គ.ជ.ប អំពាវនាវឲ្យពលរដ្ឋនៅក្រៅប្រទេសវិលមកបោះឆ្នោត

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអំពាវនាវឲ្យពលរដ្ឋរស់នៅ និងធ្វើការនៅក្រៅប្រទេសឲ្យ​វិលត្រឡប់មកបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ខាងមុខ។

ក្នុងសេចក្ដីអំពាវនាវមួយចុះថ្ងៃទី១៤ ខែ ឧសភា ដែលវីអូឌីទើបតែទទួលបាន គ.ជ.ប បានអំពាវនាវឲ្យ​ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និង ធ្វើការនៅក្រៅប្រទេសឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញដើម្បី​ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នាថ្ងៃទី ២៩ ខែកក្ដដាខាងមុខ។

ក្នុងសេចក្ដីអំពាវនាវនោះ គ.ជ.ប ក៏ជំរុញឲ្យមានការសហការពីស្ថានទូតខ្មែរនៅក្រៅប្រទេសទាំងអស់​ជួយផ្សព្វផ្សាយសេចក្ដីអំពាវនាវនេះឲ្យបានដឹងដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និង ធ្វើការនៅ​ក្រៅប្រ​ទេស​​ផងដែរ។

ទោះបីជាយ៉ាងណាក្នុងសេចក្ដីអំពាវនាវរបស់ គ.ជ.ប ក៏លើកឡើងដែរថាដើម្បីបោះឆ្នោតបាន ប្រជា​ពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្ត​សញ្ញាណបម្រើឲ្យការបោះឆ្នោត ហើយបើករណីពលរដ្ឋមានឈ្មោះ តែពុំមានអត្តសញ្ញាណប័ណ្ណ នោះ​ពលរដ្ឋប្រើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ ដែលនឹងត្រូវធ្វើជូនចាប់ពីថ្ងៃទី ២៨ ខែ មិថុនា ដល់ថ្ងៃទី ២៧ ខែកក្ដដាខាងមុខ។

កាលពីខែសីហាឆ្នាំ ២០១៧ កន្លងទៅអតីត​តំណាងរាស្រ្តបក្សប្រឆាំងធ្លាប់ដាក់សំណើរទៅកាន់សភាឲ្យ​ធ្វើវិសោធនកម្មច្បាប់ ឲ្យពលរដ្ឋខ្មែររស់នៅក្រៅប្រទេសអាចបោះឆ្នោតបាននៅតាមបណ្ដាស្ថានទូតនានា​ប៉ុន្តែសំណើរនោះត្រូវបានតំណាងរាស្ត្រគណបក្សកាន់អំណាចច្រានចោល។ ចំណែកឯ គ.ជ.ប លើក​ឡើងថាការរៀបចំឲ្យមានការបោះឆ្នោតនៅតាមស្ថានទូតសម្រាប់ពលរដ្ឋនៅក្រៅប្រទេសនេះ អាចធ្វើទៅបាន លុះត្រាតែមានការធ្វើវិសោនកម្មច្បាប់ជាមុនសិន។

តាមរបាយការណ៍របស់រដ្ឋាភិបាលឲ្យដឹងថា ពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេសមានចំនួនជាង​ ១លាន៥​សែន​នាក់ ប៉ុន្តែ​របាយការណ៍របស់សង្គមស៊ីវិលថាមពលករចំណាកស្រុកទៅធ្វើ​ការនៅក្រៅប្រទេសមាន​រហូត​ដល់ជិត ២​លាន​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ