ការស្ទង់មតិមួយដែលទើបត្រូវបាន លោក សម រង្ស៊ី ទម្លាយហើយមានការទទួលស្គាល់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាផងនោះ បង្ហាញថា អ្នកចូលចិត្តលោក ហ៊ុន សែន មានចំនួន៥៥% កាលពីខែឧសភា បានថយចុះមកនៅ៤០%នៅខែកញ្ញាឆ្នាំ២០១៦។
ចំណែក លោក សម រង្ស៊ី មានអ្នកចូលចិត្ត៥៨% កាលពីខែឧសភា ថយមកនៅ៤៦% នៅខែកញ្ញាឆ្នាំ២០១៦ ខណៈលោក កឹម សុខា មានអ្នកចូលចិត្ត៥០% នៅកញ្ញាឆ្នាំ២០១៦ ដោយមិនឃើញការស្ទង់មតិកាលពីខែឧសភាឆ្នាំ២០១៦នោះទេ។
ការស្ទង់មតិដែលគេជឿថា គណបក្សប្រជាជនកម្ពុជាជាអ្នកជួលឲ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសអ៊ីស្រាអែលធ្វើនោះ បង្ហាញទៀតថា អ្នកចូលចិត្តគណបក្សប្រជាជនកម្ពុជា មាន៤១% កាលពីខែកញ្ញាឆ្នាំ២០១៦ ខណៈអ្នកចូលចិត្តគណបក្សសង្រ្គោះជាតិមាន៤៧% ក្នុងពេលជាមួយគ្នានោះ។
ចំណែក គោលនយោបាយកាត់បន្ថយអំពើពុករលួយវិញ ការស្ទង់មតិដដែលបង្ហាញថា ៣១% ជឿជាក់លើ លោក ហ៊ុន សែន ហើយ ៣២% ជឿជាក់លើគណបក្សប្រជាជន ខណៈ៦០% ជឿលើ លោក សម រង្ស៊ី និងគណបក្សសង្រ្គោះជាតិ។
ទាក់ទងលទ្ធស្ទង់មតិនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកបានដឹងចំពោះការស្ទង់មតិនេះហើយ ប៉ុន្តែលោកចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថា គ្រាន់តែជាការលើកទឹកចិត្តដល់គណបក្សប្រឆាំងតែប៉ុណ្ណោះ។
លោកថា «ខ្ញុំថា អានេះជាការលើកតម្កើងខ្លួនឯងពេក ដឹងថាសម រង្ស៊ី វាបាត់ជីវិតនយោបាយ ស្លាប់ហើយជិវិតនយោបាយរបស់គាត់។ ចឹងគាត់ចង់ទាញអារម្មណ៍ប្រជាជនគាត់ប្រឌិតរឿងហ្នឹងឡើង ថាគាត់នៅមានតួនាទីសំខាន់នៅក្នុងសង្គមជាតិកម្ពុជាគ្មានអីខុសពីរឿងហ្នឹងទេ ចឹងគាត់មិនខ្លាចអីរឿងប្រឌិតព័ត៌មានទេ»។
ប៉ុន្តែការស្ទង់មតិនេះ បង្ហាញថា លោក ហ៊ុន សែន និងគណបក្សកាន់អំណាច បាននាំមុខ លោក សម រង្ស៊ី និងគណបក្សប្រឆាំង ក្នុងការកសាងស្ពាន ថ្នល់ សាលារៀន ដោយមានការជឿជាក់ ៦៥%ទល់នឹង៣១%។
លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេសនោះ ក៏បានភ្ជាប់មកជាមួយនូវរបាយការណ៍ស្ទង់មតិមួយនេះកម្រាស់ ៥០ទំព័រ ដែលឯកសារនោះ បានភ្ជាប់នៅខាងក្រោមទំព័រនូវឈ្មោះក្រុមហ៊ុន SHAVIV STRATEGY & CAMPAIGNS។
អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថា មូលហេតុដែលធ្វើឲ្យចំនួនអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាថយចុះ ចាប់ពីខែឧសភា ដល់ខែកញ្ញាឆ្នាំ២០១៦នោះ ដោយសារ បញ្ហាអសន្តិសុខដូចជាការបាញ់សម្លាញ់លោក កែម ឡី ។ លោកបន្តថា បញ្ហាមួយទៀតដែលធ្វើឲ្យរដ្ឋាភិបាលថយចុះអ្នកគាំទ្របន្តទៀតនោះ គឺការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក គំរាមកំហែងគណបក្សប្រឆាំង។
លោកថា «បញ្ហាសន្តិសុខមានន័យថា មនុស្សមានម៉ូតូខ្លាចបាត់ម៉ូតូ មនុស្សមាន់ខ្លាចគេលួចមាន់ រួមទាំងករប្រើប្រាស់គ្រឿងញៀន ក៏ចាត់ទុកការប្រើប្រាសស់គ្រឿងញៀនគឺជាប្រភពមួយធ្វើឲ្យមានចោរប្លន់ច្រើនចឹង។ ប៉ុន្តែចោរប្លន់ចោរលួចអីគឺជាបញ្ហាធំជាងគេសម្រាប់ប្រជាពលរដ្ឋ ដោយសារចឹងហើយបានការសម្លាប់បង កែមឡី គឺប៉ះពាល់ធ្ងន់ធ្ងរទៅលើកគណបក្សកាន់អំណាច លទ្ធផលគឺបែបហ្នឹង។ ទី២ នៅក្នុងព្រឹត្តិការណ៍រវាងប៉ុន្មានខែគឺមានការប្ដឹងច្រើន ពេលនោះមានទាំងការប្ដឹងរូបខ្ញុំតាំងពីលោក កឹម សុខា ជាពិសេសការការប្ដឹងទាក់ACU ក៏ច្រើនណាស់ជាមួយមន្ត្រីអាដហុកគឺច្រើនមែនទែន ដោយសារចឹងហើយ ព្រឹត្តិការទាំងអស់ប៉ះពាល់ប្រជាប្រិយភាពគណបក្សកាន់អំណាចខ្លាំង»។
ការស្ទង់មតិនេះ ត្រូវបានគេសាកសួរទៅកាន់មនុស្សដែលជាសំណាកចំនួន ៥ ៣៧៩នាក់នៅកម្ពុជា តាមរយៈវិធីសាស្ត្រសម្ភាសទល់មុខគ្នា នៅចន្លោះថ្ងៃទី២២ខែកញ្ញា រហូតដល់ថ្ងៃទី ១៩ខែតុលា ឆ្នាំ២០១៦៕