គ្រួសារលោក កែម ឡី ស្នើតុលាការវែកមុខឃាតកពិត ជាជាងចាត់ការអ្នករៀបចំបុណ្យ  

ក្រុមគ្រួសារលោក កែម ឡី

ក្រុមគ្រួសារលោក កែម ឡី ស្នើឲ្យតុលាការបន្ដវែកមុខរកឃាតកពិតប្រាកដ និងអ្នកពាក់ព័ន្ធក្នុងរឿងឃាតកម្ម ជាជាងចាត់ការលើគណៈកម្មាការរៀបចំបុណ្យសព ដែលត្រូវបានតុលាការចេញដីកាឃុំខ្លួន។

ក្នុងដីកាចុះថ្ងៃទី៤ខែមករាឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យឃុំខ្លួនអតីតគណៈកម្មាការបុណ្យសពលោក កែម ឡី ដោយចោទថា បានរំលោភទំនុកចិត្ត ពាក់ព័ន្ធលុយបុណ្យប្រមាណ៣០ម៉ឺនដុល្លារអាមេរិក។ គណៈកម្មការបុណ្យសពលោក កែម ឡី ដែលរងការចោទប្រកាន់នោះ រួមមាន នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សាព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា និងព្រះតេជគុណ ប៊ុត ប៊ុនតិញ។​

ប្អូនប្រុសបង្កើតលោក កែម ឡី គឺលោក កែម រិទ្ធិសិទ្ធិ ប្រាប់វីអូឌីថា គណៈកម្មាការរៀបចំបុណ្យសព មិនបានកិបកេងលុយបុណ្យនោះទេ ហើយថា ក្រុមគ្រួសារ ក៏មិនបានពឹងពាក់តុលាការ ឲ្យជួយរកការពិតក្នុងរឿងបច្ឆ័យបុណ្យនេះដែរ។ លោកយល់ថា ចំណាត់ការរបស់តុលាការនេះ គឺជារឿងខុសឆ្គង និងប្រាស់ចាកពីសីលធម៌​ ក្នុងព្រះពុទ្ធសាសនា។

លោក កែម រិទ្ធិសិទ្ធិ ជំរុញឲ្យស្ថាប័នតុលាការ និងអាជ្ញាធរ ជួយវែកមុខរកឃាតកពិតប្រាកដ និងអ្នកនៅក្រោយ ជាជាងគិតពីបច្ឆ័យបុណ្យ ដែលថា ក្រុមគ្រួសារលែងចង់ដឹងឮទៀតហើយ។

លោកថា៖ «គណៈកម្មាការទាំងអស់ មិនបានពាក់ព័ន្ធលុយកាក់ទេ ព្រោះពេលលោកបណ្ឌិតស្លាប់ ខ្ញុំជាអ្នកកាន់សពផ្ទាល់ ហើយការគ្រប់គ្រងលុយកាក់គឺក្រុមគ្រួសារខាងខ្ញុំ មានខ្ញុំ មានបងស្រីខ្ញុំ។ រឿងបច្ឆ័យបុណ្យក្នុងគំនិតខ្ញុំ និងអ្នកកាន់ព្រះពុទ្ធសាសនា​ វាអត់មានត្រូវដេញដោលរឿងលុយកាក់អីទេ ប៉ុន្ដែ បើយើងនិយាយថា យកមកប្ដឹងផ្ដល់អីនេះ វាអត់មាន។ ករណីបុណ្យ​ ខ្ញុំមិនបានសុំឲ្យតុលាការគាត់ធ្វើទេ ជាពិសេសយើងខ្ញុំសុំឲ្យគាត់ផ្ដោតទៅលើការវែកមុខឃាតក និងអ្នកនៅពីក្រោយខ្នង តាមលទ្ធភាពរបស់តុលាការ»។

បងស្រីបង្កើតរបស់លោក កែម ឡី គឺអ្នកស្រី កែម ថាវី បានសំដែងការខកចិត្តចំពោះចំណាត់ការនេះ ដោយថា រឿងបច្ឆ័យបុណ្យសព គឺបានកន្លងហួសទៅយូរហើយ ហើយក្រុមគ្រួសារ ក៏មិនចង់រំឭកទៀតដែរ។

អ្នកស្រីថា៖ «ក្នុងនាមខ្ញុំ ជាក្រុមគ្រួសារ ខ្ញុំគិតថា រកអាអ្នកឃាតក ហើយនិងអ្នកពាក់ព័ន្ធនឹងសិន ពីព្រោះរឿងបច្ច័យបុណ្យហ្នឹង គឺវាកន្លងហួសទៅយូរហើយ ហើយថវិកាដែលប្រជាពលរដ្ឋចូលមកហ្នឹង គឺជាថវិកា ដែលគាត់ចូលបុណ្យ។ អញ្ចឹងរឿងថវិកាចូលបុណ្យហ្នឹង វាហួសអស់ហើយ យើងមិនរំលឹកយកមកទៀតទេ អ្នកណាយកបាន ក៏គេយកទៅ»។

ប៉ុន្ដែ ក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងទៅស៊ើបសួរ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ លោក គុជ គីមឡុង បានយោងតាមបណ្ដឹងរបស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ដោយថា ក្រុមគ្រួសារលោក កែម ឡី នៅមិនទាន់ទទួលបានប្រាក់បច្ឆ័យ ដែលគណកម្មការបុណ្យសព ប្រមូលបានពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

អ្នកវិភាគបញ្ហានយោបាយ លោកបណ្ឌិត មាស នី យល់ថា ចំណាត់ការបស់តុលាការនេះ កាន់តែធ្វើឲ្យពលរដ្ឋខកចិត្ត ដោយថា ឃាតកពិតប្រាកដ និងអ្នកពាក់ព័ន្ធក្នុងរឿងឃាតកម្មលោក កែម ឡី នៅមិនទាន់ត្រូវបានវែកមុខយកមកផ្ដន្ទាទោស ហើយតុលាការបែរជាចាត់ការលើអ្នកធ្វើបុណ្យសពទៅវិញ។

លោកថា៖ «ព្រោះអីតុលាការមួយធំទាំងមូល ហើយយើងមិនអាចទាំងរកឃើញ ថាតើអ្នកណាជាឃាតកនៅខាងក្នុងផង ប៉ុន្ដែវាទៅរករឿងអ្នកធ្វើបុណ្យ ហើយខ្ញុំសង្កេតឃើញ អ្នកទាំងបីនាក់ហ្នឹង មិនបានពាក់ព័ន្ធរឿងកាន់កាប់លុយហ្នឹងទេ វាអាចមានចរិកនយោបាយផងដែរ ក្នុងរឿងហ្នឹង»។

អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលអ្នកវិភាគដ៏ល្បីឈ្មោះ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងលបបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃត្រង់នៅស្ដារម៉ាតមួយកន្លែង ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃខែកក្កដាឆ្នាំ២០១៦។​ អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ «អឿត អាង» ហៅក្រៅ «ជួប សម្លាប់» ដោយថា ជា ឃាតកនៅក្នុងសំណុំរឿងនេះ ហើយតុលាការបានកាត់ទោសបុរសរូបនេះ ឲ្យជាប់គុកអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ