អាមេរិក និង​ចិន​គំរាម​បន្ថែម​ពន្ធ​គយ​ដាក់​គ្នា​ បង្ក​ក្ដី​បារម្ភ​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភព​លោក

លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីងពីង

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ចុះ​ផ្សាយ​ថា មេដឹកនាំ​អាមេរិក​បាន​គំរាម​ដាក់​ពន្ធ​គយ​បន្ថែម​ទៀត​ទៅ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន ដែល​ជំរុញ​ឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន កាន់​តែ​តាន​តឹង​ថែម​ទៀត។

រដ្ឋ​បាល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ​បាន​ដាក់​រួចម​ក​ហើយ​នូវ​ពន្ធ​គយ​ទៅ​លើ​ទំនិញ​នាំ​ចូលពី​ចិន​មាន​តម្លៃ ៥០​ពាន់​លាន​ដុល្លារ ដែល​នាំ​ឲ្យ​ចិន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ជាមួយ​ការ​កំណត់​យក​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​ពី​អាមេរិក​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង ៥០​ពាន់​លាន​ដុល្លារ​ផង​ដែរ។

ខណៈ​ដែល​ចិន​សង​សឹក​ត្រឡប់​មក​វិញ​នោះ ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ដក​ស្រង់​សម្ដី​លោក ត្រាំ ដែល​បាន​គំរាម​ថា នឹង​បញ្ចេញ​ផែនការ​ផ្សេង​ទៀត ដើម្បី​កំណត់​យក​ពន្ធ​គយ ១០​ភាគរយ​​ទៅ​លើ​ទំនិញ​ចិន​ដទៃ​ទៀត​មាន​តម្លៃ​ដល់​ទៅ ២០០​ពាន់​លាន​ដុល្លារ។

លោក ត្រាំ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា​ រដ្ឋ​បាល​របស់​លោក​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ចិន​ឲ្យ​ផ្លាស់​ប្ដូរ​ការ​អនុវត្ត​ពាណិជ្ជកម្ម​ដោយ​មិន​ស្មើភាព បើក​ទីផ្សារ​សម្រាប់​ទំនិញ​អាមេរិក និង​ទទួល​យក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​កាន់​តែ​មាន​តុល្យភាព​នឹង​គ្នា។

ប្រឈម​មុខ​នឹង​សំឡេង​គំរាម​បែប​នេះ ក្រុង​ប៉េកាំង​ក៏​បាន​បន្ត​ប្រតិកម្ម​តប​មក​វិញ​ទៀត ដោយ​ប្រកាស​ថា នឹង​ចាត់​វិធានការ​ទាំង​បរិមាណ និង​គុណភាព ប្រសិន​បើ​អាមេរិក​កំណត់​ពន្ធគយ​បន្ថែម​ទៀត​ទៅ​លើ​ទំនិញ​របស់​ចិន​នោះ។

ក្រសួង​ពាណិជ្ជកម្ម​ចិន​ត្រូវ​បាន​រ៉យទ័រ​ដក​ស្រង់​សម្ដី​ដែល​និយាយ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា សម្ពាធ​ដ៏​ជ្រុល​បែប​នេះ​របស់​អាមេរិក បាន​ឃ្លាត​ឆ្លាយ​ពី​អ្វី​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ​នោះ ហើយ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ខក​ចិត្ត។

អាមេរិក និង​ចិន បាន​ឈាន​ដល់​ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជកម្ម​នឹង​គ្នា​ បន្ទាប់​ពី​​អាមេរិក​បាន​ប្រកាស​កំណត់​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន​មាន​តម្លៃ ៥០​ពាន់​លាន​ដុល្លារ ដែល​វិធានការ​ថ្មី​នេះ នឹង​ចាប់​ផ្ដើ​ម​អនុវត្ត​ចាប់​ពី​ខែ​ក្រោយ​នេះ។

សង្គ្រាម​ពាណិជ្ជកម្ម​កាន់​តែ​រីក​ធំរវាង​អាមេរិក និង​ចិន​នេះ បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​វិភាគ​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​ក្ដី​បារម្ភ​ថា វា​នឹង​រីក​រាល​ដាល​ទៅ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​ទាំង​មូល និង​មាន​ការ​រឹត​បណ្ដឹង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​បន្ថែម​ទៀត​រហូត​ដល់​បញ្ហា​ផ្ទុះ​ទៅ​ហួស​ពី​ការ​គ្រប់​គ្រង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ