នាយករងវិទ្យាល័យភ្នំពេញថ្មីបដិសេធមិនបានទះកំផ្លៀងសិស្សដូចការបង្ហោះលើហ្វេសប៊ុក​

រូបថតពីបណ្តាញសង្គមហ្វេសប៊ុក​

នាយករងវិទ្យាល័យសម្តេចហ៊ុន សែន ភ្នំពេញថ្មី បានបដិសេធថាលោកមិនបានទះកំផ្លៀងសិស្សស្រីម្នាក់ឈ្មោះ ជា ស្រីអូន ដូចការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះទេ។

នៅក្នុងសេចក្តីបំភ្លឺមួយចុះថ្ងៃទី១៦ ខែឧសភា នាយកសាលាលោក ឆាយ សុនលី បានជម្រាបប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញថាលោកគ្រូនាយករងលោក អូន ប៉ូណាត កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៦ ខែឧសភា បានណែនាំសិស្សចំនួន៦នាក់ដែលមករៀនមិនទាន់ម៉ោងហើយដើរប្រឡែងគ្នាលេង បានបោចសក់គ្នានៅផ្លូវចូលសាលានិងស្លៀកសំពត់ខ្លីខើចជើង មានពាក់ស្រោមបារ អាវគ្មានពាក់ស្លាកឈ្មោះ។ សេចក្តីបំភ្លឺបន្តថាបន្ទាប់មក លោកគ្រូ អូន ប៉ូណាត ឲ្យសិស្សទាំងនោះសរសេរឈ្មោះថ្នាក់រៀន ដើម្បីទុករាយការណ៍ទៅលោកនាយកសាលា។

សេចក្តីបំភ្លឺបន្ថែមថាសិស្សទាំងនោះព្រមសរសេរឈ្មោះ តែមិនដាក់ឈ្មោះថ្នាក់រៀនទេ ប៉ុន្តែលោកគ្រូ   អូន ប៉ូណាត សុំឲ្យសរសេរបន្ថែម។ បន្ទាប់មកក្នុងចំណោមសិស្សអស់ មានសិស្សស្រីម្នាក់ឈ្មោះ ជា ស្រីអូន រៀននៅថ្នាក់ទី១០D2 បានប្រើពាក្យថា៖ “លោកគ្រូមើលមុខខ្ញុំឲ្យហើយទៅ ប្រយ័ត្នថ្ងៃក្រោយ”។ លោកគ្រូ អូន ប៉ូណាត ក៏បានតបវិញថាទៅសិស្សស្រីនោះវិញថា៖ “ប្អូនមិនត្រូវប្រើពាក្យនេះជាមួយលោកគ្រូទេ”ហើយលោកគ្រូក៏តឿនឲ្យសិស្សចូលថ្នាក់រៀនដោយយកដៃច្រានខ្នងក្រោយសិស្សឈ្មោះ ជា ស្រីអូន ដែលឈរនៅគៀក តែសិស្សនេះនៅតែសម្តែងអាកប្បកិរិយាមិនសមរម្យទៀត។

បើតាមសេចក្តីបំភ្លឺរបស់នាយកសាលា នៅម៉ោង២រសៀលថ្ងៃដដែល សិស្សស្រីឈ្មោះ ជា ស្រីអូន បាននាំម្តាយនិងឪពុកមាខ្លួនមកទីចាត់ការសាលា ដោយថានាងត្រូវបានចោទលោកនាយករងបានទះផ្លៀងនាង។ លិខិតបញ្ជាក់ថា៖ “តែក្រោយពីលោកគ្រូអ្នកគ្រូបានប្រាប់ឲ្យនាងនិយាយការពិត ទើបនាងសារភាពថាលោកនាយករងគ្រាន់តែប៉ះក្បាលពីក្រោយបន្តិចទេ ពុំមែនទះកំផ្លៀងនាងដូចការចោទប្រកាន់នោះទេ។ ក្រោយពីមានដឹងហេតុផលម្តាយនិងឪពុកមាបានសុំទោសនិងសុំបញ្ចប់បញ្ហានេះ ព្រមទាំងសំណូមពរឲ្យលោកគ្រូ អ្នកគ្រូជួយតាមដាននិងណែនាំកូនគាត់ផង ដោយសារកូនក្មួយរបស់ខ្លួនឈ្មោះ ជា ស្រីអូន នេះពិបាកប្រដៅណាស់”

សេចក្តីបំភ្លឺបន្ថែមថា៖ “អ្វីដែលគួរឲ្យសោកស្តាយនោះគឺនៅម៉ោង៣:០០នាទីល្ងាចថ្ងៃទី ១៦ ខែឧសភា សិស្សស្រីឈ្មោះ ជា ស្រីអូន មានការបង្ហោះក្នុងទំព័រសង្គមហ្វេសប៊ុកថានាយកសាលាភ្នំពេញថ្មីដែលបានទះកំផ្លៀងខ្ញុំដែលជាសិស្សស្រី ដោយគ្រាន់តែខ្ញុំនិយាយថាខ្ញុំមកយឺត ក៏ទះកំផ្លៀងតែម្តង”។

ជាការឆ្លើយតប សិស្សឈ្មោះ ជា ស្រីអូន បានសរសេរលិខិតមួយចុះថ្ងៃទី១៨ ខែឧសភា ដោយសារភាពថាលោកគ្រូនាយករងមិនបានទះកំផ្លៀងរូបនាងនិងបញ្ជាក់ថាខ្លួននឹងលុបចោលខ្លឹមសារក្នុងហ្វេសប៊ុក៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ