ទឹកជំនន់នៅតែបន្តវាយឡុកចូលជាយរាជធានីភ្នំពេញ

ទឹកជំនន់កំពុងគំរាមកំហែងក្នុងសង្កាត់មួយជាយរាជធានីភ្នំពេញ

ទឹកជំនន់នៅតែបន្តវាយឡុកចូលជាយរាជធានីភ្នំពេញ បណ្តាលឲ្យផ្ទះប្រជាជនរាប់រយខ្នងត្រូវទឹកលិច ក្នុងនោះក៏មានវត្តអារាមផងដែរ។ លើសពីនេះទៀត កសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួននៅតាមផ្លូវជាតិលេខ៤ ក៏ត្រូវទឹកជន់លិចត្រឹមចង្កេះ ធ្វើឲ្យ​ម្ចាស់​កសិដ្ឋា​នប្រញាប់​ជម្លៀសជ្រូកចេញពីទ្រុងយ៉ាង​បន្ទាន់។

ទឹកជំនន់នៅតែបន្តវាយឡុកចូលជាយរាជធានីភ្នំពេញ បណ្តាលឲ្យផ្ទះប្រជាជនរាប់រយខ្នងត្រូវទឹកលិច ក្នុងនោះក៏មានវត្តអារាមផងដែរ។ លើសពីនេះទៀត កសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួននៅតាមផ្លូវជាតិលេខ៤ ក៏ត្រូវទឹកជន់លិចត្រឹមចង្កេះ ធ្វើឲ្យម្ចាស់កសិដ្ឋានប្រញាប់ជម្លៀសជ្រូកចេញពីទ្រុងយ៉ាងបន្ទាន់។

ចំណែក កំណាត់ផ្លូវជាតិលេខ ៣ លេខ ៤ និង៥ ទឹកបានហូកាត់ផ្លូវ កន្លែងខ្លះត្រឹមកំភួនជើង។

មកដល់ថ្ងៃអង្គារនេះ នៅមិនទាន់មានរបាយការណ៍ពីអាជ្ញាធរប៉ាន់ស្មានពីទំហំខូចខាតនៅឡើយ។

ប្រជាពលរដ្ឋនិយាយថា ទឹកជំនន់នេះមកពីការបើកទំនប់ទឹក បន្ទាប់ពីមានភ្លៀងខ្លាំង ធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ហក់ឡើងខ្ពស់រហូតដល់ជន់លិចសង្កាត់ចំនួន៦ ក្នុងខណ្ឌដង្កោ ដែលនៅជាប់ស្ទឹងនោះ។

ពលរដ្ឋរស់នៅភូមិអញ្ចាញសង្កាត់ស្ពានថ្មខណ្ឌដង្កោ អ្នកស្រី យឺន ចាន់ធួក ឲ្យដឹងថាពេលដែលទឹកជនលិចភូមិនេះធ្វើអ្នកភូមិជួបការលំបាកច្រើនដូចជាត្រូវទឹកលិចផ្ទះពិបាករស់នៅ ខូចខាតផលដំណាំជាច្រើនហិចតា ខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសសុវត្តិភាពក្មេងៗ អាចប្រឈមនឹងការលង់ទឹក។

អ្នកស្រីថា ផ្ទះរបស់អ្នកស្រីលិចខាងក្រោយត្រឹមជង្គង់ លិចកន្លែងចិញ្ចឹមជ្រូក គោ មាន់ និង លិចស្រូវអស់ជិត២ហិតាផងដែរ។

អ្នកស្រីបន្ថែមថា៖ «មីងខូស្រែ១ហិតា៣០អា ហើយនឹងជ្រូក គោនៅក្នុងទឹកទាំងអស់ ចំណែក មនុស្សដូចចៅៗ វិញត្រូវយកទៅកន្លែងគេមានទោល ហើយឥលូវនឹងកំពុងពេញពិបាកហើយ ម្ហូបម្ហារអីពិបាកណាស់»។

ចំណែកពលរដ្ឋនៅភូមិគោឪឡឹក ក្នុងសង្កាត់ស្ពានថ្ម លោក ឌុល អេងលី មានប្រសាសន៍ថាផ្ទះ របស់លោកលិចក្នុងផ្ទះត្រឹមចង្គង់ ដោយមិនមានកន្លែងដេក និងសម្រាប់ដាំបាយនោះទេ។

លោកថា គ្រួសារលោកបានសុំផ្ទះបងប្អូននៅកន្លែងគោកដើម្បីស្នាក់នៅជាបណ្តោះអាសន្ន។

លោកបន្ថែមថា៖ «ក្នុងផ្ទះទឹកលិចត្រឹមជង្គង់ បើក្រៅផ្ទះត្រឹមចង្កេះ ពិបាកមែនទែន ពិបាកមួយទៀត មាន់ ទាអី ខ្ចាត់អស់ បើនៅតែអញ្ចឹងមិនដឹងសង្ឃឺមទេ! អញ្ចឹង អំពាវនាវកាបាទក្រហមជួយជំនួយផង»

ប្រជាពលរដ្ឋមួយចំនួន ដែលមានផ្ទះត្រូវលិចលង់និងដំណាំត្រូវខូចខាត បានអំពាវនាវសុំឲ្យអាជ្ញាធរចុះសង្កេត ឬឃ្លាំមើលកន្លែងមុខទឹកឲ្យបានញឹកញាប់ដើម្បីដឹងពីស្ថានការ ហើយអាចជួយសង្គ្រោះពលរដ្ឋទាន់ពេលវេលា។

មន្រ្តីសាលារាជធានីភ្នំពេញដែលចុះស្រង់ស្ថិតិពីផលប៉ះពាល់ដោយទឹកជំនន់ន ឲ្យដឹងថារបាយការណ៍ជាបឋមក្នុងអំឡុងពេលទឹកជំជន់ពីរថ្ងៃនេះ បានធ្វើឲ្យលិចសង្កាត់ចំនួន៩ក្នុងខណ្ឌដង្កោ ក្នុងនោះមានខណ្ឌចំនួន៦លិចលង់ខ្លាំងជាងគេ ដោយលោកថា មានសង្កាត់ស្ពានថ្ម សង្កាត់ រលួស សង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ព្រៃវែង និងសង្កាត់ព្រៃស ហើយសង្កាត់ ទាំង៦នេះ មានប្រជាពលរដ្ឋប្រមាណជា២៣០គ្រួសារលិចលង់ធ្ងន់ធ្ងរ ដែលអាជ្ញាធរបានជួយសង្គ្រោះទៅកាន់ទីទោលមានសុវត្តិភាព ប៉ុន្តែមិនមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

លោកបន្ថែមថា អាជ្ញាធរបានត្រៀមកម្លាំងសម្រាប់ជួយគ្រប់កន្លែង ដែលងាយនឹងកើតហានិភ័យរួចរាល់ហើយ។ ចំណែកផលប៉ះពាល់ទ្រព្យសម្បត្តិ ឬ ផលដំណាំរបស់ពលរដ្ឋវិញ លោកថា អាជ្ញាធរមិនទានអាចវាយតម្លៃបាននៅឡើយទេ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ភ្លៀងធ្លាក់ ជាប់ៗគ្នា បានបង្កឲ្យមានជំនន់ទឹកភ្លៀង នៅភាគខាងត្បូងខេត្តកំពង់ស្ពឺ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត កំពុងធ្វើឲ្យប៉ះពាល់ដល់ទំនប់សណ្ដរ៕ រាយការណ៍បន្ថែមដោយ ឃុត សុគន្ធ

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។