ខុមហ្វ្រែលអំពាវនាវឲ្យដោះលែងមន្ត្រីសង្គមស៊ីវិលនិងអ្នកនយោបាយមុនថ្ងៃបោះឆ្នោត

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល បានយកវេទិកាថ្នាក់ជាតិគម្រប់ខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អំពាវនាវឲ្យដោះលែងមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកនយោបាយឲ្យបានមុនថ្ងៃបោះឆ្នោត ដោយថាដើម្បីធានាដំណើរការប្រជាធិបតេយ្យ ដែលមានចែងក្នុងកិច្ចព្រមព្រៀងនោះ។

នៅថ្ងៃទី១៨ ខែតុលា នេះ អង្គការសង្គមស៊ីវិលយ៉ាងតិច៦០ បានបើកវេទិកាពិភាក្សាគ្នាឆ្លុះបញ្ចាំងពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា រយៈពេល២៥ឆ្នាំមកនេះ ទាក់ទិននឹងការអនុវត្តន៍តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

ក្នុងកិច្ចពិភាក្សានោះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា ក្នុងកិច្ចព្រមព្រៀងនោះ មានចំនុនតម្រូវឲ្យកម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស ពោលគឺការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌។

លោក គល់ បញ្ញា លើកឡើងទៀតថា ច្រើនឆ្នាំមកនេះ ការបោះឆ្នោតនៅកម្ពុជា មិនបានគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងនេះទេ លោកថា មុនការបោះឆ្នោត និងក្រោយការបោះឆ្នោត តែងតែមានរូបភាពគំរាមកំហែង ដូចជាការធ្វើឃាតអ្នកនយោបាយ ការចោទប្រកាន់ និងការចាប់ខ្លួន ទាក់ទិននឹងសេរីភាពបញ្ចេញមតិជាដើម។

លោក គល់ បញ្ញា បញ្ជាក់ថា មុនពេលបោះឆ្នោតឆ្នាំ២០១៨នេះ មន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំង មួយចំនួនត្រូវចាប់ឃុំខ្លួន ដែលលោកថា ករណីនេះហាក់បានអនុវត្តផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោក គល់ បញ្ញា ស្នើឲ្យសហគមន៍ជាតិ និងអន្តជាតិត្រូវសហការគ្នា ជំរុញឲ្យមានការដោះលែងអ្នកដែលកំពុងជាប់ឃុំដែលលោកថាអ្នកទាំងនោះត្រូវបានអង្គការមួយចំនួនចាត់ទុកថា អ្នកទោសមនសិកា និងអ្នកទោសនយោបាយ។

លោកថា៖ «សម័យអ៊ុនតាក់ គេទាមទារឲ្យដោះលែងទាំងអស់អ្នកទោសនយោបាយ អ្នកទោសមនសិកា អ្នកទោសសង្គ្រាម ប៉ុន្តែឥឡូវ គ.ជ.ប យើង អត់អាចធ្វើកិច្ចការហ្នឹងបានទេ។ អញ្ចឹងអង្គការមិនមែនរដ្ឋាភិបាល អង្គការសហប្រជាជាតិ អង្គការអន្តរជាតិត្រូវតែសហការគ្នាជំរុញ ធ្វើម៉េចឲ្យមានការដោះលែង អ្នកអទោសនយោបាយអ្នកទោសមនសិការមុនថ្ងៃបោះឆ្នោត២០១៨»។

បើតាមលោក គល់ បញ្ញា ពេលអ៊ុនតាក់ចូលមករៀបចំការបោះឆ្នោតនៅកម្ពុជា លោកថាស្ថាប័នអន្តរជាតិឃ្លាំមើលការបោះឆ្នោតពេលនោះបាន មានអំណាច ទៅលើកម្លាំងប្រដាប់អាវុធ និងប្រព័ន្ធតុលាការ ដើម្បីដាក់សម្ពាធឲ្យស្ថានប័នទាំងនោះនៅជាអព្យាក្រិត្យ ធានាមិនឲ្យមានជម្លោះប្រដាប់អាវុធកើតឡើងមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ស្រី ចក់ សុភាព កត់សំគាល់ថារដ្ឋាភិបាលបានអនុវត្តតាមកិច្ចព្រមព្រៀងនេះបានខ្លះ ប៉ុន្តែលោកស្រីបង្ហាញការខកចិត្តថា ២៥ឆ្នាំក្រោយមានកិច្ចព្រមព្រៀងនេះ ការគោរពសិទ្ធិមនុស្សនិងយន្តការប្រជាធិបតេយ្យ បានដើរថយក្រោយទៅវិញ។

លោកស្រីថា៖ «ចំណុចចុងក្រោយដែលមានការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស ៥នាក់ របស់អង្គការអាដហុក និងលោក នី ចរិយា ដែលជាមន្ត្រី គ.ជ.ប នេះ  និងសំខាន់បំផុតនោះ រហូតមានឃាតកម្មលើលោក បណ្ឌិត កែម ឡី គឺជាព្រឹត្តិការណ៍មួយដែលយើងរន្ធត់មែនទែន  រន្ធត់មានន័យថា ហាក់ដូចជាយើងបានវិវត្តឆ្ពោះទៅមុខ  ហើយហេតុអីបានជាយើងថយក្រោយវិញច្រើនជំហាន»។

ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញធ្លាប់អះអាងថា ការចាប់ឃុំខ្លួន មន្ត្រីអង្គការសង្គមស៊ីវិលមន្ត្រីបក្សប្រឆាំងកន្លងទៅលោកថាជាវិធានការច្បាប់។

យ៉ាងនេះក្តីអ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ ដែលចូលរួមក្នុងកិច្ចពិភាក្សានោះដែរ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាកិច្ចព្រមព្រៀងអមតៈសម្រាប់ជំរុញកម្ពុជាឲ្យឆ្ពោះទៅរករបបប្រជាធិបតេយ្យពិតប្រាកដ ដែលប្រទេស១៨បានចុះហត្ថលេខា រួមទាំងមហាអំណាចទាំងប្រាំ។

ប៉ុន្តែលោកថា ប្រទេសជិតខាងមួយចំនួន ដែលមានមហិច្ឆតា ចង់បានប្រយោជន៍ពីខ្មែរ លោកថា ពួកគេមិនចង់ឲ្យអ្នកនយោបាយខ្មែរ រួបរួមគ្នាអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នេះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ