៦សំនួរពីពិព័រណ៍​សិល្បៈ “មួយម៉ឺនអាល័យ”

កម្មវិធីពិព័រណ៍មួយម៉ឺនអាល័យជាកម្មវិធីមួយដែលធ្វើឡើងដោយយុវជនមួយក្រុមក្នុងគោលបំណងជួយផ្សព្វផ្សាយឡើងវិញនូវខ្សែភាពយន្ដខ្មែរនាទស្សវត៍ទី៦០និងមានការបង្ហាញខ្លួនពីសំណាក់តារាភាពយន្ដចាស់ៗនៅក្នុងទសវត្សនោះ។ កម្មវិធីនេះនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៩ ២០ ២១ សីហា នៅសាលមហោស្របចតុមុខ។ ខាងក្រោមនេះជាបទសម្ភាសន៍ខ្លីជាមួយនឹងលោក យាង វណ្ណី ប្រធានក្រុមព្រះសុរិយា៖

១. តើលោកបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងអ្វីដែរ?

កម្មវិធីមួយម៉ឺនអាល័យបង្កើតឡើងគឺដើម្បីប្រមូលផ្ដុំតារាភាយន្ដកាលពីទសវត្ស៦០មុនមកជួបជុំគ្នាហើយក្នុងកម្មវិធីនេះផងដែរនឹងមានបញ្ចាំងកុនសប្បុរសធម៌ ដើម្បីរៃអង្គាសថវិការជួយទៅដល់តារាភាពយន្ដចាស់ៗដែលបានចូលនិវត្ដន៍ឬបាត់បង់សមត្ថភាពនិងចង់បង្ហាញដល់យុវវ័យនាពេលបច្ចុប្បន្នឲ្យបានយល់ដឹងនិងគាំទ្រពីភាពល្បីល្បាញនៃខ្សែភាពយន្ដខ្មែរកាលពីអតីតកាល។

២. តើលោកអាចរៀបរាប់ត្រួសៗពីកម្មវិធីនេះបានដែរឬទេ?

កម្មវិធីនេះនឹងប្រព្រឹត្ដទៅរយៈពេលពីរថ្ងៃនៅថ្ងៃទី២០និង២១ ដោយនៅថ្ងៃទី២០គឺជាកម្មវិធីផ្លូវការដែលមានការអញ្ចើញចូលរួមពីឯកឧត្ដម សាយ សំអាល រដ្ឋមន្រ្ដីក្រសួងបរិស្ថាន លោកជំទាវ ភឿង សក្កណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌និងវិចិត្រសិល្ប និងបណ្ដាឥស្សរៈជនមួយចំនួនទៀត។ ដោយឡែកនៅថ្ងៃទី២១នឹងមានការបញ្ចាំងខ្សែភាពយន្ដកាលពីទសវត្សទី៦០រួមជាមួយការតាំងពិព័រណ៍ផ្សេងៗដែលទាក់ទងនឹងខ្សែភាពយន្ដ។

៣. តើលោកអាចប្រាប់បានទេ ហេតុអ្វីបានលោកបានដាក់ឈ្មោះកម្មវីធីនេះថាមួយម៉ឺនអាល័យ?

បានជាក្រុមយើងបានដាក់ឈ្មោះកម្មវិធីនេះថាមួយម៉ឺនអាល័យនេះ ដោយចង់ឲ្យប្រជាជនក៏ដូចជាយុវវ័យអាល័យនឹករលឹកទៅដល់ភាពយន្ដក៏ដូចជាបទចម្រៀង តារាសម្ដែង ការដឹកនាំកាលពីសម័យមុន។ ហើយពាក្យថាមួយម៉ឺនអាល័យមានន័យថាយើងនៅតែនឹកនៅតែអាល័យចង់ចាំពីវីរភាពរបស់តួកុនយើង ផលិតករភាពយន្ដ អ្នកដឹកនាំរឿងកាលពីសម័យមុនដែលគាត់បានបន្សល់ទុកនូវស្នាដៃល្អៗសំរាប់យើងទស្សនាទាំងអស់គ្នា។

៤. តើលោកអាចជំរាបបានទេថាលក្ខណៈពិសេសរបស់កម្មវិធីនេះគឺមានអ្វីខ្លះដែរ?

លក្ខណៈពិសេសរបស់កម្មវិធីនេះគឺមានរឿងដែលត្រូវបញ្ចាំងទាំង៣រឿងហ្នឹងដែលមានតួដែលសម្ដែងនៅក្នុងរឿងទាំង៣នេះគឺនៅមានជីវិតរស់រាន ហើយនឹងអញ្ចើញមកចូលរួមក្នុងកម្មវិធីនេះផងដែរ។ ដែលមានដូចជាលោកស្រី ពៅ ទេវី ដែលសម្ដែងក្នុងរឿងព្រះធិនវង្សនាងពៅ លោកស្រី កែវ មន្ធា សម្ដែងក្នុងរឿងគួរឲ្យចុកឈាមនិងលោកស្រី វីរៈ តារា សម្ដែងក្នុងរឿងអនអើយស្រីអន។

៥. បន្ទាប់ពីកម្មវិធីបានបញ្ចប់សព្វគ្រប់ តើលោករំពឹងទុកថានឹងទទួលបានអ្វីមកវិញដែរ?

អ្វីដែលខ្ញុំរំពឹកទុកគឺទី១ គឺផ្ដល់វត្ដមានសារជាថ្មីនៃខ្សែភាពយន្ដកាលពីទសវត្សទី៦០។ ទី២ យើងនឹងធ្វើការបង្ហាញខ្លួនតួសម្ដែងដែលអ្នកទស្សនាមិនធ្លាប់ស្គាល់។ ទី៣ គឺចង់អោយយុវវ័យរួមគ្នាធ្វើយ៉ាងណាឲ្យខ្សែភាពយន្ដរបស់យើងមានភាពល្បីល្បាញឡើងវិញ។

៦. ជាចុងក្រោយ តើលោកមានអ្វីសំរាប់ផ្ដាំផ្ញើទៅកាន់ប្រិយមិត្ដ?

ប្រសិនបើបងប្អូនចង់មកទស្សនាខ្សែភាពយន្ដទាំងនេះអាចអញ្ចើញមកទិញសំបុត្រតម្លៃ២ម៉ឺនរៀលពីថ្ងៃទី១៨ដល់ថ្ងៃទី២១នៅមហាសាលចតុមុខ រាល់ថវិកាទាំងអស់ក្រុមយើងខ្ញុំនិងយកទៅជួយដល់តារាភាពយន្ដចាស់ៗ ជាចុងក្រោយសូមសំណូមពរឲ្យយុវវ័យទាំងអស់អញ្ចើញមកទស្សនាខ្សែភាយន្ដខ្មែរយើងឡើងវិញ ដើម្បីយើងរួមគ្នាឲ្យខ្សែភាយន្ដយើងមានភាពល្បីល្បាញឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ