បទយកការណ៍៖ ពលរដ្ឋរៀបរាប់មូលហេតុដែលពួកគាត់ត្រូវចងចាំលោក ​កែម ឡី រៀងរហូត

ភ្នែកសំឡឹងមើលទៅរូបថត កម្រងផ្កា និង ផ្នូលោក កែម ឡី ដោយយកចិត្តទុកដាក់ និង រក្សានៅភាពស្ងាត់ ខណៈអ្នកនៅក្បែរនោះនាំគ្នាជជែកអ៊ូអែរពីរៀងផ្សេងៗ។ បន្ទាប់មកធីតា រ័ត្ន ងាកមករៀបរាប់ប្រាប់អ្នកសារព័ត៌មានថា គាត់នៅស្តាយស្រណោះលោកកែម ឡី រកអ្វីប្រៀបពុំបាន៖ស្រលាញ់លោកបណ្ឌិត ស្តាយគាត់ខ្លាំងណាស់ មិនដែលជួបគាត់ផ្ទាល់ទេ តែឃើញគាត់តាមហ្វេសប៊ុក។ ធ្លាប់ស្តាប់ ហើយចូលចិត្តស្តាប់គាត់វិភាគ សែទុកមើល ទុកគ្រាន់ថ្ងៃណាចង់ស្តាប់បើកស្តាប់ទៀត។ ចាំសម្ពីគាត់វិភាគថា ពេលវិភាគម្តងៗមិនដែលគិតថា នៅរស់ទេ ព្រោះសុទ្ធហ្វូងសត្វសាហាវ អាក្រក់ៗណាស់។

ធីតា រ័ត្ន មិនដែលបានជួបមុខផ្ទាល់ ឬ បានជជែកជាមួយលោក កែម ឡី ប៉ុន្តែគាត់ស្តាប់ការវិភាគរបស់លោក កែម ឡី តាមវិទ្យុ និង តាមអ៊ិនធើណែតច្រើនឆ្នាំមកហើយ។ ស្ត្រីវ័យជាង ៣០ឆ្នាំ រូបនេះ បានចូលរួមហែរូបសំណាកលោក កែម ឡី នៅថ្ងៃទី១៦ខែតុលាតាំងពីររាជធានីភ្នំពេញ ដល់ ខេត្តតាកែវ ផ្ទះលោក កែមឡី។  ធីតា រ័ត្ន ប្រាប់មូលហេតុថា បានជាគាត់ចូលរួមពិធីបុណ្យលោក កែម ឡី ទាំងនៅភ្នំពេញ និង រហូតដល់តាកែវនោះព្រោះដោយនឹករលឹក និងមិនចង់ឲ្យមហាជនបំភ្លេចអ្នកវិភាគរូបនេះទេ៖ អត់ចង់ឲ្យគេបំភ្លេចគាត់ទេ ចង់ឲ្យគេចាំគាត់រហូត ព្រោះថា ពលរដ្ឋយើងត្រូវតែដូចភ្លើងចំបើង មួយឆាវៗ តែអត់ចង់ឲ្យចឹងទេ ចង់ឲ្យចាំគាត់រហូត។ ប៉ុន្តែខ្ញុំជឿជាក់ថា ពលរដ្ឋអត់ភ្លេចទេ គឹនឹកឃើញគាត់រហូតហ្នឹង។

អ្នកចូលរួមហែរូបសំណាកលោក កែម ឡី ម្នាក់ទៀត អ្នកនាង ប៊ុត ស៊ីធាង ថ្លែងក្នុងរោងបុណ្យនៅផ្ទះលោកកែម ឡី នៅខេត្តតាកែវថា គាត់បានស្តាប់ការវិភាគរបស់លោក កែម ឡី ច្រើនឆ្នាំមកហើយ។ ស៊ីធាងថា អ្វីដែលជាអ្នកលក្ខណៈពិសេសរបស់លោក កែម ឡី ធ្វើឲ្យរូបគាត់មិនអាចបំភ្លេចបាននោះ គឺលោក មានសមត្ថភាព និង ហ៊ាននិយាយការពិត៖ ខ្ញុំគិតថា តិចតួចបំផុត មនុស្សដូចគាត់មានតិច។ គាត់មានលក្ខណៈពិសេសត្រង់ថា អ្វីដែលគេអត់ហ៊ាននិយាយគាត់ហ៊ាននិយាយ គឺពិសេសមែនទែន។ អ្នកខ្លះឈ្មោះតែបណ្ឌិត អត់យកការរៀនសូត្រចេះដឹងរបស់គាត់មកនិយាយទេ បើគាត់អ្វីដែលគាត់មានគាត់យកមកនិយាយទាំងអស់។

មិនមែនមានតែ ធីតា រ័ត្ន និង ប៊ុត ស៊ីធាងទេ ដែលបង្ហាញពីមនោសញ្ចេតនា គោរព និងឲ្យតម្លៃលើលោកកែម មិនប្រែប្រួលនោះ អ្នកចូលរួមរាប់ម៉ឺននាក់ផ្សេងទៀតដែលចូលរួមហែរូបសំណាកលោក កែម ឡី ពីវត្តចាស់រាជធានីភ្នំពេញ ទៅដល់ខេត្តតាកែវ ក៏សុទ្ធសឹងបង្ហាញពីទឹកចិត្តគោរពគុណធម៌របស់លោកកែម ឡី ជ្រៀលជ្រៅដែលមិនអាចមានអ្វីមកវាស់ស្ទង់បាន។

អ្នកចូលរួមហែរូបសំណាក មានប្រុសស្រី ក្មេងចាស់ ជាង៥០ ០០០នាក់ អ្នកខ្លះធ្វើដំណើរតាមម៉ូតូ ម៉ូតូកង់បី និង រថយន្ត មានបិទរូបថត និង ទស្សនវិភាគរបស់លោក កែម ឡី ។  អ្នកខ្លះប្រើឧបករណ៍បំពងសំឡេងថ្លែងទៅកាន់អ្នកចូលរួមផ្សេងៗទៀត ពីគុណសម្បត្តិនៃការលះបង់លោក កែម ឡី។

អ្នកស្រីវ៉ាន់ ពៅ ជាអ្នកមានស្រុកកំណើតនៅខេត្តតាកែវ ហើយបច្ចុប្បន្នរស់នៅក្នុងរាជធានីភ្នំពេញ ក៏បានទៅចូលរួមបុណ្យ១០០ថ្ងៃរបស់លោក កែម ឡី ដល់ខេត្តតាកែវដែរ។ អ្នកស្រីថា គាត់មានមោទនភាពដែលបានកើតក្នុងខេត្តតាកែវជាមួយលោក កែម ឡី ហើយពេញចិត្តចំពោះការចូលរួមក្នុងពិធីបុណ្យនេះ។

លោក កែម ឡី ត្រូវបានអ្នកចូលចិត្តស្តាប់លោកវិភាគឲ្យងារជា បុរសសម្តីមាស ឬ អាទិទេពនៃការពិត ចាក់ទម្លាយរាល់ភាពអាថ៌កំបាំងនៅក្នុងសង្គម ជាអ្នកបណ្តុះគំនិតឲ្យពលរដ្ឋចេះតស៊ូមតិ  ការពារផលប្រយោជន៍ជាតិគេចចេញពីការគាបសង្កត់។ ចំណែកអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ផ្នែកតស៊ូមតិឲ្យតម្លៃលោក កែម ឡី ជា និមិត្តរូបនៃសេរីភាពបញ្ចេញមតិ ព្រោះការវិភាគរបស់លោក ចំបញ្ហា មិនមានការភ័យខ្លាច ច្បាស់លាស់ងាយយល់ ហើយអាចផ្លាស់ប្តូរផ្នត់គំនិតមនុស្ស។

កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៦ ពិធីដង្ហែសពលោក កែម ឡី ចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តតាកែវមានប្រពលរដ្ឋចូលរួមជាង២លាននាក់ ដែលនេះជាព្រឹត្តិការណ៍មិនធ្លាប់មាន។

ដើម្បីកុំឲ្យបាត់បង់ទស្សនមាសរបស់លោក កែម ឡី មានអ្នកខ្លះចងក្រងជា កំណាព្យ អ្នកខ្លះចងក្រងជាសៀវភៅ អ្នកខ្លះធ្វើជារូបសំណាកលោក ជាដើម។ អ្នកខិតខំចងក្រងទស្សនទាំងនេះ គឺក្រៅការសោកស្តាយ ពួកគេចង់ឲ្យទស្សនរបស់លោកកែម ឡី នៅតែមានឥទ្ធិពលក្នុងការបណ្តុះផ្នត់គំនិតកូនចៅខ្មែរជំនាន់ក្រោយៗទៀត។

លោក សាមិន្ទ ចម្រើនជ័យ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ មានប្រសាសថា លោក កែម ឡី ជាអ្នកប្តូរជីវិតដើម្បីលាតត្រដាងការពិតក្នុងសង្គម ទើបទទួលរងការបាញ់សម្លាប់។ លោកថាមហាជនត្រូវលើកតម្លៃអ្នកវិភាគរូបនេះ ដើម្បីឲ្យយុវជនជំនាន់ក្រោយហ៊ាននិយាយការពិតដើម្បីជាតិដែរ។

និស្សិតរៀនផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យខេមរៈ លោក សម្បត្តិ ស៊ីណា មានប្រសាសន៍ថាបើសិនជាមហាជនឲ្យតម្លៃអ្នកដែលហ៊ានលះបង់ដើម្បីជាតិនោះ យុវជនផ្សេងៗទៀតនឹងមិនខ្លាចលះបង់ដើម្បីសង្គមជាតិទេ។ យុវជនរូបនេះស្នើឲ្យមានការឲ្យងារលោក កែម ឡី ជាវីរបុរសរបស់ជាតិ៖ “ឲ្យតម្លៃដោយយើងគួរតែស្នើទៅព្រះមហាក្សត្រជួយឲ្យតម្លៃជាបណ្ឌិតបញ្ញវន្តជាន់ខ្ពស់នៅកម្ពុជា ដើម្បីឲ្យយុវជនជំនាន់ក្រោយក៏ដូចជាបញ្ញាវន្តជំនាន់ក្រោយគាត់លើកទឹកចិត្តខ្លួនឯង”។

ពេលវេលាកន្លងទៅជិត៤ខែហើយ ដែល លោក កែម ឡី មិនបានចូលរួមតុមូលវិភាគតាមរយៈវិទ្យុទៀតឡើយ គឺចាប់តាំងពីថ្ងៃដែលគេបាញ់សម្លាប់រូបលោកកាលពីថ្ងៃទី១០ខែកក្កដាមក តែសំឡេងរបស់លោក នៅតែឮវិទ្យុមួយចំនួនចាក់ផ្សាយឡើងវិញ និង តាមបណ្តាញសង្គមហ្វេប៊ុកមានការចែករំលែកជាបន្តបន្ទាប់។ វេលាកន្លងទៅតែសម្រែកសោកស្តាយពីស្រទាប់មហាជនមិនបានរសាយតាមពេលវេលាទេ។

ទន្ទឹមនឹងការនឹកអាឡោះអាល័យ លើភាពក្លាហ៊ាន និង ខ្លឹមសារវិភាគច្បាស់ៗ ងាយយល់របស់លោក កែម ឡី នោះ  ធីតា រ័ត្ន ក៏ចង់ឃើញបណ្ឌិតដែលរៀនសូត្របានជ្រៅជ្រះផ្សេងៗទៀត ហ៊ាននិយាយ ការពិតដូចលោក កែម ឡី«៖ បណ្ឌិតមានច្រើន ឈ្មោះតែបណ្ឌិតតែអត់ហ៊ាននិយាយ ចាំបាច់ខ្លាច ធើអី  គង់តែស្លាប់ដូចតែគ្នាហ្នឹង ខ្លាចអីនិយាយទៅ! ចុងក្រោយគង់ងាប់ដូចតែគ្នាហ្នឹង ប៉ុន្តែស្លាប់មានន័យចឹងបានល្អ។»

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ