លោក សម រង្ស៊ី ការពារ​ជំហរ​ក្រោយ​អំពាវ​នាវ​ឲ្យ​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា

លោក សម រង្ស៊ី កាលពីពេលកន្លង

មេដឹកនាំដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី នៅរសៀលថ្ងៃអង្គារនេះបានបកស្រាយពន្យល់ថាការអំពាវនាវរបស់លោកឲ្យអឺរ៉ុបបិទការនាំចូលទំនិញពីប្រទេសកម្ពុជា គឺដើម្បីជំរុញឲ្យមេដឹកនាំកម្ពុជាបច្ចុប្បន្នចេះកែខ្លួននិងដើម្បីឲ្យកម្មករមានការងារកាន់តែច្រើននិងទទួលបានប្រាក់ខែកាន់តែច្រើនថែមទៀត។

នៅក្នុងបទអន្តរាគមន៍មួយនៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃទី១៣ ខែកក្កដាកន្លងមក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះបានអំពាវនាវឲ្យអឺរ៉ុបបិទការនាំចូលទំនិញវាយណភណ្ឌពីកម្ពុជានិងថាអាចបើកឲ្យនាំចូលវិញបានលុះត្រាតែមានលក្ខខណ្ឌនយោបាយណាមួយ។

ប៉ុន្តែរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោក អ៊ូច បូរិទ្ធិ និងមេដឹកនាំសហជីពលោក ប៉ាវ ស៊ីណា រិះគន់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី នឹងធ្វើឲ្យប្រទេសកម្ពុជាខាតបង់ប្រយោជន៍ ហើយកម្មករ-កម្មការិនីរាប់សែននាក់នឹងបាត់បង់ការងារ។

ទោះជាយ៉ាងណាលោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃអង្គារនេះ ដោយបានសេរសេរថា៖ «ពេលស្នើឲ្យដាក់លក្ខខណ្ឌចំពោះជំនួយអន្តរជាតិឬចំពោះការបើកទីផ្សារនៅបរទេសរបស់ខ្ញុំ គឺចង់ឲ្យមេដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃចេះកែខ្លួនដើម្បីជម្រើសទី១»។

លោកបានពន្យល់បន្ថែមថា ជម្រើសទី១គឺបញ្ឈប់ការគាប់សង្កត់លើប្រជាពលរដ្ឋ បញ្ឈប់ការរំលោភសិទ្ធិមនុស្សហើយងាកទៅគោរពលទ្ធិប្រជាធិបតេយ្យ។

នៅព្រឹកថ្ងៃនេះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ក៏បានថ្លែងការពារជំហររបស់លោក សម រង្ស៊ី ផងដែរ ដោយលោកបញ្ជាក់ប្រាប់អ្នកគាំទ្រថា លោក សម រង្ស៊ី មិនចង់ឲ្យកម្មករខ្មែរវេទនានោះឡើយ ផ្ទុយទៅវិញលោក សម រង្ស៊ី ចង់ឲ្យកម្មករខ្មែរមានប្រាក់ខែគ្រប់គ្រាន់និងធ្វើការតាមច្បាប់ទម្លាប់ត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ