ដើមបណ្តឹងរដ្ឋប្បវេណីជាង៥០នាក់ស្លាប់​និងមួយចំនួន​ទៀតអស់ជំនឿលើសាលាក្តីខ្មែរក្រហម​

សហមេធាវីការពារដើមបណ្តឹងរដ្ឋប្បវេណីនៅសាលាក្តីខ្មែរក្រហម​លើកឡើងថាដើមបណ្តឹងជាង៥០នាក់បានស្លាប់ដោយ​សារ​វ័យចាស់និងអ្នកនៅរស់រានផ្សេងទៀត​ហាក់អស់សង្ឃឹមនឹងទទួលបានយុត្តិធម៌ពីតុលាការកូនកាត់មួយនេះ។​

នៅក្នុងសន្នីសីទបិទបញ្ចប់​សវនាការតុលាការកំពូល​លើបណ្តឹងសារទុក្ខក្នុងសំណុំរឿង០០២ផ្នែកទី១កាលពីម្សិលមិញលោក​ ហុង គឹមសួន​ សហមេធាវីការពារដើមបណ្តឹងរដ្ឋប្បវេណី​ថ្លែងថាក្តីសង្ឃឹមពីការទទួលបានយុត្តិធម៌របស់ដើមបណ្តឹងមួយចំនួន​បានបាត់បង់ព្រោះពួកគេស្លាប់។ លោកបន្តថា៖ “ដូចលោកស្រីខាងក្រោយសួរថាអស់សង្ឃឹមអីហ្នឹងគឺមែន! ចំពោះដើមបណ្តឹង​ខ្លះដែលគាត់ទទួលមរណៈភាពទៅគឺជាង៥០នាក់ហើយដែលទទួលមរណៈភាពមើលឃើញចុងបញ្ចប់នៃតុលាការបែរជាមិនបានទទួលយុត្តិធម៌និងមិនបានជោគជ័យក្នុងជីវិតចុងក្រោយរបស់គាត់ទេ”

នៅក្នុងសន្និសីទនោះសហមេធាវីបរទេសការពារដើមបណ្តឹងលោកស្រី ម៉ារី ហ្គីរោ លើកឡើងថាដើមបណ្តឹងមួយចំនួន​នៅរស់​មានវ័យកាន់តែចាស់​ក៏ហាក់អស់សង្ឃឹមនឹងទទួលបានយុត្តិធម៌ពីតុលាការនេះដោយសារការអូសបន្លាយយូរនិងម្យ៉ាងពួកគេ​មិនមានឱកាសគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ។​

ទោះយ៉ាងណាសហមេធាវីការពារក្តីឲ្យ​ដើមបណ្តឹងរដ្ឋប្បវេណីរំពឹងថាការប្រកាសសាលដីការបស់តុលាការកំពូលក្នុងសាលាក្តីខ្មែរក្រហមនៅពាក់កណ្តាល​ឆ្នាំ​២០១៦​នេះនឹងអាចផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារនិងជនរងគ្រោះ​ដែលកំពុងមានជីវិត។​

មន្រ្តីសម្របសម្រួលកម្មវិធីនៃគម្រោងយុត្តិធម៌នៅកម្ពុជាលោក ឡុង បញ្ញាវុធ មានប្រសាសន៍ថាបញ្ហាដែលធ្វើឲ្យដើមបណ្តឹងរដ្ឋ​ប្បវេណីនៅសាលាក្តីខ្មែរក្រហមនៅតែមិនអស់ចិត្តក្នុងដំណើរការសវនាការនៅពេលនេះព្រោះ​អ្នកទាំងនោះមិនបានទទួល​ព័ត៌មានពេញលេញពីដំណើរការជំនុំជម្រះនិងមិនបានយល់ពីសេចក្តីសម្រេចរបស់ចៅក្រម។ លោកបន្ថែមថា៖ “យើងយល់ឃើញ​ថាការចេញសាលក្រមមួយទាន់ពេលវេលាជាផ្នែកមួយនៃការផ្តល់យុត្តិធម៌ហើយតែបញ្ហាសំខាន់ត្រង់ថាជនរងគ្រោះ យល់ដឹងពីអត្តន័យនៃសាលក្រមហ្នឹងដែរឬអត់?​ នេះជាបញ្ហាហើយនេះមិនមែនជាលើកទី១ទេដែលជនរងគ្រោះមិនបានយល់​ពីអត្តន័យនៃសាលក្រម ចឹងតុលាការឬអង្គការសង្គមស៊ីវិលត្រូវពិនិត្យមើលឡើងវិញក្នុងការផ្សព្វផ្សាយដើម្បីធ្វើយ៉ាងម៉េចដើម្បីឲ្យជនរងគ្រោះបានយល់ពីអត្ថន័យនៃសាលក្រមហ្នឹង”។​

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត្រ ភក្ត្រា មិនអត្ថាធិប្បាយតបនឹងការលើកឡើងរបស់សហមេធាវី​ការពារដើមបណ្តឹងរដ្ឋប្បវេណីទេតែលោកបញ្ជាក់បច្ចុប្បន្នសាលាក្តីខ្មែរក្រហមកំពុងខិតខំធ្វើការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ លោកបន្តថា៖ “តុលាការយើងកំពុងបន្តនីតិវិធីទៅមុខការប្រឹងប្រែងរបស់យើងដើម្បីឆ្លើយតបការរងចាំរបស់ជនរងគ្រោះហើយនឹងលទ្ធផល​នៃដំណើរការជំនុំជម្រះក្តីមួយដោយយុត្តិធម៌”។​

សំណុំរឿង០០២ក្នុងសាលាក្តីខ្មែរក្រហម​ដែលកំពុងដំណើរបច្ចុប្បន្ន​មានជនជាប់ចោទពីរូប​គឺលោក​ នួន ជា អតីតប្រធានសភាប្រជាជននិងលោក ខៀវ សំផន អតីតប្រមុខរដ្ឋក្នុងសម័យខ្មែរក្រហម​ហើយមានដើមបណ្តឹងរដ្ឋប្បវេណី​សរុប​ចំនួន  ៣៨៦៧នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ