តុលាការប៉ាគីស្ថានបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិអតីតមេដឹកនាំយោធា មូសារ៉ាហ្វ

អតីតមេដឹកនាំយោធា ប៉ាគីស្ថាន លោក​ មូសារ៉ាហ្វ(រូបភាពពីទីភ្នាក់ងារសារព័ត៌មានAFP)

តុលាការមួយរបស់ប្រទេសប៉ាគីស្ថាន ដែលកំពុងវិនិច្ឆ័យក្ដីអតីតមេដឹកនាំយោធា លោក ពែវ៉េស មូសារ៉ាហ្វ ជុំវិញការឆ្មក់វាយប្រហារដ៏បង្ហូរឈាមទៅលើវិហារក្រហមនៅទីក្រុងអ៊ីស្លាម៉ាបាដនោះ បានសម្រេចចេញបទបញ្ជាមួយកាលពីថ្ងៃម្សិលមិញ ឲ្យរឹបអូសទ្រព្យរបស់លោក។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

បើតាម AFP អតីតប្រធានាធិបតីប៉ាគីស្ថាន លោក មូសារ៉ាហ្វ ដែលបានចាកចេញពីប្រទេសទៅទីក្រុងឌូបៃកាលពីខែមីនាកន្លងមក ក្រោមហេតុផលចេញទៅព្យាបាលជំងឺបន្ទាន់នោះ កំពុងប្រឈមមុខនឹងរឿងក្ដីជាច្រើន ពាក់ព័ន្ធនឹងរបបគ្រប់គ្រងរបស់លោកនៅចន្លោះឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០៨។

AFP ដែលបានដកស្រង់សម្ដីមេធាវីតំណាងឲ្យវិហារក្រហមនោះ បានបន្ថែមថា តុលាការជាន់ទាបមួយរបស់ប៉ាគីស្ថាន បានចេញបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីរូបនេះ កាលពីថ្ងៃម្សិលមិញ ជុំវិញករណីសម្លាប់បុព្វមូស្លីមម្នាក់ និងការសម្លាប់មនុស្សជាង ១០០នាក់ទៀត អំឡុងពេលកងទ័ពប៉ាគីស្ថានសម្រុកចូលវិហារក្រហម កាលពីឆ្នាំ២០០៧។

លោក មូសារ៉ាហ្វ បានបណ្ដេញនាយករដ្ឋមន្ត្រី លោក ណាវ៉ាស ហ្សារីហ្វ នៅក្នុងរដ្ឋប្រហារមិនបង្ហូរឈាមមួយ កាលពីឆ្នាំ១៩៩៩។ លោកបានលាលែងពីតំណែងកាលពីឆ្នាំ២០០៨ ដើម្បីគេចចេញពីការចោទប្រកាន់ ហើយបានរស់នៅនិរទេសខ្លួន នៅឯបរទេស។

លោកបានវិលត្រឡប់ទៅប៉ាគីស្ថានវិញ ក្នុងបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ប៉ុន្តែ ត្រូវបានហាមឃាត់មិនឲ្យចូលរួមនោះឡើយ ហើយលោកបានចាកចេញពីប្រទេស ខណៈប្រឈមមុខនឹងរឿងក្ដីនានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ