តុលាការកោះហៅម្ចាស់បណ្តឹងប្រឆាំង លោក ខឹម វាសនា

ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក ខឹម វាសនា (ហ្វេសប៊ុកលោក)

សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅបុរសម្នាក់ជាម្ចាស់បណ្តឹង​ប្រឆាំងនឹង​លោក ខឹម វាសនា ឲ្យចូលខ្លួនទៅការពារ​បណ្តឹងដែលបានប្តឹងប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទាក់ទងនឹងការជេរប្រមាថ។

ក្នុងដីកាកោះដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃនេះ ព្រះរាជអាជ្ញារងសាលាដំបូង​រាជធានីភ្នំពេញ លោក ស៊ិន វីរៈ បានបង្គាប់ឲ្យលោក សុច សឿង អាយុ៥៥ឆ្នាំចូលការពារ​បណ្តឹង​របស់​ខ្លួន នៅថ្ងៃទី២៣​ខែមិថុនានេះ។

លោក សុច សឿង ដែលអះអាងថា រស់នៅភូមិតាឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ បានដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយប្ដឹង លោក ខឹម វាសនា ពីបទ​ជេរ​ប្រមាថជាសាធារណៈនិងមើលងាយពូជសាសន៍ខ្មែរ។

អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក កូវ គា ចាត់ទុកករណីពលរដ្ឋ មា្នក់ប្តឹងលោក ខឹម វាសនានោះថា ជាការមួលបង្កាច់ ដោយថា ពលរដ្ឋម្នាក់នោះមិនទាន់យល់ ច្បាស់អំពីគណបក្សសម្ព័ន្ធ។តែទោះបីយ៉ាងណាលោកថា ប្រសិនបើមានការកោះពីតុលាការ ឲ្យលោក ខឹម វាសនាចូលបំភ្លឺ គណបក្សនឹងពិភាក្សាគ្នាថា ត្រូវឲ្យលោក ខឹម វាសនាចូលបំភ្លឺផ្ទាល់ ឬបញ្ជូនមេធាវីចូលជំនួស។

លោកបន្ថែមថា៖ «យើងគិតថា វាមិនមានហេតុផល ឬ ក៍អំណះអំណាងគ្រប់គ្រាន់ដើម្បីធ្វើការ ចោទប្រកាន់ទេ។ ខ្ញុំគិចថាអញ្ចឹង ព្រោះយើងគិចថារឿងហ្នឹងវាលើកគោកៗពេក ទី១ចិត្តនិង ចេតនារបស់យើងវាមិនមែនអញ្ចឹង គេប្រឡប់ពាក្យសម្តីរបស់យើងទាំងអស់ ហើយគេបង្ខំឲ្យ យើងទទួល យើងទទួលវាមិនកើត ទី២យើងគិតថាតុលាការគាត់យល់អំពីដំណើររឿងទាំង អស់ហ្នឹងដែរ ដល់ពេលតុលាការសម្រេចយកអារឿងហ្នឹងមកធ្វើការចោទប្រកាន់ អាហ្នឹង សម្រាប់យើងវាអស់អីត្រូវនិយាយហើយ បើថាគេឲ្យយើងទៅយើងទៅហ្នឹងឯង យើងមិនដឹង ធ្វើម៉េចទេ ពីព្រោះយើងដឹងពាក្យសម្តីរបស់យើងចំពោះអ្នកមិនទាន់យល់វាប៉ះទង្គិចខ្លាំងហើយ ប៉ុន្តែសម្រាប់អ្នកដែលគេយល់គាត់យកលុយមកចូល ហើយគាតថ្វាយអង្គុំយើងចូលទៀត»

ក្នុងពាក្យបណ្ដឹងចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ លោក សុច សឿង ឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងវេទិកាជួបជុំគ្នារបស់លោក ខឹម វាសនា បានជេរប្រមាថជាសាធារណៈ ហើយការជេរប្រមាថនេះត្រូវផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

លោក សុច សឿង ជាម្ចាស់បណ្តឹងបញ្ជាក់បន្ថែមថា លោក ខឹម វាសនា បានជេរប្រមាថ មើលងាយពូជសាសន៍ខ្មែរ ហើយប្រើពាក្យអសុរសជាច្រើននេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ។

លោក សុច សឿង បន្តថា លោកក៏បានដាក់ពាក្យបណ្ដឹងមួយទៀតទៅស្ថាប័នព្រះមហាក្សត្រដើម្បី​ឲ្យជួយអន្តរាគមន៍ ទប់ស្កាត់​នូវសកម្មភាព​របស់អ្នកនយោបាយរូបនេះផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ