អ្នកវិភាគ៖ ការដែលរដ្ឋាភិបាលតម្លើងពន្ធ ជាយុទ្ធសាស្ត្រឈប់ពឹងជំនួយមានភ្ជាប់លក្ខខណ្ឌសិទ្ធិមនុស្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

រដ្ឋាភិបាលកម្ពុជាបានតម្លើងពន្ធរថយន្តទ្វេដងនិងតម្លៃសេវាកម្មខ្លះទៀតក៏ឡើងជិតពាក់កណ្តាល បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាមិនខ្វល់នឹងការគំរាមផ្តាច់ជំនួយពីប្រទេសលោកខាងលិច ដោយសារតែមានលក្ខខណ្ឌសិទ្ធិមនុស្ស។

តម្លៃសំបុត្រចូលទស្សនាអង្គរសម្រាប់ភ្ញៀវបរទេស ត្រូវរដ្ឋាភិបាលប្រកាសថាចាប់ពីខែកុម្ភៈឆ្នាំ២០១៧ទៅ តម្លៃសំបុត្រដែលធ្លាប់លក់២០ដុល្លារ នឹងតម្លើងដល់៣៧ដុល្លារសម្រាប់ទស្សនាមួយថ្ងៃ។ ៤០ដុល្លារ នឹងតម្លើង៦២ដុល្លារសម្រាប់៣ថ្ងៃ ចំណែករយៈ១សប្តាហ៍វិញនឹង តម្លើងពី៦០ដុល្លារទៅ៧២ដុល្លារ។

ចំណែកការបង់ពន្ធប្រចាំឆ្នាំលើមធ្យោបាយដឹកជញ្ជូនឬពន្ធផ្លូវវិញ នៅឆ្នាំ២០១៦នេះសម្រាប់រថយន្ត៣តោនដល់១០តោនត្រូវឡើងពី២៥ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ខណៈរថយន្តលើសពី២០តោន ត្រូវបង់២លានរៀល ដែលឆ្នាំ២០១៥បង់តែ៧៥ម៉ឺនរៀល។

ការប្រកាសតម្លើងពន្ធនេះ គឺស្របពេលដែលសភាអឺរ៉ុបកាលពីខែមិថុនាឆ្នាំ២០១៦បានអនុម័តលើសេចក្តីសម្រេច ជំរុញឱ្យគណៈកម្មការអឺរ៉ុបបង្កកជំនួយជាទឹកប្រាក់ប្រមាណ៤៦៥លានដុល្លារ ដែលបានសន្យាផ្តល់ដល់កម្ពុជារហូតដល់ឆ្នាំ២០២០ ដោយសហភាពអឺរុបថា បើកម្ពុជាមិនធ្វើឲ្យប្រសើរឡើងពីស្ថានភាពសិទ្ធិមនុស្ស។

ក្រោយមកសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកក៏បានស្នើឲ្យព្រឹទ្ធសភា របស់ខ្លួនពិចារណាបិទជំនួយដល់កម្ពុជា ចំនួន៧៧,៨លានដុល្លារ ដោយអាមេរិកថាបើរដ្ឋាបាលខ្មែរនៅតែមិនបញ្ឈប់ប្រើហិង្សាទៅលើអង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំង។

ក្រៅពីប្រតិកម្មថាមិនខ្វល់ពីការគំរាមផ្តាច់ជំនួយពីប្រទេសលោកខាងលិច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតម្លើងប្រាក់ខែដល់មន្ត្រីរាជការឲ្យបាន១លានរៀលនៅឆ្នាំ២០១៨ដែលជាឆ្នាំបោះឆ្នោត។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថាការតម្លើងពន្ធនៅពេលនេះលោកថា រដ្ឋាភិបាលចង់តម្លើងប្រាក់ខែមន្ត្រីរាជការឲ្យបាន១លានរៀល សម្រាប់ទាញយកសំឡេងឆ្នោតផងនិងអាចត្រៀមទប់ទល់នឹងការផ្តាច់ជំនួយពីបរទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យផងដែរ។

លោក មាស នី បន្តថាបើពិនិត្យទៅលើការប្រមូលថវិកាជាតិ រដ្ឋាភិបាលប្រមូលបានតែ៧០ភាគរយទេ នៅ៣០ភាគទៀត រដ្ឋាភិបាលត្រូវខ្ចីឬរកជំនួយពីបរទេសបន្ថែម។ ប៉ុន្តែលោកថាការចង់តម្លើងប្រាក់ខែមន្ត្រីរាជការឲ្យបាន១លានរៀល រដ្ឋត្រូវចំណាយជាង៥០០លានដុល្លារបន្ថែមលើថវិកាជាតិជាង៤ពាន់លានដុល្លារ ដែលរដ្ឋាភិបាលគ្រោងចាយឆ្នាំ២០១៦នេះ។

លោកបណ្ឌិត មាស នី វិភាគថាបើទោះបីពេលនេះមហាអំណាចចិនបានសន្យាជួយ៦០០លានដុល្លារក៏ដោយ តែលោកថាកម្ពុជាមិនអាចខ្វះជំនួយដែលមានលក្ខខណ្ឌសិទ្ធិមនុស្សនេះបានទេ។

លោកវិភាគទៀតថា បើរដ្ឋាភិបាលគិតតែតម្លើងពន្ធ ហើយភ្លេចគិតទប់ស្កាត់អំពើពុករលួយនោះ លោកថារដ្ឋាភិបាលរិតតែប្រឈមជាមួយពលរដ្ឋជាងពេលមុនៗ។

លោកថា៖ «បើកាលណាយើងតម្លើងប្រាក់សម្រាប់ទេសចរណ៍ហ្នឹងខ្ពស់ ប៉ុន្តែប្រទេសយើងល្បីខាងពុករលួយ អញ្ចឹងពួកទេសចរណ៍ខ្លះវាជៀសវាងដែរ វាថាបើវាចង់មក១ខែ វាមកតែពីរបីថ្ងៃ វាគ្រាន់តែមកឃើញកំពូល ឃើញអង្គរអីហ្នឹង វាទៅវិញហើយ វាអត់ចង់យកលុយមកបោះចោលនៅក្នុងសង្គមមួយដែលពោពេញដោយអំពើពុករលួយទេ»

លោក មាស នី ឲ្យដឹងដែរថា កន្លងទៅកម្ពុជាមិនអាចប្រកួតប្រជែងក្នុងការនាំអង្ករទៅលក់នៅក្រៅប្រទេសបាន ដោយសារតែការដឹកជញ្ជូនក្នុងស្រុកមានតម្លៃថ្លៃជាងប្រទេសជិតខាង។

អ្នកស្រាវជ្រាវរូបនោះវិភាគទៀតថាការតម្លើងថ្លៃពន្ធមួយទ្វេជាពីរនេះ នឹងជំរុញឲ្យម្ចាស់រថយន្តបន្តតម្លើងថ្លៃដឹកជញ្ជូន លោកថាផលប៉ះពាល់គឺពលរដ្ឋក្រីក្រដែលប្រើសេវាបន្ត។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី មុនគេបាញ់សម្លាប់បានប្រាប់ VOD កាលពីថ្ងៃទី៤ខែកក្កដាថា រដ្ឋាភិបាលអាចនឹងទៅអោបជើងចិន ងាកចេញពីប្រជាធិបតេយ្យ ព្រោះតែជំនួយដែលមានលក្ខខណ្ឌសិទ្ធិមនុស្សពីអាមេរិកនិងសហភាពអឺរុប ដោយលោកថារដ្ឋាភិបាលរត់លែងរួចពីយន្តការប្រជាធិបតេយ្យ។

លោកថា៖ «ហើយអ្នកដែលនៅក្រោមចិនហ្នឹង មិនដែលល្អទេ ពីស្ថានភាពពលរដ្ឋ ស្ថានភាពសិទ្ធិមនុស្ស ការរំលោភសិទ្ធិមនុស្សអីធ្ងន់ធ្ងរ។ អញ្ចឹងកាលណាមានការផ្តាច់ជំនួយអីផ្សេងៗ ការទូតបីសាចនឹងចូលមកហើយ ចូលមកជំនួស ធ្វើឲ្យពង្រឹកអាអំណាចប្រមូលផ្តុំហើយ ប៉ុន្តែជនរងគ្រោះហ្នឹងវានៅ»

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បើទោះបីរដ្ឋាភិបាលបានតម្លើងពន្ធនៅពេលនេះក៏ដោយ លោកវិភាគថារដ្ឋាភិបាលមិនអាចទៅអោបជើងមហាអំណាចចិន ហើយដកខ្លួនលែងទទួលជំនួយពីប្រទេសលោកខាងលិចដែលភ្ជាប់នឹងលក្ខខណ្ឌសិទ្ធិមនុស្សបានទេ ដោយលោកវិភាគថាជំនួយរបស់សហភាពអឺរុបនិងសហរដ្ឋអាមេរិកបានពង្រឹកទៅលើអភិបាលកិច្ច សុខភាព និងអប់រំ ដែលលោកថារដ្ឋាភិបាលខ្លួនឯងមិនទាន់ធ្វើបាន។

លោកថា៖ «អ្វីដែលខ្ញុំចង់ឃើញកម្ពុជាហ្នឹង គឺយើងត្រូវមានយន្តការនៃការប្រមូលពន្ធ យន្តការនៃការកាត់បន្ថយ ឬប្រឆាំងអំពើពុករលួយឲ្យបានពិតប្រាកដ ហើយយើងក៏ត្រូវទទួលជំនួយពីបរទេសផងដែរ ដើម្បីយកមកបង្គ្រប់ ហើយធ្វើយ៉ាងណាឲ្យចរន្តសេដ្ឋកិច្ចរបស់កម្ពុជាហ្នឹង មានដំណើរការជានិរន្តនោះបាទ»

អ្នកវិភាគអះអាងប្រហាក់ប្រហែលគ្នាថា បើរដ្ឋាភិបាលបោះបង់ប្រទេសលោកខាងលិច ហើយរត់ទៅអោបជើងមហាអំណាចចិននោះ ពួកគេថាកម្ពុជាអាចនឹងវិលទៅរករបបផ្តាច់ការដូចរបបខ្មែរក្រហមដែលកាប់សម្លាប់ខ្មែរគ្នាឯងអស់ជាង២លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ