របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា ការបើកបរលើសល្បឿនកំណត់ និងការបើកបរក្នុងស្ថានភាពស្រវឹង គឺជាមូលចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន នៅទូទាំងប្រទេស កាលពីខែមេសាកន្លងមកនេះ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខែមេសា ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា មនុស្សដល់ទៅ ១៧៨នាក់ ត្រូវបានសម្លាប់ ហើយ ៦៨៣នាក់ទៀតបានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៧៤ករណី នៅទូទាំងប្រទេស កាលពីខែមុន។
បើធៀបទៅនឹងខែមេសាឆ្នាំមុន ចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ១៦ករណី ប៉ុន្តែ ចំនួនអ្នកស្លាប់បានថយចុះ ៩នាក់ ឬស្មើនឹង ៥ភាគរយ ខណៈដែលចំនួនអ្នករបួសថយចុះ ៤៧នាក់ ឬស្មើនឹង ៧ភាគរយ។
របាយការណ៍បង្ហាញថា អ្នកស្លាប់ភាគច្រើនដល់ទៅ ៧៩ភាគរយ គឺជាអ្នកដំណើរតាមទោចក្រយានយន្ត ឬម៉ូតូ និងពុំបានប្រើប្រាស់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវនោះឡើយ។
របាយការណ៍នេះបន្ថែមថា ក្នុងចំណោមមូលហេតុទាំង ៨ ដែលត្រូវបានកត់ត្រាដោយនគរបាលចរាចរណ៍នោះ គ្រោះថ្នាក់ចរាចរណ៍ដល់ទៅ ៤០ភាគរយ បណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ និង១៤ភាគរយទៀត បណ្ដាលមកពីការបើកបរក្នុងស្ថានភាពស្រវឹង។
គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរៀងរាល់ថ្ងៃ ដោយបានសម្លាប់មនុស្សដល់ទៅជាង ១៦០០នាក់ និងបណ្ដាលឲ្យមនុស្សជាង ៦៦០០នាក់ទៀតរងរបួស កាលពីឆ្នាំមុន៕