តំណាងសហគមន៍ លើកយកបញ្ហាដីធ្លី ការបាញ់សម្លាប់មនុស្សក្រៅច្បាប់ ភាពអយុត្តិធម៌សង្គម និងបញ្ហាមួយចំនួនទៀត ជំរុញឲ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោះស្រាយ ខណៈការបោះឆ្នោតឃុំ សង្កាត់ ខិតជិតមកដល់។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៤ខែមិថុនា។ ចំណែកការធ្វើយុទ្ធនាការរកសំឡេងឆ្នោត របស់គណបក្សនយបោយ នឹងចាប់ផ្តើមពីថ្ងៃសៅរ៍ទី២០ឧសភាស្អែកនេះទៅ។
ក្នុងវេទិកាស្តីពីការប្តេជ្ញាចិត្ត របស់គណបក្សនយោបាយ ដើម្បីឆ្លើយតបនឹងបញ្ហាអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៩ខែឧសភានេះ មានតំណាងគណបក្សចំនួន៨ចូលរួម ក្នុងចំណោមគណបក្សទាំង១២ ដែលចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោត។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច មិនបានចូលរួមក្នុងវេទិកានេះទេ។
ក្នុងវេទិការនោះ អ្នកស្រី សេក សាលី ដែលអះអាងថា តំណាង១៩៧សហគមន៍ មកពី២២រាជធានីខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះ បញ្ហាគ្រឿងញៀន ការកាប់បំផ្លាញព្រៃឈើ ការបាញ់សម្លាប់មនុស្សក្រៅច្បាប់ អំពើចោរកម្ម អយុត្តិធម៌សង្គម ការគំរាមកំហែងសេរីភាពបញ្ចេញមតិ ការរំលោភសិទ្ធិមនុស្ស នៅតែជាការព្រួយបារម្ភ។
ស្ត្រីរូបនោះជំរុញឲ្យគណបក្សនយោបាយ ដែលបានចូលរួម ប្រកួតការបោះឆ្នោត ដណ្តើមអាសនៈឃុំ សង្កាត់ ដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធិភាព ដោយថាដើម្បីផ្តល់ទំនុកចិត្តដល់ម្ចាស់ឆ្នោត។
អ្នកស្រីថា៖ «ជម្លោះដីធ្លីនៅតែបន្ត និងហាក់គ្មានដំណោះស្រាយ និងមិនយកចិត្តទុកដាក់ចំពោះបណ្តឹងរប់ប្រជាពលរដ្ឋ ដែលអាចជាបញ្ហាពុករលួយ។ មានការរងចាំយូរ ចំពោះការបម្រើសេវាសាធារណ របស់ឃុំ សង្កាត់ និងមិនអនុវត្តតាមច្បាប់ ឬមិនបានអនុវត្តឲ្យបានត្រឹមត្រូវ តាមតារាងតម្លៃសេវា។ ការផ្តល់អត្តសញ្ញាណប័ណ្ណដល់ជនអន្តោប្រវេសន៍ នៅតែជាចម្ងល់ របស់មហាជនទូទៅ និងហាក់គ្មានតម្លាភាព។ ប្រជាពលរដ្ឋភាគច្រើនមិនបានដឹងពីថវិកា របស់ឃុំ សង្កាត់ ព័ត៌មានអំពីថវិកា ការចាយវាយ និងរបាយការណ៍ថវិកា»។
តំណាងរាស្ត្រមកពីបក្សសង្គ្រោះជាតិ លោក ស៊ុន ឆៃ ដែលបានចូលរួមវេទិកានោះ លើកឡើងថា គណបក្សរបស់លោក មានគោលនយោបាយ៥ចំនុច ដែលលោកថា ជាយន្តការពង្រឹងអំណាចនៅថ្នាក់ក្រោមជាតិ និងពង្រឹងអំណាចសហគមន៍ ធានាដល់សេរីភាពបញ្ចេញមតិ តាមគោលការណ៍ប្រជាធិបតេយ្យ ។
លោកថា៖ «មេឃុំមិនត្រូវបម្រើបក្សទេ កាលណាចង់អភិវឌ្ឍចង់ធ្វើអ្វីនៅមូលដ្ឋាន ត្រូវតែស្តាប់ប្រជាពលរដ្ឋ ត្រូវតែជំរុញឲ្យពលរដ្ឋចូលរួមសម្រេច។ ព្រោះយើងដឹងហើយថា ការអភិវឌ្ឍសព្វថ្ងៃ អ្នកភ្នំពេញស្គាល់ច្បាស់ជាងគេ ឲ្យតែមានការអភិវឌ្ឍ គឺទឹកភ្នែកតែម្តង»។
ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ អះអាងដែរថា គោលនយោបាយរបស់គណបក្សលោក ទប់ស្កាត់ការរំលោភបំពានដីធ្លី ធានាភាពស្មើគ្នាចំពោះមុខច្បាប់។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា បើគណបក្សលោកឈ្នះ បានធ្វើជាមេឃុំ ឬចៅសង្កាត់ លោកថា គណបក្សនេះនឹងទប់ស្កាត់មិនឲ្យមានការរំលោភដីធ្លី បក្ខពួកនិយម និងធានាយុត្តិធម៌សង្គម។
តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក បណ្ឌិត សាម អ៊ីន លើកឡើងថា បើគណបក្សលោកឈ្នះ បានធ្វើជាមេឃុំ លោកថា នឹងជំរុញឲ្យមានភូមិ ឃុំ គំរូ តាមរយៈគោលនយោបាយ មេឃុំល្អ គ្រូបង្រៀនល្អ គ្រូពេទ្យល្អ និងនគរបាលល្អ ទប់ស្កាត់មិនឲ្យមានការរើសអើងនិន្នាការនយោបាយ និងធានាឲ្យមានអភិបាលកិច្ចល្អ។
លោកថា៖ «ពេលដែលយើងឈានទៅដឹកនាំ ឃុំ សង្កាត់ ទៅដឹកនាំជាតិ ការធានាឲ្យមានយុត្តិធម៌សង្គម ជារឿងសំខាន់។ យើងមិនអាចទទួលយកបានទេ នៅពេលដែលបងប្អូន ប្រជាពលរដ្ឋរស់នៅលើដី៥ឆ្នាំ ឬ១០ឆ្នាំ ហើយត្រូវបានគេដេញចេញតែមួយពព្រិចភ្នែកជារឿងមួយដែលយើងទទួលយកមិនបានទេ»។
តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក សយ ជីវ័ន្ន អះអាងថា បើគណបក្សលោកឈ្នះឆ្នោតបានធ្វើជាមេឃុំ ឬចៅសង្កាត់ លោកថាគណបក្សនេះ ធានាដោះស្រាយរាល់បញ្ហាជូនពលរដ្ឋ ទាំងបញ្ហាផ្ទាល់ខ្លួន និងសេវាសាធារណៈ។
លោកថា៖ «គេងតែនៅផ្ទះទៅ ពួកខ្ញុំធ្វើឲ្យទាំងអស់បងប្អូនណាអត់ប្រពន្ធ [មេឃុំ] រកប្រពន្ធ ឲ្យមេម៉ាយណា អត់ប្តីរកប្តីឲ្យ ហើយបើសិនជាបងប្អូនណា ដែលមានប្តីប្រពន្ធ ប្តីលួចមានស្រី មេឃុំគណបក្សខ្ញុំជួយដោះស្រាយឲ្យហើយ រឿងប្តីលួចទៅមានស្រីច្រើនទៀត ពួកខ្ញុំជួយដោះស្រាយឲ្យបានទៀត ឥឡូវខ្ញុំចង់សួរបងប្អូនថា គិតម៉េចដែរពេលដែលខ្ញុំនិយាយអញ្ចឹង»។
យ៉ាងនេះក្តី នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា NGOs Forum លោក តឹក វណ្ណារ៉ា ដែលជាអង្គការមួយរៀបចំវេទិការនេះ បានលើកឡើងថា បញ្ហាដែលតំណាងសហគមន៍លើកឡើង និងការប្តេជ្ញាចិត្ត របស់តំណាងគណបក្សនយោបាយ ក្នុងវេទិការនេះ លោកថា ជាភស្តុតាងមួយ យកទៅចងក្រងជាឯកសារ សម្រាប់តាមដាននៅពេលដែលគណបក្សទាំងនោះជាប់ឆ្នោត៕