កម្ពុជា និងថៃសហការគ្នាបង្កើតវីដេអូអប់រំពលរដ្ឋអំពីដំណោះស្រាយនិងការគ្រប់គ្រងបឹងធម្មជាតិ

កម្ពុជា និងថៃដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គហៅកាត់ថា MRC បានផ្តួចផ្តើមគំនិតបង្កើតវីដេអូខ្លីបបែបអប់រំដើម្បីផ្សព្វផ្សាយចំណេះដឹង និងការអនុវត្តន៍ល្អៗក្នុងការ គ្រប់គ្រងធនធានធម្មជាតិនៅទន្លេសាបរបស់ប្រទេសកម្ពុជា និងទន្លេសុងក្លារបស់ប្រទេស ថៃ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គចេញផ្សាយថ្ងៃទី១៥ខែធ្នូ បានឲ្យដឹងថា ក្រុមការងារនៃគណៈកម្មការនេះបានសម្រេចរួមគ្នាបង្កើតវីដេអូខ្លីបបែបអប់រំដែលមានឈ្មោះថា «រួមគ្នាផ្លាស់ ប្តូរព័ត៌មានតាមរយៈវីដេអូ» ​ដើម្បីជម្រុញ ​​និងសម្របសម្រួលរបៀបផ្លាស់ប្តូរចំណេះដឹងរវាង ទន្លេសាបកម្ពុជា​ និងទន្លេសុងក្លារបស់ប្រទេសថៃ​ អំពីអភិបាលកិច្ចក្នុងការគ្រប់គ្រងទន្លេតាមរយៈមធ្យោបាយទំនាក់ទំនងដែលមានប្រសិទ្ធភាព។ សេចក្តីសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ខែធ្នូ នៅក្រុងវៀងច័ន្ទ ប្រទេសឡាវ។

នៅក្នុងសេចក្តីប្រកាសដដែល មន្ត្រីរដ្ឋាភិបាល និងតំណាងសហគមន៍មកពីទន្លេទាំងពីរ ​នឹងដើរតួនាទីជាអ្នកកាសែតប្រជាជន​ដើម្បីផលិតវីដេអូខ្លីប​ទាក់ទងនឹងជីវភាពរស់នៅតាមដងទន្លេ និងបញ្ហានានាពាក់ព័ន្ធ នឹងការគ្រប់គ្រងធនធានធម្មជាតិ ដូចជាសកម្មភាពនេសាទដែលគ្មាននិរន្តរភាព ​ការខ្វះប្រភពចំណូលបន្ថែមពីលើការនេសាទ​និង ផលប៉ះពាល់នៃបំរែបំរួលអាកាសធាតុ។

ក្រុមការងារនៃគណៈកម្មការទន្លេមេគង្គក៏មានបន្ថែមផលិតវីដេអូ ដែលផ្តោតទៅលើដំណោះស្រាយសមស្រប ក្នុងការដោះស្រាយបញ្ហាប្រឈមខាងលើនោះផងដែរ។

នាយកផ្នែកផែនការរបស់ MRC លោក អាន ពេជ្រហត្តដា បានថ្លែងនៅក្នុងក្នុងកិច្ចប្រជុំ​សម្រេចនេះថា វីដេអូ​ គឺជាឧបករណ៍សោតទស្សន៍មានសក្តានុពល និងប្រកបដោយភាព ច្នៃប្រឌិត ក្នុងការបង្កើតការយល់ដឹង ចែករំលែកចំណេះដឹងនិងជម្រុញឲ្យមានដំណោះ ស្រាយក្នុងតំបន់ទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងបឹងទន្លេសាបនិងទន្លេ សុងក្លា។

លោកបន្ថែមថា៖ «វីដេអូ ទាំងនោះនឹងបំផុសគំនិត និងសកម្មភាព របស់សហគមន៍មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ អោយរួមគ្នាគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព»

ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាបរបស់កម្ពុជា លោក​ ស៊ិន វិសិទ្ធិ​ បានថ្លែងនៅក្នុងកិច្ចប្រជុំដដែលនេះថាកន្លងមកក្រុមការងារគ្មានថវិការ និងបទពិសោធ ដើម្បីបង្កើតមធ្យោបាយទំនាក់ទំនងតាមរយៈវីដេអូនោះទេ ហើយការប្រា​ស្រ័យទាក់ទង ភាគច្រើនតាមរយៈរបាយការណ៍តែប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖ «កាលពីមុន​យើងគ្មានថវិកា បទពិសោធន៍ និងជំនាញចាំបាច់ ក្នុងការបង្កើត មធ្យោបាយទំនាក់ទំនងផ្សេងៗដូចវីដេអូនេះទេ ដូច្នេះការប្រាស្រ័យ ទាក់ទងរវាងទន្លេទាំង ពីរពឹងផ្អែកទាំងស្រុងលើរបាយការណ៍» 

លោកបន្ថែមថា ក្រោមគំនិតផ្តួចផ្តើមថ្មីនេះ ក្រុមការងារនឹងមានមធ្យោបាយ ទំនាក់ទំនង​ដែលមានប្រសិទ្ធភាពជាងមុន និងអាចផ្សព្វផ្សាយដល់ក្រុមគោលដៅ និងសាធាណៈជន បានទូលាយជាងមុនដើម្បីអំពាវនាវអោយពួកគេចូលរួមគាំទ្រក្នុងការគ្រប់គ្រងធនធានធម្មជាតិអោយបានកាន់តែល្អប្រសើរ។

កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះដៃគូអភិវឌ្ឍន៍និងម្ចាស់ជំនួយចំនួន៤រួមមានប្រទេសអាល្លឺម៉ង់ ស្វីស ប៊ែលហ្សិក និងលុចហ្សំបួរ បានចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់ចំនួនជាង១០លានដុល្លារអាមេរិក ជាការគាំទ្រដល់គណៈកម្មការទន្លេមេគង្គក្នុងការបង្កើតនូវយុទ្ធសាស្រ្តថ្មីៗជាច្រើនពាក់ព័ន្ធនឹងការថែរក្សាទឹកទន្លេមេគង្គ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ