អាមេរិកជំរុញឲ្យទម្លាក់ការចោទប្រកាន់លើមន្រ្តីសិទ្ធិមនុស្សនិងបក្សប្រឆាំង

លោក Tom Malinowski ក្នុង​សន្និសីទសារព័ត៌មាន​នៅ​ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ (រូបភាព៖ លោក សាម សុជាទិញ)

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកដែលបានមកបំពេញទស្សកិច្ចនៅកម្ពុជា២ថ្ងៃមកនេះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ការចោទប្រកាន់លើមន្ត្រីបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស ដោយថាដើម្បីធានាឲ្យមានស្ថេរភាពនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារលោក Tom Malinowski លើកឡើងក្នុងសន្និសីទសារព័ត៌មាននៅស្ថានទូតអាមេរិក នារសៀលនេះថា ក្នុងរយៈពេលពីរថ្ងៃនៃការបំពេញទស្សនកិច្ចរបស់លោកនៅកម្ពុជានេះ លោកបានជួបមន្ត្រីរដ្ឋាភិបាល មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង។

លោក Tom Malinowski លើកឡើងថា ក្រោយពីបានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ លោកថាលោកមានក្តីបារម្ភចំពោះការចាប់ខ្លួន និងការចោទប្រកាន់លើមន្ត្រីបក្សប្រឆាំង មន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប។ លោកបន្តថា សហរដ្ឋអាមេរិកគាំទ្រចំពោះការអនុវត្តនីតិរដ្ឋ និងថាគ្មាននរណាម្នាក់រួមទាំងអ្នកនយោបាយផងអាចនៅលើច្បាប់នោះទេ។ ទោះយ៉ាងណា លោកថានៅប៉ុន្មានខែចុងក្រោយនេះ មានការចាប់ខ្លួន និងចោទប្រកាន់ទៅលើអ្នកដែលគេមើលឃើញថាតែងរិះគន់រដ្ឋាភិបាល និងតំណាងរាស្រ្តបក្សប្រឆាំង ដែលបញ្ហានេះហាក់កើតមានឡើងចំពោះភាគីតែម្ខាង។

លោកបន្តថា៖ “យើងបានជំរុញរដ្ឋាភិបាលដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្ស…រូមទាំងមន្ត្រីសមាគមអាដហុក និងអគ្គលេខាធិការរងគ.ជ.ប…យើងគិតថាគណបក្សទាំងពីរគួរតែវិលទៅរកវប្បធម៌សន្ទនាឡើងវិញ…វប្បធម៌សន្ទនាគឺ ជារឿងល្អសម្រាប់កម្ពុជា និងល្អសម្រាប់បក្សជាប់ឆ្នោតទាំងពីរ…ហើយភាគីទាំងពីរមានការទទួលខុសត្រូវក្នុងការសម្របសម្រួលគ្នា…វប្បធម៌សន្ទនាទំនងជាមិនអាចកើតឡើងវិញបានទេបើសិនជាការចោទប្រកាន់ និងទណ្ឌកម្មកើតមានតែលើភាគីម្ខាង។ បង្កើតលំហសម្រាប់អ្នកគ្រប់គ្នា ទាំងអ្នកនយោបាយបក្សប្រឆាំង និងសង្គមស៊ីវិលដើម្បីធ្វើការរបស់ខ្លួន ជារឿងដែលសំខាន់សម្រាប់វប្បធម៌សន្ទនា”

លោក Tom Malinowski លើកឡើងទៀតថា ការឃុំខ្លួន ការចោទប្រកាន់សកម្មជនសិទ្ធិមនុស្ស សកម្មជនបក្សប្រឆាំង និង គឺជាកក្តាមួយដែលធ្វើឲ្យប៉ះពាល់ភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជា។ មកដល់ចំណុចនេះ លោកថា វប្បធម៌សន្ទនាគួរតែត្រូវបានលើកយកមកអនុវត្តឡើងវិញ។

ទាក់ទងនឹងអ្វីដែល លោក Tom Malinowski បានលើកឡើងនេះ  រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ បានប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញក្រោយជំនួបជាមួយលោកឧបការីរូបនេះថា លោកបាននិយាយប្រាប់អាមេរិកថា ស្ថានភាពនយោបាយកម្ពុជានៅធម្មតា។ លោកនិយាយទៀតថា អ្នកដែលជាប់ឃុំ និងរងបណ្តឹងតុលាការជារឿងរបស់បុគ្គលដែលបានប្រព្រឹត្តបទល្មើសដោយខ្លួនឯង។

លោកបន្ថែមថា៖ “គឺកម្ពុជា រដ្ឋាភិបាលយើងបានប្តេជ្ញាចិត្តអនុវត្តគោលនយោបាយប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្តែក្នុងក្រមខណ្ឌច្បាប់ … ហើយបញ្ហានេះគឺ ជារឿងបញ្ហាបុគ្គល វាមិនមែនជាបញ្ហាពាក់ព័ន្ធទៅនឹងអង្គការ ក៏ដូចជាគណបក្សនយោបាយទេ ហើយខ្ញុំបញ្ជាក់ថារឿងដែលកើតឡើងនេះជារឿងបុគ្គល”

ទាក់ទងនឹងការលើកឡើងរបស់ឧបការីរដ្ឋមន្ត្រីអាមេរិកជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរបន្តអនុវត្តវប្បធម៌សន្ទនានោះ លោក អ៊ុច បូររិទ្ធ ថាគណបក្សប្រឆាំងខ្លួនឯងទេ ដែលបានបំពានកិច្ចព្រមព្រៀងថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ និងថាតែងតែ “អុចអាល” ឲ្យមានការរើសអើសពូជសាសន៍ជាដើម។

គួរបញ្ជាក់ថា មន្ត្រីគ.ជ.ប មន្ត្រីការពារសិទ្ធិមនុស្សអាដហុក និងសកម្មជនគណបក្សប្រឆាំងមួយចំនួនកំពុងជាប់ពន្ធនាគារ និងខ្លះកំពុងជាប់ឃុំបណ្តោះអាសន្ន ខណៈដែលមន្ត្រីគណបក្សប្រឆាំងផ្សេងទៀតំពុងជាប់បណ្តឹងនៅតុលាការ និងកំពុងនិរទេសខ្លួនទៅបរទេសជាដើម។ អ្វីទាំងអស់នេះ ធ្វើឲ្យអង្គការជាតិ អន្តរជាតិមួយចំនួន និងគណបក្សប្រឆាំង ថាកម្ពុជាកំពុងមានវិបត្តិនយោបាយ តែបក្សកាន់អំណាចច្រានចោលការលើកឡើងបែបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ