ក្នុងដំណើរយករឿង«វិកលចរឹត»ទៅកាន់មហោស្រពភាពយន្តអន្តរជាតិនៅក្នុងប្រទេសចិនកាលពីព្រឹកថ្ងៃទី១៧ធ្នូ លោកហ៊ុយ យ៉ាឡេង ផលិតករបានអះអាងថាខ្លួននឹងផ្ដល់រឿងដែលលោកផលិតមួយនេះទៅអោយបរទេសដោយឥតគិតថ្លៃ ប្រសិនរឿងរបស់លោកមិនទទួលបានការចាប់អារម្មណ៍ក្នុងការទិញដូរ។ លោកថាខ្លួនមានបំណងចង់អោយស្នាដៃរបស់លោកដែលលោកជឿជាក់ខ្លាំងទៅលើគុណភាព ត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងក្រសែភ្នែកបរទេស។
លោកហ៊ុយ យ៉ាឡេង បញ្ជាក់ថា ពេញមួយសប្ដាហ៍ចាប់ពីថ្ងៃទី១៧ ធ្នូ មហោស្រពភាពយន្តអន្តរជាតិរបស់ខេត្តណានជីងក្នុងប្រទេសចិននឹងត្រូវចាប់ផ្ដើមដោយរឿងរបស់លោកគឺរឿង«វិកលចរឹត»ក៏ត្រូវបានជ្រើសជាភាពយន្តតំណាងប្រទេសកម្ពុជាអោយចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នោះដែរ។
លោកថាជាលើកទី១ដែលស្នាដៃរបស់លោកត្រូវបានក្រសួងវប្បធម៌ ជាពិសេសគឺនាយកដ្ឋានភាពយន្តកំណត់អោយភាពយន្តរបស់លោកបានបង្ហាញខ្លួន ខណៈដែលលោកក៏ត្រៀមយុទ្ធសាស្រ្តនឹងធ្វើអោយរឿងរបស់លោកបានបោះជំហានចូលអន្តរជាតិ។
មហោស្រពភាពយន្តរបស់ខេត្តណានជីងនេះ លោកថាធ្វើឡើងរាល់ឆ្នាំ ប៉ុន្តែលោកថាភាពយន្តកម្ពុជាទើបតែមានឱកាសចូលប្រកួតជាលើកទី១ប៉ុណ្ណោះ ដោយក្រៅពីរឿងរបស់លោកក៏មានរឿង«គ្រាប់ពេជ្រ»ដែលផលិតដោយផលិតករខ្មែរទៅជាមួយដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ លោកថារឿង«វិកលចរឹត»ត្រូវបានកម្មវិធីកំណត់ចាក់បង្ហាញជាសាធារណៈអោយក្រុមផលិតករ និងភ្ញៀវកិត្តិយគ្រប់ប្រទេសវិនិច្ឆ័យនៅអំឡុងពាក់កណ្ដាលអាទិត្យតែលោកមិនទាន់ច្បាស់ថារឿងរបស់លោកចាក់ចំថ្ងៃ២០ ឬ២១ធ្នូ អោយប្រាកដនោះទេ។
លោកមិនហ៊ានសង្ឃឹមពីការឈ្នះពានពីមហោស្រពភាពយន្តដែលរឿង«វិកលចរឹត»ចូលប្រកួតនោះទេ ក្នុងពេលដែលលោកក៏យល់ឃើញថា ខ្សែរឿងបរទេសដែលតំណាងដោយប្រទេសនីមួយៗក៏ពិតជាមានគុណភាព និងសាច់រឿងល្អ។ លោកសង្ឃឹមត្រឹមតែបានទទួលការសរសើរពីការចូលរួមនេះប៉ុណ្ណោះ ដោយសារតែរឿងដែលលោកផលិតស្ថិតក្នុងផ្នត់គំនិតជាភាពយន្តអន្តរជាតិភាគច្រើន។
មុនចេញទៅចិន លោកថារឿង«វិកលចរឹត»បានដាក់រត់អក្សរអង់គ្លេសរួចអស់ហើយ ដោយបទភ្លេងក្នុងរឿងទាំងមូលក៏ត្រូវនិពន្ធថ្មីមិនដាក់បទបរទេសនោះដែរ ដើម្បីកុំអោយគណកម្មការភាពយន្តនៅចិនច្រានចោលមិនអោយចូលប្រកួត។ លោកប្រកាសនឹងធ្វើអោយផលិតករបរទេសចាប់អារម្មណ៍ខ្សែរឿងរបស់លោក ដោយលោកនឹងមានប្រទេសណាមួយហ៊ានទិញរឿងមួយនេះ យកទៅផ្សាយជាសាធារណៈនៅក្នុងប្រទេសរបស់គេ។
យ៉ាងណាក៏ដោយប្រសិនបើក្នុងករណីដែលរឿងរបស់លោកមិនទិញ នោះលោកនឹងស្នើជាសាធារណៈក្នុងវេទិកាសុំប្រគល់រឿងនេះអោយទៅប្រទេសណាមួយ អោយតែផលិតកររបស់ប្រទេសនោះចាក់ផ្សាយ ឬបញ្ចាំងស្នាដៃរបស់លោកអោយប្រជាជនរបស់គេបានស្គាល់ពីស្នាដៃរបស់ខ្មែរ។
លោកនិយាយថា«រឿងហ្នឹង(វិកលចរឹត) ខ្ញុំរំពឹងថានឹងមានបរទេសទិញ តែបើថ្ងៃចុងក្រោយមុនចប់ពិពណ៌នៅតែអត់មានអ្នកហ៊ានអ្នកទិញ ខ្ញុំនឹងប្រកាសឲ្យអត់យកលុយតែម្ដង ហើយមិនដែលរឿងយើងផលិតប៉ុណ្ណឹងហើយ! ឲ្យគេ! គេមិនយកនោះទេ»។
លោកថាឲ្យផលិតករបរទេសណាមួយ យល់ព្រមយករឿងរបស់លោកទៅបញ្ចាំង ឬចាក់ផ្សាយជាសាធារណៈអោយប្រជាជនគេមើល នោះលោកនឹងប្រគល់អោយភ្លាមគឺអត់ចង់បានលុយទេ។
នេះជាលើកទី១ដែលផលិតករខ្មែរប្រកាសប្រគល់រឿងឲ្យបរទេសដោយមិនត្រូវលុយកាក់ ជាថ្នូរនឹងឲ្យមានការបញ្ជ្រៀបស្នាដៃរបស់ខ្មែរឲ្យជនជាតិបរទេសបានស្គាល់។ លោកហ៊ុយ យ៉ាឡេង បន្តថាមានតែមធ្យោបាយប្រគល់រឿងឲ្យបរទេសប៉ុណ្ណោះ ដែលរឿងរបស់ខ្មែរត្រូវបានគេទៅផ្សាយជាសាធារណៈ ហើយអាចឲ្យប្រជនជនរបស់ផលិតករដែលលោកនឹងព្រមព្រៀងនោះបានឃើញពីការប្រឹងប្រែងក្នុងវិស័យភាពយន្តរបស់ខ្មែរ។
លោកថាបើរង់ចាំឲ្យបរទេសទិញ គឺរឿងស្មុគស្មាញ ប៉ុន្តែបើឲ្យមិនគិតលុយ គឺច្បាស់ណាស់ថាផលិតករដែលទទួលបានរឿងរបស់លោកនឹងយកស្នាដៃរបស់លោកទៅធ្វើអាជីវកម្ម។ លោកថ្លែងថា«ខ្ញុំនៅតែយល់ថារឿងខ្ញុំចូលភ្នែកបរទេស ហើយខ្ញុំត្រៀមហើយថាបើគេអត់ទិញ ខ្ញុំឲ្យតែម្ដង ដោយឲ្យយកទៅធ្វើអាជីវកម្មមិចបានដែរសំខាន់ឲ្យតែគាត់យករឿងទៅចាក់ ឬទៅផ្សាយបន្ត!»។
លោកមានជំនឿ១០០ភាគរយ ថារឿង«វិកលចរឹត»នឹងក្លាយជារឿងខ្មែរទី១ដែលអាចទាក់ភ្នែកបរទេសតាមរយៈប្រគល់ឲ្យផលិតករយកទៅធ្វើអាជីវកម្មដោយមិនសុំលុយកាក់តបស្នង។
មកទល់ពេលនេះលោកហ៊ុយ យ៉ាឡេង បានអះអាងថាខ្សែរឿង«វិកលចរឹត»ទទួលបានដើមដែលបានចំណាយរហូតដល់៤៥០០០ដុល្លារនោះវិញហើយ បន្ទាប់ពីមានក្រុមហ៊ុនច្រើនឡើងបានដឹកនាំបុគ្គលិករបស់ខ្លួនជាទ្រង់ទ្រាយធំៗមកទស្សនារឿងលោក។ លោករំភើបចិត្តដែលរឿងមួយនេះមានការគាំទ្រ ខណៈដែលរឿងរបស់លោកក៏ត្រូវសម្រេចអោយបញ្ចាំងបន្តដោយមិនទាន់កំណត់ទម្លាក់ចុះ៕