លិខិតមិត្តអ្នកអាន៖ លោក​ សម​ រង្ស៊ី​ ​​អំពាវនាវឱ្យ​សហភាព​អឺរ៉ុបដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ​ធ្វើ​​ជា​វិធីសាស្ត្រក្នុងការចរចា មាន​ប្រសិទ្ធភាព​ឬ​ទេ​? (ភាគ១)

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ក្រោយផ្ទុះប្រតិកម្មខ្លាំងប្រឆាំងពីច្រើនមជ្ឈដ្ឋានសូម្បីតែពីសហជីពនិងកម្មករ លោក សម រង្ស៊ី ក៏បានឆ្លើយបដិសេធនៅថ្ងៃទី២១ កក្កដា ថា លោកមិនបានអំពាវនាវឲ្យសហភាពអឺរ៉ុប បិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជានោះទេ ហើយនៅថា រដ្ឋាភិបាលមួលបង្កាច់រូបលោកទៅវិញ។

អមដោយវីឌីអូ លោកបានបង្ហោះសារនៅលើក្នុងទំព័រហ្វេសប៊ុករបស់លោកថា «…រដ្ឋាភិបាលកំពុងតែភូតកុហកប្រជាពលរដ្ឋ ជាពិសេសកម្មករ ដោយមួលបង្កាច់ខ្ញុំ ថាខ្ញុំបានស្នើសហគមន៍អឺរ៉ុបឲ្យបិទទីផ្សារសម្រាប់សម្លៀកបំពាក់ ដែលនាំចេញពីប្រទេសកម្ពុជា។ វីដេអូនេះ ជាការថតសម្លេងនៅពេលដែលខ្ញុំនិយាយជាភាសាបារាំង នៅចំពោះមុខតំណាងរាស្ត្រសភាអឺរ៉ុប កាលពីថ្ងៃ ១៣ កក្កដា ២០១៦។

បន្ទាប់ពីបញ្ជាក់ថាក្រុមហ៊ុនកាត់ដេរនៅប្រទេសកម្ពុជាចំណេញលុយច្រើនណាស់ ហើយមួយផ្នែកនៃប្រាក់ចំណេញនេះ ត្រូវផ្ទេរជាសំណូកសូកប៉ាន់ឲ្យទៅមេដឹកនាំពុករលួយនៅស្រុកយើង ខ្ញុំក៏បានលើកឡើងថា៖ “បើអស់លោកអ្នកតំណាងរាស្ត្រសភាអឺរ៉ុប ធ្វើឲ្យអាជ្ញាធរប្រទេសកម្ពុជាយល់ថា ទីផ្សារសម្លៀកបំពាក់នេះ មិនមែនបើកចំហជានិច្ចកាល ដោយគ្មានលក្ខខណ្ឌនោះទេ ពួកគេទាំងនោះអាចចាប់ផ្តើមគិតគូរពីការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា“។ ដូច្នេះ ខ្ញុំមិនបានអំពាវនាវទាល់តែសោះ ឲ្យសហគមន៍អឺរ៉ុបបិទទីផ្សាររបស់គេតែម្តង។ នេះបង្ហាញថា រដ្ឋាភិបាល កំពុងតែឃោសនាយ៉ាងអកុសល ដោយបកប្រែពាក្យសម្តីរបស់ខ្ញុំពីភាសាបារាំងមកភាសាខ្មែរខុសស្រឡះទាំងស្រុង។ អ្វីដែលខ្ញុំបានលើកឡើងនោះ ក៏មិនខុសពីអ្វីដែលសហជីពធំៗនៅប្រទេសកម្ពុជា បានលើកឡើងជាមួយក្រុមហ៊ុនអន្តរជាតិធំៗ ជាអ្នកបញ្ជាទិញ (Buyers) ដើម្បីទាក់ទាញអារម្មណ៍ក្រុមហ៊ុនបរទេសទាំងនោះ ឲ្យគិតគូរអំពីលក្ខខណ្ឌការងារដ៏លំបាកវេទនារបស់កម្មករខ្មែរនៅប្រទេសកម្ពុជា។ ការលើកឡើងបែបនេះគឺជាវិធីសាស្ត្រក្នុងការចរចាដើម្បីស្នើឲ្យពួក Buyers ដាក់សម្ពាធទៅលើថៅកែរោងចក្រកាត់ដេរនៅប្រទេសកម្ពុជា ឲ្យតម្លើងប្រាក់ខែនិងកែលម្អលក្ខខណ្ឌការងារសម្រាប់ជួយដល់កម្មករខ្មែរ។»

«ទីផ្សារសម្លៀកបំពាក់នេះ មិនមែនបើកចំហជានិច្ចកាល ដោយគ្មានលក្ខខណ្ឌនោះទេ» គឺមានន័យថា បិទមួយរយៈ ឬមិនបើកចំហជានិច្ចកាល បើកដោយមានលក្ខខណ្ឌនោះឯង ន័យដូចគ្នានឹង «ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ ហើយបើកវិញជាមួយលក្ខខណ្ឌ» វិទ្យុបារាំងមានផ្សាយខុសឯណា គ្រាន់តែដកពាក្យបដិសេធចេញ ជំនួសពាក្យស្មើមកវិញទេតើ ឯពាក្យ ប្រាប់ អំពាវនាវ ថ្លែង មានន័យប្រហាក់ប្រហែលគ្នាទេ គ្រាន់តែជាការប្រែសម្រួលដោយរក្សាន័យដើមប៉ុណ្ណោះ (Paraphrase)។

សម្តីពណ៌ដិតខាងលើទាំងប៉ុន្មានបានបញ្ជាក់ថា លោកពិតជាមានគំនិតចង់ឱ្យសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់បណ្តោះអាសន្នមែន ទោះបីក្នុងគោលដៅសេដ្ឋកិច្ច ឬនយោបាយ ឬលោកពុំបានប្រើពាក្យចំៗ ដូចដែលវិទ្យុបារាំងបានផ្សាយក៏ដោយ។

ចម្លើយដោះសានេះទំនងជាវិធីសម្រន់កំហឹងសហជីព កម្មករ និងនិយោជកហើយមើលទៅ ក្រោយពេលពួកគេខឹងសម្បារនឹងលោកដោយសារតែចំណងជើងព័ត៌មានរបស់វិទ្យុបារាំងដែលលោកអះអាងថាបកប្រែភាសាបារាំងរបស់លោកខុសនោះ បើប្រើពាក្យរបស់លោក កែម ឡី គឺ យកត្រីស្អុយដាក់ក្នុងកន្ត្រកគេ។

នៅក្នុងបទសម្ភាសនៃវិទ្យុបារាំងថ្ងៃទី២២  លោកឆ្លើយតបនឹងការយកព័ត៌មានពីវិទ្យុបារាំងទៅបង្ហោះបន្តថា «ដើម្បីបង្ហាញពីភាពខុសគ្នា…យកអ្វីដែលគេនិយាយខុសហ្នឹងយកមកប្រៀបធៀបជាមួយអ្វីដែលយើងនិយាយពិតប្រាកដ» ប៉ុន្តែត្រង់នេះវាផ្ទុយពីចរិតរបស់លោកដែលចូលចិត្តប្រតិកម្មភ្លាមៗ មិនមានផែនការ មិនពិគ្រោះ និងមិនសូវខ្វល់ពីឥទ្ធិពលអវិជ្ជមាននៃសម្តីរបស់ខ្លួន។

បើដើម្បីប្រៀបធៀបភាពខុសគ្នាមែន ហេតុអ្វីលោកត្រូវរង់ចាំដល់ទៅ ៤ថ្ងៃ (វិទ្យុបារាំងផ្សាយថ្ងៃទី១៧ ប្រតិកម្មថ្ងៃទី២១) រហូតដល់ដឹងពីប្រតិកម្មពីសហជីពនិងកម្មករសិន ទើបប្រតិកម្ម ម្យ៉ាងវាជាទំព័រព័ត៌មានរបស់លោក មិនសមណាលោកយកព័ត៌មានបំភ្លៃក្រឡៃទៅផ្សាយបង្ខូចប្រជាប្រិយភាពខ្លួនឯងនោះទេ បើផ្សាយភ្ជាប់ដោយមតិរិះគន់ ក៏គួរតែធ្វើបែបនេះតាំងពីថ្ងៃដំបូងម្ល៉េះ មិនគួរណាចាំដល់មានការខឹងសំបារនិងយូរថ្ងៃដល់ម្លឺងទេ។

អំពីប្រតិកម្មដោយមិនខ្វល់ពីលទ្ធផលអវិជ្ជមាន តួយ៉ាងឃាតកម្មលើលោក កែម ឡី, លោកអះអាងថា ដោយសារគាត់ប្រុងចូលរួមជាមួយសង្គ្រោះជាតិទើបគេសម្លាប់ ក្នុងបំណងទាញប្រជាប្រិយភាពពីមរណភាពលោក កែម ឡី ប៉ុន្តែអ្នកស្និទ្ធនឹងលោក កែម ឡី ជាច្រើនបដិសេធ។

លោកអះអាងដោយមិនខ្វល់ពីឥទ្ធិពលអវិជ្ជមាននៃសម្តីរបស់លោកទៅលើកិត្តិនាមរបស់សពឡើយ, លោក កែម ឡី ចង់រក្សាជំហរឯករាជ្យរបស់ខ្លួនទើបមិនចូលរួមនឹងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទោះលោកជាសហស្ថាបនិក ហើយអាចឈរឈ្មោះនិងជាប់ឆ្នោតជាប្រធានបក្សទៀតផងបើលោកចង់ អាស្រ័យលើប្រជាប្រិយភាពនិងសមត្ថភាពរបស់លោក, ហេតុអ្វីលោកទៅចូលជាមួយគណបក្សសង្គ្រោះជាតិដែលលោកក៏ឧស្សហ៍រិះគន់ផង, បក្សប្រឆាំងក៏មិនសូវទទួលមតិរបស់លោកផង លោក សម រង្ស៊ី ខ្លួនឯងធ្លាប់ចោទ បក្សថ្មីនេះថាបង្កើតមកដើម្បីបំបែកសំឡេងឱ្យបក្សកាន់អំណាច ចាត់ទុកជាបក្សអាយ៉ងទៅទៀត។

ត្រលប់មកវិញ លោកមិនគួរបន្ទោសរដ្ឋាភិបាលឡើយ ព្រោះគឺលោកខ្លួនឯងប្រហែសបណ្តោយឲ្យរដ្ឋាភិបាលឆ្មក់បំបាក់ប្រជាប្រិយភាពរបស់លោកបាន និងឲ្យយុវជន ស្រី ចំរើន និង ធី សុវណ្ណថា បានលេសធ្វើបាតុកម្មចង់រំលាយគណបក្សលោកទៅទៀត។ អ្វីដែលលោក សម រង្ស៊ី គួរធ្វើក្រោយប្រតិកម្មមិនល្អ គឺថ្លែងសូមទោសជាសាធារណៈ ដូចលោក អេង ឆៃអ៊ាង បានសុំទោសកម្ពុជាក្រោម ពីព្រោះតែនិយាយការពារមេបក្ស មើលស្រាលការពលីរបស់ឧកញ៉ា សឺន គុយ ដូច្នោះ ប៉ុន្តែប្រការនេះហាក់ហួសពេលទៅហើយ ព្រោះលោកជ្រុលចង្អុលដាក់អ្នកដទៃទៅហើយ។

បើពុំនោះទេ លោកអាចរៀបចំយុទ្ធសាស្ត្រកូដកម្មជាមួយសហជីពបម្រុងទុកចាប់ផ្តើមអនុវត្តក្រោយពេលកំណត់ប្រាក់ខែអប្បបរមា និងក្រោយអឺរ៉ុបសម្រេចបិទទីផ្សារ ដើម្បីទាមទារការដំឡើងប្រាក់ឲ្យកម្មករ ប៉ុន្តែជម្រើសនេះពិបាកទៅរួចណាស់ ព្រោះទាំងគណបក្សប្រឆាំងនិងសហជីពឯករាជ្យសុទ្ធតែពុំយល់ច្បាស់ពីវិធីធ្វើឲ្យកូដកម្មបាតុកម្មមានប្រសិទ្ធភាព ហេតុនេះហើយទើបចលនារបស់ពួកគេទាំងពីរនៅឆ្នាំ២០១៣ បរាជ័យទាំងអស់គ្នា ក្រោមកត្តាប្រហាក់ប្រហែលគ្នា ដូចជាខ្សោយផែនការយុទ្ធសាស្ត្រ ពឹងលើតែតាក់ទិចប្រមូលផ្តុំគ្នាជាគោល និងមិនអាចជម្នះការបង្ក្រាបនិងរក្សាវិន័យអហិង្សាបាន។

ប្រតិកម្មធ្ងន់ៗ របស់លោក សម រង្ស៊ី ជះទៅលើវិទ្យុបារាំងមិនខុសគ្នាពីប្រតិកម្មរបស់លោក ហ៊ុន សែន ទៅលើកាសែត Cambodia Daily អំពីយុទ្ធនាការឈុតខ្មៅនោះទេ ដែលមានចំណងថា «Prime Minister Bans Color-Coordinated Demonstrations» ជាភាសាខ្មែរថា «លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំជាសាធារណៈ» គឺថា លោក ហ៊ុន សែន មិនបាននិយាយថា ហាមឃាត់ពលរដ្ឋមិនឲ្យស្លៀកពាក់ខ្មៅឬជួបជុំនោះទេ ប៉ុន្តែសកម្មភាពរបស់លោកវិញគឺតាមរកអ្នកបោះពុម្ពអាវខ្មៅ ឃាត់ខ្លួនសកម្មជនពាក់អាវខ្មៅ គំរាមកំហែងដោយមិនផ្អែកលើច្បាប់អ្វីទាំងអស់ ពោលគឺលោកពុំបានពោលចំៗទេ តែសកម្មភាពវិញ គឺដូចចំណងជើងប្រាប់អ៊ីចឹង មិនបាននាំព័ត៌មានខុសប្រាប់សាធារណជននោះឡើយ ឯលោក សម រង្ស៊ី វិញក៏ដូចគ្នាដែរ លោកពុំបានប្រើពាក្យចំតែម្តងទេ ប៉ុន្តែអត្ថន័យ និងបំណងរបស់លោកគឺបែបនោះឯង ហេតុនេះហើយទើបយកទៅផ្សាយបន្ត ដោយរំពឹងទុកថានឹងបានការគាំទ្រ តែលោកគណនាខុស អំពីការយល់ឃើញរបស់សហជីពនិងកម្មករ មិនដឹងធ្វើយ៉ាងម៉េច លោកក៏ប្រើភាពឈ្លាសវៃខាងគ្រលាស់អណ្តាតរបស់លោក ទម្លាក់កំហុសលើវិទ្យុបារាំង និងសារព័ត៌មានផ្សេងទៀត សំអាងថាមិនបានប្រើពាក្យ «បិទ» ប្រើតែពាក្យ «មិនបើកចំហ»។

ជារួម សម្រង់សម្តីដែលមិនបានបង្ខូចខ្លឹមសារដើម មិនអាចចាត់ទុកជាការបកប្រែឬនាំសារខុសនោះទេ ទោះបីប្រើប្រាស់ពាក្យផ្សេងក៏ដោយ តែទោះបីយ៉ាងណា អ្នកសារព័ត៌មានគួរតែប្រយត្នប្រយែងក្នុងរឿងបញ្ចេញបញ្ចូលពាក្យដែលមិនមាននៅក្នុងសម្តីដើម ដែលងាយបង្កឲ្យមានការយល់ច្រឡំដែរ ពិសេសគឺពាក្យរបស់អ្នកនយោបាយដែលគ្មានទំនួលខុសត្រូវ។

តាមពិតទៅ បញ្ហានេះកើតពីលោក សម រង្ស៊ី ខ្លួនឯង ដែលអនុវត្តទ្រឹស្តីប្រជាធិបតេយ្យសម្រេចម្នាក់ឯង មិនពិគ្រោះយោបល់ជាមួយសហជីពឯករាជ្យនានាឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ប្រហែលជាមិនទាំងបានពិគ្រោះជាមួយសមាជិកបក្សខ្លួនឯងផងមើលទៅ ព្រោះលោកកំពុងស្ថិតនៅក្នុងស្ថានភាពនិរទេសខ្លួនឆ្ងាយពីសមាជិកបក្សក្នុងប្រទេស តែលោកបែរជាប្រើពាក្យបារាំង «Toucher» ឲ្យសហភាពអឺរ៉ុប «គូរគិត…សើរើ…ជជែក…ដាក់លក្ខខណ្ឌ…សូមឲ្យពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ» ឯលោកខ្លួនឯងវិញមិនបានគិតគ្រប់ជ្រុងជ្រោយផង។

បើមានការពិភាក្សាគ្នារៀបចំផែនការយុទ្ធសាស្ត្រច្បាស់លាស់ ថាមិនត្រូវ សហជីពអាចចូលរួមនឹងសហភាពអឺរ៉ុប ដាក់សម្ពាធសេដ្ឋកិច្ចទាំងក្នុង និងក្រៅក្នុងពេលតែមួយ ដោយសហជីពធ្វើកូដកម្មទ្រង់ទ្រាយធំ ហើយសហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីខាងក្រៅ ឲ្យតែអាចតស៊ូធ្វើកូដកម្មជម្នះការបង្ក្រាបពីរដ្ឋអំណាចបាន ក្នុងរយៈពេលមួយយូរគ្រប់គ្រាន់ (ប្រហែលមួយខែ) នោះកុំថាដល់ទៅគោលដៅសេដ្ឋកិច្ច ត្រឹមដំឡើងប្រាក់ខែ សូម្បីតែគោលដៅនយោបាយ ផ្តួលរំលំរបបដឹកនាំទាំងមូល ក៏អាចសម្រេចបានដែរ តួយ៉ាង របបកុម្មុយនិស្តនៅប៉ូឡូញដួលរលំនៅឆ្នាំ១៩៨៩ ដោយសារកូដកម្មទ្រង់ទ្រាយធំរបស់សហជីពឯករាជ្យ Solidarity។ (សូមអានភាពបន្ត)

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ