អាជ្ញាធរកម្ពុជារឹតបន្តឹងការត្រួតពិនិត្យកាហ្វេនាំចូលពីវៀតណាមក្រោយរកឃើញកាហ្វេក្លែងក្លាយ

រូបភាពពីគេហទំព័របរទេស

អាជ្ញាធរ​កម្ពុជា បាន​បញ្ជា​ទៅ​មន្ត្រី​តាម​ច្រក​ព្រំដែន ឲ្យ​បង្កើន​ការ​រឹត​បន្តឹង​បន្ថែម​ទៀត​នៅ​លើ​​ទំនិញ​នាំ​ចូល​ពី​វៀតណាម ជា​ពិសេស កាហ្វេ បន្ទាប់​ពី​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បាន​រក​ឃើញ និង​បញ្ឈប់​សិប្បកម្ម​ផលិត​កាហ្វែ​ក្លែង​ក្លាយ​មួយ​ នៅ​ភាគ​កណ្ដាល​ប្រទេស​នេះ។

សារព័ត៌មាន​នានា​របស់​វៀតណាម បាន​ចុះ​ផ្សាយ​ថា អាជ្ញាធរ​ខេត្ត​ដាណុង បាន​ចុះ​ត្រួត​ពិនិត្យ​សិប្បកម្ម​ផលិត​កាហ្វេ​មួយ ដោយ​បាន​រក​ឃើញ​ថា សិប្បកម្ម​នោះ​បាន​ផលិត​កាហ្វេ​លាយ​ជាមួយ​កាក​សំណល់​ថ្ម​ពិល ដី និង​កម្ទេច​ថ្ម ដែល​បញ្ហា​នេះ​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​កម្ពុជា​ផង​ដែរ ខណៈ​ដែល​វៀតណាម គឺ​ជា​អ្នក​នាំ​ចេញ​កាហ្វេ​​ធំ​លំដាប់​ទី​ពីរ នៅ​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​កាហ្វេ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​។

អគ្គ​នាយក​រង នៃ​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល លោក ឌឹម ថេង បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ស្ថាប័ន​លោក​បាន​ដាក់​បញ្ជា​ទៅ​កាន់​មន្ត្រី​កាំកុងត្រូល​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម​រួច​ហើយ ដោយ​ថា ដើម្បី​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ទៅ​លើ​ការ​នាំ​ចូល​ទំនិញ​កាហ្វេ​ពី​ប្រទេស​វៀតណាម។ លោក​អះ​អាង​បន្ថែម​ថា កាហ្វេ​ដែល​ផលិត​លាយ​ឡំ​ជាមួយ​កាក​សំណល់​ពុល​ទាំង​នោះ មិន​ត្រូវ​បាន​នាំ​ចូល និង​ចែក​ចាយ​នៅ​លើ​ទីផ្សារ​កម្ពុជា​នោះ​ទេ។

លោក​ថា៖ «យើងអាចទប់ស្កាត់បាននូវទំនិញទាំងអស់នោះ មិនឲ្យចូលមកកម្ពុជានោះទេ។ ដូចខ្ញុំបានជម្រាបប្អូនហើយថា កន្លងមកក៏មានការចាប់កាហ្វេដែលមានការសហការជាមួយ​​ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងស្ថាប័នពាក់ព័ន្ធហ្នឹងចាប់កាហ្វេដែលមិនមានច្បាប់អនុញ្ញាត្តិហ្នឹង ហើយចាប់ពីពេលហ្នឹងមក យើងឃើញថា ចំពោះកាហ្វេ គឺប្រជាជនយើងយកចិត្តទុកដាក់ដែលធ្វើឲ្យប៉ះពាល់ច្រើនដែរប្អូន។ និយាយឲ្យចំទៅ កាំកុងត្រូលរកអត់ទាន់ឃើញ តែយើងមានវិធាការទប់ស្កាត់​»

បើ​តាម​សារព័ត៌មាន​វៀត​ណាម Tuoi Tre News ម្ចាស់​អាជីវកម្ម​កាហ្វេ​មាន​លាយកំទេច​ថ្ម​ពិលនោះ ​បាន​បើក​អាជីវកម្ម​ជាង​មួយ​ឆ្នាំហើយ និង​បាន​លក់​កាហ្វេនេះ​​ទៅកាន់​ទី​ផ្សារ​ជាង ​៣​តោន​រួច​ទៅ​ហើយ​តាំង​ពី​ដើម​ឆ្នាំ​២០១៨​នេះ។

ប្រធាន​សហ​ព័ន្ធ​សហជីព​កម្ម​ករ​ចំណី​អាហារ លោក ស​ ម៉ូរ៉ា បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់អគ្គនាយកដ្ឋាន​កាំ​កុង​ត្រូល​កម្ពុជា​ ប៉ុន្តែ ​លោក​ថា ​រដ្ឋាភិបាល​គួរ​បញ្ចេញ​ថវិការ​បន្ថែមទៀត ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការងារ​របស់​កាំកុងត្រូល ជា​ពិសេស​ អាជ្ញាធរ​មូល​ដ្ឋានត្រូវ​ដើរ​តួនាទី​យ៉ាង​សំខាន់​ចំពោះ​កិច្ច​ការ​ពារ​សុខភាព​ប្រជា​ពល​រដ្ឋ​នេះ។

លោក​ថា៖ « ខ្ញុំគិតថាជារឿងសំខាន់ដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការពិនិត្យទៅលើទំនិញដែលនាំចូលហ្នឹងទៅលើគុណភាព ហើសង្ឃឹមថា មិនមានបញ្ហាពុករលួយដែលធ្វើឲ្យខ្វះចន្លោះ​ក្នុងការនាំចូលផលិតផលចូលស្រុកខ្មែរយើងហ្នឹង»

តួលេខ​ពី​​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជន​បទ​វៀតណាម បាន​ឲ្យ​ដឹង​ថា ប្រទេស​នេះ​បាន​នាំ​ចេញផលិត​កាហ្វេ​ចម្រាញ់​ដល់​ទៅ​ជាង ១​លាន ៥៩​ម៉ឺន​តោន​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​នេះ ដែល​ធ្វើ​ឲ្យ​វៀតណាម​កាន់​កាប់​ចំណែក​ទីផ្សារ​កាហ្វេ​ពិភព​លោក​ដល់​ទៅ ២០​ភាគរយ ហើយ​ប្រទេស​នេះ​រំពឹង​ថា ទំហំ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​កាហ្វេ នឹង​កើន​ឡើង​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ។

តួលេខ​រដ្ឋាភិបាល​វៀតណាម ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ប្រទេស​នេះ​នាំ​ចូល​គ្រាប់​កាហ្វេ​ឆៅ​ពី​បណ្ដា​ជិត​ខាង​ខ្លួន​ ក្នុង​នោះ​នាំ​ចូល​ពី​កម្ពុជា​ក្នុង​ចំនួន​រាប់​ពាន់​តោន​កាល​ពី​ឆ្នាំ​កន្លង​មក​នេះ។

ប្រធាន​នាយក​ដ្ឋាន​កសិ-ឧស្សា​ហកម្ម នៃ​ក្រសួង​កសិកម្ម ​លោក គង់ ភាជ ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​ថា ​លោក​ពុំ​មាន​របាយការណ៍​ស្តីពី​ការ​នាំ​ចេញ​ នាំ​ចូល​ផលិត​ផល​កាហ្វេ​មក​កម្ពុជា​នោះ​ទេ ខណៈលោក​មិន​ទាន់​ទទួល​ព័ត៌មានពី​​កាហ្វេ​មាន​លាយ​កំទេចថ្មពិល​របស់​វៀត​ណាម​នេះ​នៅឡើយ។​

លោក​ថា៖ «យើង​មាន​តែ​កាហ្វេថៃ​ កាហ្វេ​ដូចជាអាម៉ាហ្សូន​ហ្នឹង ជា​កាហ្វេ​ដែល​គេ​នាំ​មក​តែ​ម្តង។ ដោយ​ឡែក​ កា​ហ្វេ​វៀត​ណាម​មាន​តែ​ឆុងបន្តិច​បន្តួចទៅ​តាម​រោង និយាយ​ទៅតាមលក្ខខណៈតូចតាច មិន​មែន​ជា​ហាង​ធំ​ដុំ​ ហើយភាគ​ច្រើន​ទៅ​ទៀត ហាង​របស់​យើង​មួយ​ចំនួន ​គឺ​យើង​លីង​កាហ្វេ​ខ្លួន​យើងដែរ។ អាហ្នឹង​តាម​អ្វីដែល​យើង​កត់​សម្គាល់​»

តួលេខ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាល​ពី​ ៣​ឆ្នាំ​មុន បង្ហាញ​ថា បើទោះបីជា​កម្ពុជា​ជា​ប្រទេស​ដាំ​កាហ្វេ​នាំ​ចេញ​ក៏​ដោយ ប៉ុន្តែ តម្លៃ​នៃ​ការ​នាំ​ចេញ​កាហ្វេ​ទៅ​បរទេស​​មាន​ត្រឹមតែ​ជាង ៧ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ទំហំ​នៃ​ការ​នាំ​ចូល​កាហ្វេ​ពី​បរទេស​វិញ មាន​តម្លៃ​ដល់​ទៅ​ជាង ៨​លាន​ដុល្លារ​ឯណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ