គ.ជ.ប ថានឹងធានាភាពស្មើគ្នាដល់គណបក្សទាំងអស់អំឡុងពេលឃោសនាបោះឆ្នោត

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប បានចេញគោលការណ៍ចំនួនបី ដោយថា ដើម្បីធានាសិទ្ធិស្មើភាពគ្នារបស់គណបក្សទាំងអស់ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី១៧មេសាកន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចដាក់ចេញនូវគោលការណ៍ចំនួនបី ដើម្បីធានាថា គណបក្សនយោបាយទាំងអស់នឹងអាចចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដោយស្មើភាពគ្នា។

គ.ជ.ប អះអាងថា គោលការណ៍ទាំង៣នោះ មានដូចជា គោលការណ៍សម្រាប់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែលចង់រៀបចំកិច្ចពិភាក្សាពីគោលនយោបាយរបស់គណបក្ស គោលការណ៍សម្រាប់វិទ្យុ និងប៉ុស្ដិ៍ទូរទស្សន៍ ដែលចង់ផ្សព្វផ្សាយ ឬពិភាក្សាលើគោលនយោបាយរបស់គណបក្សណាមួយ និងកម្មវិធីសមធម៌សម្រាប់គណបក្ស។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់ VOD បន្ថែមនៅថ្ងៃពុធទី១៩ខែមេសានេះថា គណបក្សទាំងអស់អាចផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនបានតាមរយៈវិទ្យុ និងទូរទស្សន៍ជាតិ ដោយគណបក្សនីមួយៗ នឹងទទួលបានរយៈពេលផ្សាយ៧នាទីកន្លះ ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

លោកបន្ថែមថា គណបក្សនយោបាយក៏អាចផ្សាយពីគោលនយោបាយខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយឯកជន ប៉ុន្ដែលោកថា គ.ជ.ប មិនអាចលូកដៃជ្រៅក្នុងការងារអាជីវកម្មស្ថានីយ៍ទាំងនោះទេ ដោយថា គឺគ្រាន់តែតម្រូវឲ្យពួកគេបង្ហាញម៉ោងផ្សាយ និងតម្លៃជួល ឬលក់ឲ្យគណបក្សជាសាធារណៈប៉ុណ្ណោះ។

លោកថា៖ «ទី១ ស្មើភាពគ្នា សម្រាប់ការរៀបចំដោយ គ.ជ.ប បានន័យថា គណបក្សនយោបាយទាំង១២ ធ្វើការផ្សព្វផ្សាយនូវគោលនយោបាយគណបក្សរបស់ខ្លួន ក្នុងមួយគណបក្សបាន៧នាទីកន្លះ តាមវិទ្យុ ទូរទស្សន៍ជាតិ។ មួយទៀត ការផ្សព្វផ្សាយអាចធ្វើទៅបានតាមស្ថានីយ៍ទូរទស្សន៍ ឬក៏វិទ្យុឯកជន ប៉ុន្ដែ គ.ជ.ប មិនលូកដៃចូលទៅក្នុងអាជីវកម្មរបស់ពួកគេ ប៉ុន្ដែទាមទារឲ្យស្ថាប័នហ្នឹងឯងធ្វើការបង្ហាញជាសាធារណៈនូវតម្លៃ និងពេលវេលាដែលគាត់អាចទទួលការផ្សព្វផ្សាយបាន»។

នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ កាត់ថា «និចហ្វិច» លោក សំ គន្ធាមី យល់ថា ចំពោះគោលការណ៍ស្មើភាពគ្នានេះ គឺគ.ជ.ប អាចគ្រប់គ្រងបានតែទូរទស្សន៍ និងវិទ្យុជាតិទេ ប៉ុន្ដែចំពោះវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយឯកជន ដែលប្រកាន់និន្នាការនយោបាយវិញ លោកថា នៅតែមានភាពមិនស្មើគ្នា ដោយពួកគេយកលេសថា «អស់ម៉ោងផ្សាយ ឬជាប់រវល់»។

លោកទទូចថា នៅអាណត្តិនេះ គ.ជ.ប គួរជួយអន្ដរាគមន៍ និងសម្របសម្រួលជាមួយវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយឯកជន ដើម្បីឲ្យពួកគេផ្ដល់ម៉ោងផ្សាយដល់គណបក្សនយោបាយនានា ពិសេសលោកថា គឺគ.ជ.ប ត្រូវកំណត់តម្លៃជួល ឬលក់ម៉ោងផ្សាយឲ្យបានសមរម្យ ទើបគណបក្សទាំងអស់មានលទ្ធភាពចូលរួមប្រកួតប្រជែងដោយស្មើភាព។

លោក សំ គន្ធាមី បន្ថែមថា នៅអាណត្តិមុន គណបក្សមួយចំនួនមិនអាចប្រើប្រាស់ទីតាំងសាធារណៈឲ្យបានស្មើភាពទេ ដោយលោកថា ភាគច្រើនគឺអាជ្ញាធរអនុញ្ញាតឲ្យតែគណបក្សកាន់អំណាច។

លោកថា៖ «គ.ជ.ប គួរតែសហប្រតិបត្តិការទាក់ទង សម្រួលជាមួយប្រធានក្រុមហ៊ុន វិទ្យុ ឬទូរទស្សន៍ហ្នឹងទៅ ដើម្បីឲ្យគាត់សម្រួលក្នុងការជួយលក់ម៉ោងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស អាហ្នឹងការងាររបស់ គ.ជ.ប គឺជួយសម្រួបសម្រួលរឿងហ្នឹងផង។ វាអត់បានស្មើភាពគ្នាជួនកាលឆ្លើយថា អស់ម៉ោងផ្សាយ ជាប់រវល់អីអញ្ចឹងទៅ។ ការចែកខិតបណ្ណមិនមានបញ្ហាចោទប៉ុន្មានទេ ប៉ុន្ដែមានបញ្ហាចោទត្រង់ថាមានការប្រើប្រាស់ទីធ្លាសាធារណៈរបស់រដ្ឋ អាណត្តិមុនៗ ទីធ្លាសាធារណៈភាគច្រើន គណបក្សកាន់អំណាចភាគច្រើនគាត់ដាក់ពាក្យសុំមុន»។

ចំពោះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប បានស្នើឲ្យម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជនប្រកាសពីម៉ោងទំនេរ និងតម្លៃជួល ឬលក់របស់ខ្លួនដល់ គ.ជ.ប ឲ្យបាន១៥ថ្ងៃ មុនដំណើរការឃោសនាបោះឆ្នោត។ លោកថា បើវិទ្យុ និងទូរទស្សន៍ឯកជនបដិសេធសំណើរបស់គណបក្សណាមួយ ដោយគ្មានហេតុផលច្បាស់លាស់ គ.ជ.ប នឹងធ្វើការណែនាំ ហើយជូនដំណឹងដល់ក្រសួងព័ត៌មានដើម្បីផ្អាក ឬបិទការផ្សាយរបស់ស្ថានីយ៍នោះតែម្ដង។

លោកបន្ថែមថា ចំពោះការស្នើសុំប្រើប្រាស់ទីតាំងសាធារណៈ គឺអាស្រ័យលើគណបក្សណាមួយជាអ្នកស្នើមុន។ ក្នុងករណីមានជម្លោះ លោកថា គឺអាស្រ័យលើការសម្រេចរបស់គណៈកម្មាការក្រុមប្រឹក្សាឃុំសង្កាត់រៀបចំការបោះឆ្នោត។

តាមប្រតិទិនរបស់ គ.ជ.ប យុទ្ធនាការឃោសនារកសំលេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ