បុរីកីឡា ខណៈអ្នកពាក់អាវខ្មៅទាំងនោះគ្រោងចេញតវ៉ានៅមុខតុលាការដែលបើកសវនាការលើលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។

សកម្មជនតំបន់បុរីកីឡា អ្នកស្រី ស ស៊ន ប្រាប់VODតាមទូរស័ព្ទថា កម្លាំងសមត្ថកិច្ចបានរឹបអូសយកបាយមួយឆ្នាំងលេខ១០និងម្ហូបអាហារមួយស្រាក់ រួមទាំងទឹកសុទ្ធ៤យួរនិងហែកបដារបស់អ្នកតវ៉ាចោល។ អ្នកស្រីបន្តថា ក្រោយពីសមត្ថកិច្ចរឹបអូសសំភារៈទាំងនោះ សកម្មជនអាវខ្មៅជិត១០នាក់បាននាំគ្នាទៅសុំយកសំភារៈទាំងនោះពីអាជ្ញាធរខណ្ឌ៧មករាវិញ តែអាជ្ញាធរមិនព្រមប្រគល់ឲ្យវិញទេ ដោយថារក្សាទុករហូតដល់ម៉ោង៤រសៀល។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា បើទុករហូតដល់ពេលរសៀលនោះធ្វើឲ្យម្ហូបអាហាររបស់គាត់ត្រូវផ្អូមអស់។

អ្នកស្រី ស ស៊ន ហៅការរារំាងរបស់អាជ្ញាធរមកលើពួកគេនិងដកហូតឆ្នាំបាយរួមទំាងម្ហូបថាបំពានច្បាប់។ អ្នកស្រីបន្តថា៖ “នៅក្នុងរដ្ឋធម្មនុញ្ញច្បាប់មាត្រា៣១ ច្បាប់ប្រជាពលរដ្ឋអាចមានសិទ្ធិគឺការតស៊ូមតិ មានសិទ្ធិជួបជុំគ្នា ហើយពួកមីងមានតែ៥-៦នាក់ទេ មិនគួរណាគាត់ដាក់កម្លំាងដូចក្មួយឃើញស្រាប់ហើយវាលើសលុប ពួកមីងមានអ្វីទៅតទល់ជាមួយគាត់បាតដៃទទេ

ទោះជាយ៉ាងណាម៉ោងប្រហែល១០ព្រឹកនេះ អជ្ញាធរខណ្ខ៧មករាបានប្រគល់សំភារៈមកឲ្យអ្នកបុរីកីឡាវិញហើយ ខណៈតុលាការលើកពេលសវនាការលើលោក នី ចរិយា។

អតីតអ្នកបឹងកក់ដែលចូលរួមជាមួយសហគមន៍បុរីកីឡានៅព្រឹកថ្ងៃចន្ទនេះ អ្នកនាង អ៊ឺម ស្រីទូច បានឲ្យដឹងដែរថា នៅពេលតវ៉ា ប៉ូលីសម្នាក់បានធាក់គាត់មួយជើងចំពីក្រោយខ្នង រួចដើរគេចខ្លួនភ្លាមៗនៅកន្លែងតវ៉ា។ អ្នកនាងបន្ថែមថា៖ “ខ្ញុំមើលឃើញថាអាជ្ញាធរមានតួនាទីការពារប្រជាពលរដ្ឋតែហាក់បីដូចជាភ្លេចតួនាទី គាត់បែរជាប្រើហិង្សា គឺមានតែការចង់សម្លាប់ប្រជាពលរដ្ឋស្រស់ៗតែម្តង

VOD មិនទាន់សុំការបំភ្លឺពីអភិបាលខ័ណ្ឌ៧មករា លោក លឹម សុភា បានទេ។ ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឃួង ស្រេង នៅពេលអ្នកសារព័ត៌មានសួរថា តើហេតុអ្វីបានជាអាជ្ញាធរនិងសន្តិសុខខណ្ឌ៧មករា រារំាងប្រជាពលរដ្ឋមិនឲ្យយកបាយទៅហូបនៅមុខសាលាដំបូងរាជធានីភ្នំពេញ? លោក ឃួង ស្រេង សុំមិនអត្ថាធិប្បាយលើករណីនេះ ដោយលោកស្នើសុំឲ្យអ្នកសារព័ត៌មាន VOD បកស្រាយលើករណីនេះជាមុនសិន។ លោកមានប្រសាសន៍ថា៖កន្លែងមូលហេតុអ្វី បានខ្ញុំសួរប្អូនឯងវិញថាអូនឯងយល់យ៉ាងម៉េច ជុំវិញបញ្ហាបើរាជធានីវាមានការគ្រប់គ្រងរបស់រាជធានីវាមានសណ្តាប់ធ្នាប់សាធារណៈ យើងត្រូវគ្រប់គ្រងឲ្យបានមិនមែនចេះតែធ្វើតាមទំនើងចិត្តទេអូន អញ្ចឹងបានខ្ញុំសួរថា អូនវិញ អូនយល់យ៉ាងណា អូនរបស់VODយល់យ៉ាងម៉េច បើប្រជាជនមួយក្រុមគាត់ធ្វើអញ្ចឹង យល់យ៉ាងម៉េច អញ្ចឹងបានខ្ញុំសួរអូន បើអូនថាអត់ដឹង ខ្ញុំក៏មិនដឹងថាម៉េចទេ

នាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម យល់ថាអាជ្ញាធររារំាងប្រជាពលរដ្ឋមិនឲ្យតស៊ូមតិជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ផ្ទុយទៅវិញលោកថា បើអាជ្ញាធរនៅតែបន្តធ្វើបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាល។ លោកបន្តថា៖បើសិនជាគាត់នៅតែបន្តសកម្មភាពអាចជ្រុលហួសហេតុមិនគោរពច្បាប់ទំលាប់បែបនេះវាមិនបង្ហាញថា ប្រជាពលរដ្ឋគាត់នៅតែបន្តទេ ហើយធាតុពិតការធ្វើនេះ ផ្ទុយទៅវិញគាត់បាត់បង់ជំនឿ ហើយនេះជាសកម្មភាពបង្ហាញឲ្យឃើញកាន់តែច្បាស់ដែលប្រជាពលរដ្ឋកន្លងមក គាត់មិនបានទុកចិត្ត ហើយសកម្មភាពហិង្សាដែលតែងតែប្រើមកលើប្រជាពលរដ្ឋ

ប្រជាសហគមន៍មានជម្លោះដីធ្លីបានធ្វើយុទ្ធនាការអាវខ្មៅនេះចំនួន១១លើកហើយ ដោយចាប់ផ្តើមតាំងពីថ្ងៃទី៩ ខែឧសភាកន្លងមក ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស៤រូប និងមន្ត្រី គ.ជ.ប ១រួប។

កាលពីសប្តាហ៍មុនសកម្មជនទាំងនោះបានធ្វើយុទ្ធាការនេះផងដែរ ហើយបង្វែរទៅរកយុត្តិធម៌ជូនលោក កែម ឡី បន្ថែមទៀត។

កាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចឃុំខ្លួនមន្រ្តីសិទ្ធិមនុស្សអាដហុក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដោយចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។ អង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លីបានហៅការឃុំខ្លួននេះជារឿងអយុត្តិធម៌ ហើយពួកគេប្រកាសធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទាឲ្យមានការដោះលែងអ្នកជាប់ឃុំ។ ការធ្វើយុទ្ធនាការកន្លងមកស្រ្តីសកម្មជនដីធ្លីទាំងនោះត្រូវបានអាជ្ញាធររារាំងនិងចាប់ខ្លួនជាបន្តបន្ទាប់ ហើយពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល៕ ដោយលោក អឹុង ប៊ុនថន និងលោក ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ