ក្រសួងបកស្រាយថាក្រុមហ៊ុនវៀតណាម​គ្រាន់តែចង់បង្ហាញបច្ចេកទេសដាំដុះដល់កសិករខ្មែរ

រដ្ឋមន្ត្រីក្រសួងកសិកម្ម​ លោក វេង សាខុន( រូប ពី ហ្វេសប៊ុក លោក វេង សាខុន)

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានបកស្រាយថាក្រុមហ៊ុនវៀតណាមគ្រាន់តែចង់វៀបចំឲ្យពលរដ្ឋខ្មែរ​មានការដាំដុះតាមបទដ្ឋានបច្ចេកទេសសមស្រប ពូជមានទិន្នផលខ្ពស់ ហើយក្រុមហ៊ុនប្រមូលទិញវិញដើម្បី​ផ្គត់​ផ្គង់តម្រូវការទីផ្សារកម្ពុជា។

ក្រសួងកសិកម្មបានលើកឡើងបែបនេះក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី ១៨ ខែ ឧសភា ដោយឆ្លើយតប​ទៅនឹងការរិៈគន់ និងការព្រួយបារម្ភរបស់អ្នកឃ្លាំមើលបញ្ហាសង្គមមួយចំនួន ជុំវិញករណីក្រុមហ៊ុនវៀតណាម​គ្រោង​បោះទុនវិនិយោគដាំបន្លែ ផ្លែឈើ ដើម្បីនាំចេញ និង ផ្គត់ផ្គង់សណ្ឋាគារ និង កន្លែងលំហែកាយរបស់វៀត​ណាមនៅកម្ពុជា និង​នៅប្រទេសវៀតណាម។

ក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងបានលើកឡើងថាអ្នកវិនិយោគវៀតណាមគ្រាន់តែបង្ហាញពី គោលបំណងនៃការបោះទុនវិនិយោគលើវិស័យកសិកម្មផ្នែកដំណាំស្បៀងសុវត្ថិភាពតែប៉ុណ្ណោះ ហើយបើគម្រោងនេះដំណើរការ​ក្រុមហ៊ុននឹងសហការជាមួយកសិករដាំបន្លែ ផ្លែឈើ រួមទាំងសហគមន៍កសិកម្ម ដោយអនុវត្តផលិតកម្មកសិកម្ម​តាមកិច្ចសន្យា ដើម្បីផលិតតាមគោលការណ៍កសិកម្មសរីរាង្គ ឬការអនុវត្តកសិកម្មល្អ (Good Agricultural Practice-GAP)។

សេចក្ដីប្រកាសព័ត៌មានដដែលក្រសួងបន្តថាក្រុមហ៊ុននឹងរៀបចំកសិដ្ឋានដាំដុះគំរូ ដើម្បីបង្ហាញឲ្យកសិករធ្វើការ​ដាំដុះតាមបទដ្ឋានបច្ចេកទេសសមស្រប ពូជមានទិន្នផលខ្ពស់ និង ក្រុមហ៊ុននឹងប្រមូលទិញមកវិញ ដើម្បីផ្គត់ផ្គង់​តម្រូវការទីផ្សារ សណ្ឋាគារ កន្លែងកំសាន្ត ទាំងនៅកម្ពុជា និង នៅប្រទេសវៀតណាម។

ជាមួយគ្នានោះក្រសួងក៏លើកឡើងដែរថាគម្រោងវិនិយោគនេះមិនទាន់ដំណើរការនោះឡើយទេ ព្រោះអ្នកវិនិ​យោគវៀតណាមមិនទាន់បានធ្វើការសិក្សាច្បាស់លាស់ ដើម្បីដាក់សំណើរទៅរដ្ឋាភិបាល ឲ្យពិនិត្យពីផល​ប៉ះ​ពាល់ ឬអនុញ្ញាតឲ្យវិនិយោគ​​នៅឡើយ។

បន្ថែមលើនោះក្រសួងក៏ជំរុញឲ្យពលរដ្ឋមានការជឿជាក់លើរដ្ឋាភិបាលក្នុងការគ្រប់គ្រងការវិនិយោគមួយនេះផងដែរ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ