ព្រះរាជអាជ្ញាថា​ស្រីមុំ​ទទួល​ស្គាល់ថា​ខ្សែអាត់សំឡេងមួយចំនួន​ជា​សំឡេង​របស់នាងសន្ទនាជាមួយ​លោក កឹម សុខា​

កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ ក្រោយពេល​បញ្ចប់​ការសាកសួរ​របស់​តុលាការ​ កាលពីពេលកន្លងទៅ

ព្រះរាជរងអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថាសំឡេងក្នុងខ្សែអាត់មួយចំនួនជាសំឡេងរបស់កញ្ញា។

នៅព្រឹកថ្ងៃអង្គារនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោក សៀង សុខ បានសាកសួរកញ្ញាស្រីមុំអស់រយៈពេលជាង៤ម៉ោង ពីដំណើររឿងរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ដែលថាមានករណីផ្ដល់សក្ខីកម្មក្លែងនិងមានអំពើពេស្យាចារ។

ព្រះរាជអាជ្ញារង លោក សៀង សុខ ប្រាប់វីអូឌីតាមរយៈទូរស័ព្ទថាកញ្ញាស្រីមុំបានទទួលស្គាល់ថាខ្សែអាត់សំឡេងមួយចំនួនជារបស់នាង។ លោកបន្តថាតុលាការកំពុងពិនិត្យនីតិវិធីផ្លូវច្បាប់ដើម្បីមានចំណាត់ការបន្ត។ លោកមានប្រសាសន៍ថា៖ នៅចំពោះមុខខ្ញុំគាត់បានឆ្លើយថាខ្សែអាត់មួយចំនួនដែលមានការសន្ទនាគ្នារវាងគាត់និងឯកឧត្តម កឹម សុខា ពិតជាសំឡេងគាត់និងឯកឧត្តម កឹម សុខា”

វីអូឌីមិនអាចសុំការឆ្លើយតបពីលោក កឹម សុខា បាននៅឡើយទេ។

សមត្ថកិច្ចបានស៊ើបអង្កេតសំឡេងខ្សែអាត់នេះ ក្រោយកញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីលើប្រព័ន្ធសង្គមហ្វេសប៊ុក បានដាក់ពាក្យប្តឹងចង់ឲ្យសមត្ថកិច្ចស្រាវជ្រាវពីសំឡេងសន្ទនាស្នេហា ដោយថាចំណែកមួយនៃការសន្ទនាមានលក្ខណៈបរិហាកេរ្តិ៍ឈ្មោះនាង។

ក្រោយបញ្ចប់ការសាកសួរ មេធាវីរបស់ស្រីមុំ លោកស្រី ទ្រី ឈួន មានប្រសាសន៍ថាលោកស្រីសង្ឃឹមថាកូនក្តីរបស់លោកស្រីនឹងមិនត្រូវបានតំណាងអយ្យការចោទប្រកាន់នឹងបទពេស្យាចារនិងការផ្តល់សក្ខីកម្មក្លែងក្លាយនោះទេ ដោយអះអាងថាតុលាការសួរពាក់ព័ន្ធតែសំឡេងខ្សែអាត់និងការទំនាក់ទំនងរបស់កូនក្តីប៉ុណ្ណោះ។ លោកស្រីមានប្រសាសន៍ថា៖ “ធម្មតាតែកាលណាមានបញ្ហាអីកើតឡើងមួយតុលាការគាត់ត្រូវតែស្វែងរកនូវបទល្មើសនោះហើយ អីចឹងហើយការកោះហៅនេះគឺមិនប្រាសចាកទេ សំខាន់តើតុលាការប្រើអំណាចក្នុងការចោទប្រកាន់ហ្នឹងត្រឹមត្រូវឬមិនត្រឹមត្រូវ អាហ្នឹងជាចំណុចដែលយើងត្រូវចាំមើល តែរហូតមកដល់ពេលនេះខ្ញុំសង្ឃឹមថាតុលាការនឹងមិនចោទប្រកាន់កូនក្តីរបស់ខ្ញុំទេ ព្រោះកូនក្តីខ្ញុំជាជនរងគ្រោះ “។

កញ្ញា ខុម ចាន់តារ៉ាទី បានបដិសេធមិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងសំណួរថាតើខ្សែអាត់សំឡេងនោះជាសំឡេងរបស់ខ្លួនឬយ៉ាងណា។ កន្លងទៅ កញ្ញាបានបដិសេធថាសំឡេងក្នុងខ្សែអាត់នោះមិនមែនជាសំឡេងរបស់កញ្ញានោះទេ។

នាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ បានអំពាវនាវឲ្យអ្នកនយោបាយទាំងអស់ត្រូវមានទំនួលខុសត្រូវ កុំយកស្ត្រីធ្វើជាឈ្នាន់ក្នុងនយោបាយ។ លោកស្រីមានប្រសាសន៍ថា៖ “អ្នកនយោបាយខ្ញុំមិនដឹងថាខាងណាទេ ខ្ញុំមិនចង់ចង្អុលថាខាងណាទេ អ្នកនយោបាយយកស្រ្តីធ្វើជាឈ្នាន់ក្នុងល្បែងមួយដើម្បីផលប្រយោជន៍អីមួយយើងមិនដឹងទេប៉ុន្តែវាជារឿងឈ្នាន់ ចឹងទៅតួអង្គបុរសដែលពាក់ព័ន្ធក្នុងរឿងហ្នឹងទាំងអស់ហ្នឹងគឺមានកាតព្វកិច្ចដើម្បីចេញមក ដើម្បីបំភ្លឺ ដើម្បីកុំឲ្យស្រ្តីរងគ្រោះនៅក្នុងករណីហ្នឹង”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំនារីម្នាក់ទៅចូលសណ្ឋាមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយតែមជ្ឈដ្ឋានជាច្រើនគិតថា លោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានអាស្រូវស្នេហា។ លោកថ្លែងថា៖ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង។ ប៉ុន្តែអ្នកដទៃទៀតវាឈ្លោះ វាឆ្លង វាឆ្លើយ បានរឿងវាកើត សូមផ្តាំទៅ! ទៅឆ្លើយថាទេ ខ្ញុំអត់ដែលមាន Passport ខាង Passport គេថាអ្នកឯងធ្វើ។ ថាខ្ញុំអត់ដែលទៅក្រៅប្រទេសអឺបាងកកអ៊ែវេមានសំបុត្រយន្តហោះជិះនៅព្រលានយន្តពោធ៍ចិនតុងមានថតរូបទុក នៅព្រលានយន្តហោះបាងកកមានទុក នៅសណ្ឋាគារបាងកកមានទុក។ ចប់បាត់មានស្អីទៀត

លោក ហ៊ុន សែន បន្តថាបើនៅតែចោទថារឿងនេះជាការរៀបចំដោយអ្នកនយោបាយ លោកបានព្រមានទៀតថារដ្ឋាភិបាលនឹងលូកដៃចាត់ការរឿងនេះ។ លោកព្រមានថា៖ នេះគ្រាន់តែបណ្តឹងរបស់ផ្នែកឯកជននិងឯកជនធ្វើការបរិហាកេរ្តិ៍បោកបញ្ឆោត។ ប៉ុន្តែតែរាលដាលដល់សភា ដល់រាជរដ្ឋាភិបាល គឺរដ្ឋាភិបាលបង្ខំចិត្តត្រូវធ្វើគឺធ្ងន់ហើយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ