មន្ត្រីរដ្ឋាភិបាល​ថា​ការអំពាវនាវរបស់មេបក្ស​ប្រ​ឆាំងឲ្យ​អឺរ៉ុប​បិទទីផ្សារនាំចូលទំនិញកម្ពុជា​ធ្វើ​ឲ្យ​កម្មករ​បាត់ចំណូល

កម្មករ-កម្មការិនីរោងចក្រ (រូបភាពផ្តល់ឲ្យ)

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាចាត់ទុកការអំពាវនាវរបស់ប្រធានគណបក្សសង្គ្រោះជាតិថាឲ្យអឺរ៉ុបបិទការនាំទំនិញកម្ពុជាចូលសហភាពអឺរ៉ុបនោះថា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិងបាត់បង់ការងាររបស់កម្មករ។

ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសលោក សម រង្សី កាលពីថ្ងៃទី១៣ ខែកក្កដា ក្នុងបទអន្តរាគមន៍របស់លោកមួយដែលធ្វើឡើងនៅចំពោះមុខសភាអឺរ៉ុប លោកបានអំពាវនាវឲ្យអឺរ៉ុបបិទការនាំចូលទំនិញវាយណភណ្ឌពីកម្ពុជានិងថាអាចបើកឲ្យនាំចូលវិញបានលុះត្រាតែមានលក្ខខណ្ឌនយោបាយណាមួយ។ លោក សម រង្ស៊ី ថាការបិទការនាំចូលនេះមិនប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ តែប៉ះពាល់ដល់អ្នកវិនិយោគធំៗនិងថានេះជាសម្ពាធលើរដ្ឋាភិបាលកម្ពុជាជំរុញឲ្យពិចារណាឡើងវិញពីស្ថានការណ៍នយោបាយកម្ពុជា។

ប៉ុន្តែក្នុងសន្និសិទសារព័ត៌មាននៅល្ងាចថ្ងៃចន្ទនៅទីស្តីការក្រសួង រដ្ឋលេខាធិការក្រសួងការបរទេសលោក អ៊ុច បូររិទ្ធ ថាលោក សម រង្ស៊ី មិនសមជាអ្នកនយោបាយកម្ពុជានោះទេ ដោយលោកថាការអំពាវនាវរបស់លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់ជីវភាពកម្មករ-កម្មការិនី និងជាពិសេសសេដ្ឋកិច្ចកម្ពុជា។

លោកបន្ថែមថា៖ “បងប្អូនក្មួយៗដែលជាពលករ-ពលការិនីរាប់សិបរាប់ម៉ឺននាក់ដែលត្រូវអត់ការងារធ្វើ តើលោក រង្ស៊ី មានដឹងថាត្រូវធ្វើយ៉ាងម៉េចទេដើម្បីដោះស្រាយបញ្ហានេះ។ អ្វីដែលរដ្ឋាភិបាលធ្វើដែលមានសម្តេចតេជោជាប្រមុខ លោកតែងខិតខំប្រឹងប្រែងដើម្បីរកវិនិយោគទុន ដើម្បីមកអភិវឌ្ឍនៅប្រទេសរបស់យើង គេបង្កើតរោងចក្រដើម្បីឲ្យពលករ-ពលការិនីមានការងារធ្វើ…ពេលដែលយើងផលិតហើយ យើងនាំចេញទៅលក់ខាងក្រៅ ហើយឥឡូវខ្លួនឯង(លោក សម រង្ស៊ី)ជាអ្នកដឹកនាំនយោបាយទៅអំពាវនាវឲ្យគេកាត់ជំនួយហើយឲ្យគេកុំទិញឥវ៉ាន់ពីកម្ពុជាទៀត ខ្ញុំជឿថាសមាជិក EU គេមិនល្ងង់តាមការអំពាវនាវរបស់លោក សម រង្ស៊ី ទេ

ប្រធានសហព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា មិនគាំទ្រចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី នោះទេ ដោយលោកថាបើសិនជាមានការបិទការនាំចូលទំនិញវាយណភណ្ឌពីកម្ពុជាទៅកាន់អឺរ៉ុបនោះ លោកថាកម្មករ-កម្មការិនីរាប់សែននាក់នឹងអត់ការងារធ្វើនិងអ្នកទទួលផលដោយប្រយោលពីវិស័យនេះជាច្រើននាក់ទៀតនឹងរងផលប៉ះពាល់ដូចគ្នា។ លោកបន្តថា អ្នកនយោបាយគួរដោះស្រាយញ្ហានយោបាយដោយវប្បធម៌សន្ទនានិងរក្សាប្រយោជន៍ជាតិជាធំ។

លោកបន្ថែមថា៖ “គួរតែអ្នកនយោបាយជាអ្នកដោះស្រាយគ្នាសម្របសម្រួលគ្នា ហើយបន្តវប្បធម៌សន្ទនាបន្តទៀត ក្នុងនាមជាពូជសាសន៍ខ្មែរដូចគ្នាគម្បីគួរផ្តោតលើបញ្ហាជាតិជាចម្បង ហើយការដែលសំណូមពរឲ្សភាពអឺរ៉ុបបិទការនាំទំនិញទៅទីផ្សារអឺរ៉ុប ខ្ញុំថាកំពុងតែធ្វើឲ្យកម្មករជិត១លាននាក់បាត់បង់ចំណូលនិងអ្នកទទួលផលពីវិស័យហ្នឹងដោយ(ប្រយោល)ជាងពីរបីលាននាក់ទៀត

ទោះយ៉ាងណាតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ូ ច័ន្ទឬទ្ធិ ថាការអំពាវនាវរបស់ប្រធានគណបក្សខ្លួននេះមិនមានចេតនាឲ្យអឺរ៉ុបបិទទីផ្សារនាំចូលទំនិញពីកម្ពុជានោះទេ តែលោកថាគឺក្នុងន័យឲ្យអឺរ៉ុបធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិការងារកម្មករ-កម្មការិនី និងលក្ខខណ្ឌការងារក្នុងវិស័យនេះ។

បើតាមព្រឹត្តិបត្រព័ត៌មានរបស់អង្គការអន្តរជាតិខាងការងារចេញផ្សាយកាលពីខែកក្កដាឆ្នាំ២០១៥ កម្មករ-កម្មការិនីបម្រើការក្នុងវិស័យកាត់ដេរមានចំនួន៦សែននាក់ ហើយក្នុងនោះ៨៦ភាគរយជាស្រី្តវ័យក្មេងនៅក្នុងរោងចក្រចំនួន៦៤០។ ផលិតផលក្នុងវិស័យនេះនាំចេញទៅកាន់ទីផ្សារអឺរុបមានចំនួន៤២ភាគរយ ទៅកាន់ទៅផ្សារអាមេរិកចំនួន៣៤ និង២៤ភាគរយទៀតនាំទៅកាន់ទីផ្សារជប៉ុននិងកាណាដាជាដើម។ ជាមួយគ្នានេះទំហំទឹកប្រាក់នៃការនាំចេញផលិតផលវាយណភណ្ឌនៅឆ្នាំ២០១៤មានចំនួន៥ ៨១៧លានដុល្លារ។ នេះបើតាមទិន្នន័យរបស់អង្គការអន្តរជាតិខាងការងារដដែល។

គួរបញ្ជាក់ដែរថាបច្ចុបន្នកម្មករ-កម្មការិនីក្នុងវិស័យនេះមានប្រាក់ឈ្នួលគោលអប្បបរមាចំនួន១៤០ដុល្លារឡើងពី១២៨ដុល្លារក្នុងឆ្នាំ២០១៥។ ភាគីពាក់ព័ន្ធនឹងរៀបចំការពិភាក្សាដំឡើងប្រាប់ឈ្នួលគោលអប្បបរមានេះបន្តទៀតនៅចុងឆ្នាំ២០១៦នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ