ប្រវត្តិនិងដំណើរការច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក​ Global Magnitsky

អតីតប្រធានាធិបតីអូបាម៉ា ចុះហត្ថលេខាលើច្បាប់ Magnitsky នៅខែធ្នូឆ្នាំ 2012 (រូបភាព៖ www.cipe.org)

Global Magnitsky គឺជាច្បាប់សិទ្ធិមនុស្សរបស់អាមេរិក បង្កើតឡើង​ដើម្បីចាត់វិធានការដាក់ទណ្ឌកម្មដល់ជនណាដែលរកឃើញថា មានការរំលោភសិទ្ធិមនុស្ស ឬប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។​​

ប្រវត្តិនៃរឿងក្តី

ប្រវត្តិដើមកើតចេញពីរឿងរ៉ាវបុរសម្នាក់ឈ្មោះ Sergei Magnitsky ជនជាតិរុស្ស៊ី លោកគឺជាមន្ត្រីធ្វើការនៅស្ថាប័នប្រឆាំងអំពើពុករលួយហើយ សកម្មក្នុងការស៊ើបអង្កេតលើរឿងធំៗដែលពាក់ព័ន្ធការពុករលួយច្រើន។​

បន្ទាប់មកលោកត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០០៨ដោយចោទថា បានលួចលុយរបស់ជាតិ។ អ្នកសារព័ត៌មាន និងក្រុមការពារសិទ្ធិមនុស្សព្យាយាមស្វែងរកប្រភពពីសមត្ថកិច្ចទាំងផ្លូវការនិងមិនផ្លូវការថា តើមានភស្តុតាងអ្វីខ្លះដែលបង្ហាញថា លោក Sergei Magnitsky បានលួចលុយរបស់ជាតិ? ហើយលួចក្នុងទំហំប៉ុណ្ណា? ប៉ុន្តែមិនមានភស្តុតាងបង្ហាញទេ។​

រហូតដល់ឆ្នាំ២០០៩ស្ថិតនៅក្នុងពន្ធនាគារ១១ខែដោយមិនបានជំនុំជម្រះ លោកបានស្លាប់នៅក្នុងពន្ធនាគារគឺមុនពេលដោះលែង៧ថ្ងៃ។​ អង្គការឃ្លាំមើលសិទ្ធិមនុស្សHuman Right Watch និងរបាយការណ៍ផ្សេងៗទៀតអះអាងថា បុរសរូបនេះមុនការស្លាប់ទទួល​ការធ្វើទារុណកម្ម និងមិនទទួលបានការព្យាបាលពេលមានជំងឺនោះទេ។​

នៅឆ្នាំ២០១៣ សមាគមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ(ICIJ) រកឃើញថា លោក Sergei Magnitsky ធ្លាប់បើកការស៊ើបអង្កេតលើក្រុមហ៊ុន​ធំៗចំនួន​២៣ ដែលជាប់ព័ន្ធពាក់ព័ន្ធនិងការគេចពន្ធលើទឹកប្រាក់ប្រមាណ២៣០លានដុល្លារ និងករណីមួយទៀតដែលមន្ត្រីពន្ធដាររបស់រុស្ស៊ីយកប្រាក់រាប់លានដុល្លារទៅផ្ញើនៅធនាគារក្នុងប្រទេសស្វីស។​

ករណីទាំងនេះគេសង្ស័យថា ដោយសារតែប៉ះពាល់ដល់ប្រយោជន៍នៃក្រុមពុករលួយទើបមានការចាប់ខ្លួន​លោក Sergei Magnitsky ឃុំខ្លួននិងធ្វើទារុណកម្មរហូតដល់ស្លាប់។​

ដំណើរការបង្កើតច្បាប់

នៅចុងឆ្នាំ២០១២ សភានិងប្រធានាធិបតីអាមេរិក​ដែលកាលនោះស្ថិតក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា បានអនុម័តច្បាប់មួយឈ្មោះ Magnitsky Act ដើម្បីចាត់វិធានការលើមន្ត្រីរុស្ស៊ីដែលរកឃើញថា មានការរំលោភសិទ្ធិមនុស្សនិងអំពើពុករលួយធ្ងន់ធ្ងរ។ វិធានការនេះ គឺការបង្កកទ្រព្យសម្បត្តិដែលមាននៅអាមេរិកនិងមិនឲ្យចូលទឹកដីអាមេរិក។​

រហូតដល់ឆ្នាំ២០១៦ សភាបានយកច្បាប់ដែលផ្តោតលើករណីបុរសជនជាតិរុស្ស៊ីដដែលនោះ កែសម្រួលទៅជា Global Mangitsky ដែលច្បាប់ថ្មីនេះមានវិសាលភាពឲ្យអាមេរិកអនុវត្តបាននៅលើពិភពលោក។

ប្រសិទ្ធិភាពនៃការអនុវត្ត

បើតាមខ្លឹមសារច្បាប់អនុវត្តនៅតែផ្តោតលើចំណុចពីរសំខាន់ដ​ដែលគឺហាមមិនឲ្យចូលទឹកដីអាមេរិក ​និងការបង្កកទ្រព្យសម្បត្តិ។ ប្រសិទ្ធិភាពនៃការអនុវត្តគឺហាមធ្វើប្រតិបត្តិការផ្សេងៗលើទ្រព្យសម្បត្តិរបស់អ្នកដែលរងការចោទប្រកាន់។ ក្នុងច្បាប់កំណត់ថា ទាំងក្រុមហ៊ុនរបស់អាមេរិកនិងក្រុមហ៊ុនផ្សេងៗចងបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនអាមេរិក ដែលសហការធ្វើសកម្មភាពជាមួយជនដែលរងការដាក់ទណ្ឌកម្មនេះគឺក្រុមហ៊ុនទាំងនោះក៏ត្រូវទទួលរងទណ្ឌកម្មដូចគ្នាដែរ។​

នៅក្នុងច្បាប់ Global Magnitsky កំណត់ថា ជនបរទេសណាដែលមានការសង្ស័យត្រូវបញ្ជូនសំណុំរឿងទៅឲ្យក្រសួងការបរទេស ក្រសួងរតនាគារ និងក្រសួងយុត្តិធម៌របស់អាមេរិក​ ជាអ្នកពិភាក្សានិងសម្រេច។​

ចំនួនអ្នកដែលស្ថិតនៅក្រោមការស៊ើបអង្កេត៥២នាក់​

កាលពីខែសីហាឆ្នាំ២០១៧ សមាជិកព្រឹទ្ធសភាអាមេរិក​ដែលដឹកនាំដោយលោក  John McCain បានផ្ញើឈ្មោះមនុស្ស២០នាក់ទៅឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល ត្រាំ ដើម្បីពិនិត្យនិងចាត់វិធាន។

រហូតដល់ចុងខែធ្នូឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិក​បានកំណត់ឈ្មោះមនុស្ស១៣នាក់​ ចំណែក​ក្រសួងរតនាគារបានពិភាក្សាជាមួយក្រសួងការបរទេស និងក្រសួងយុត្តិធម៌​កំណត់ឈ្មោះអ្នកដែលត្រូវដាក់ទណ្ឌកម្ម៣៩នាក់ផ្សេងទៀត ដែលសរុប៥២ត្រូវចាត់វិធានការ។​

ប្រទេសផ្សេងៗមិត្តអាមេរិក​

ប្រទេសផ្សេងៗជាច្រើនទៀត ដូចជា កាណា និងបណ្តាប្រទេសនៅអឺរ៉ុប សភារបស់ពួកគេបានអនុម័តច្បាប់ប្រហាក់ប្រហែលអាមេរិកនេះដែរ ដើម្បីដាក់ទណ្ឌកម្មលើជនបរទេស ដែលរកឃើញថា មានការប្រព្រឹត្តអំពើពុករលួយនិងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជា អង់គ្លេសអនុម័តដើមឆ្នាំ២០១៧ និង អ៊ីស្ត័រនៀ អនុម័តនៅឆ្នាំ២០១៦។​ ប៉ុន្តែបណ្តាប្រទេសផ្សេងៗទាំងនោះមិនទាន់សូវចេញមុខដាក់ទណ្ឌកម្មលើជនបរទេសដូចអាមេរិកនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ