សមាគមអប់រំមួយប្រកាសដាក់សមាជិកជាង២០០០នាក់សង្កេតការណ៍បោះឆ្នោត​

រូបភាព៖ ហ្វេសប៊ុកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាប្រកាសចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ខាងមុខ ដោយថាដើម្បីចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលថាមានសមាជិកចំនួន ៩៩ គ្រឹះស្ថានសិក្សា​ជាសាមាជិកបានចេញ​សេចក្ដី​ថ្លែង​ការណ៍មួយចុះថ្ងៃទី ១៨​ ខែ ឧសភាថានឹងចាត់បញ្ជូនសមាជិកសមាគមប្រមាណជាង ២០០០នាក់ ធ្វើជាអ្នក​សង្កេត​ការណ៍បោះឆ្នោត​ ដោយ​ពង្រាយគ្រប់រាជធានីខេត្ត ទាំងអស់លក្ខណៈចល័ត ​​និង​អចល័ត​​។

តាមសេចក្ដីថ្លែងការណ៍ដដែលសមាគមនោះបានលើកឡើងថាការចូលរួមសង្កេតការណ៍បោះឆ្នោតនេះគឺមានគោលបំណងចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមធ្វើ​ឲ្យ​ប្រ​ទេស​មានសុខស​ន្តិ​ភាព​ ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និង សុខុមាល​ភាពសង្គមជាតិទាំង​មូល​។

បន្ថែមលើនោះសមាគមក៏មានគោលបំណងតាមដានបរិយាកាសនយោបាយ សកម្មភាពរបស់​បក្ស​នយោ​បាយ និង សកម្មភាពរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៦ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ កក្កដាខាងមុខ ហើយ​អង្គការឃ្លាំមើលការបោះឆ្នោតធំៗចំនួន ២ គឺ អង្គការ និចហ្វិច និងខុមហ្រ្វែល បដិសេធមិន​ចូល​រួម​សង្កេត​ការណ៍នោះទេ ដោយព្រួយបារម្ភ រដ្ឋាភិបាលចោទភ្ជាប់ទៅនឹងសកម្មភាពបដិវត្តន៍ពណ៌។​

ជាមួយគ្នានោះដែរមានបក្សនយោបាយចំនួន ៥ ក៏បានប្រកាស​មិនចូលរួមការបោះឆ្នោតខាងមុខ ដូច​ជាបក្សភ្លើងទៀន បក្សសិទ្ធិមនុស្ស បក្សអំណាចខ្មែរ បក្សជាតិនិយម និង​​ គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ដោយពួកគេលើកឡើងព្រួយបារម្ភពីបញ្ហានយោបាយនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ