លោក ហ៊ុន ម៉ាណែត ចោទបក្សប្រឆំាងថាជាអ្នកនៅពីក្រោយបាតុកម្មប្រឆំាងវត្តមានលោកនៅក្រៅប្រទេស

លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ​

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមអ្នកដឹកនាំធ្វើបាតុកម្មប្រឆំាងវត្តមានលោកនៅប្រទេសអូស្ត្រាលីកន្លងមក រៀបចំដោយគណបក្សសង្គ្រោះជាតិ ដោយថាបើទោះជាបក្សប្រឆំាងបដិសេធមិនជាប់ពាក់ព័ន្ធនឹងរឿងនេះក៏ដោយ។

កាលពីថ្ងៃទី៧ ខែតុលា សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន (Melbourne) នៃប្រទេសអូស្ត្រាលីរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានកូនច្បងលោក ហ៊ុន សែន ដោយថាពួកគេមិនពេញចិត្តនឹងលោក ហ៊ុន ម៉ាណែត ដែលទៅរៀបចំពិធីជប់លៀងទទួលស្វាគមន៍សមាជិកថ្មីគណបក្សប្រជាជនកម្ពុជានៅទីក្រុងនោះ ស្របពេលពលរដ្ឋខ្មែរគម្រោងធ្វើបុណ្យខួប១០០ថ្ងៃឲ្យលោកបណ្ឌិត កែម ឡី។

ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃពុធទី១៩ ខែតុលានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមអ្នកដឹកនាំបាតុកម្មប្រឆំាងរូបលោកនៅប្រទេសអូស្ត្រាលី លោកថាជាការរៀបចំឡើងដោយបក្សប្រឆំាង មិនមែនកើតចេញពីឆន្ទៈពលរដ្ឋពិតប្រាកដនោះទេ។

លោកថា៖ «បាតុកម្មបីកន្លែង ខ្ញុំលើកតែមួយកន្លែង ពីរកន្លែងទៀតអាចមានអ្នកគំាទ្រគណបក្សសង្គ្រោះជាតិចូល ខ្ញុំអត់និយាយទេ ខ្ញុំនិយាយនៅអាឌឺឡេត (Adelaide)នៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី) ព្រោះយើងមានភស្តុតាងនិងមានរូបភាពច្បាស់លាស់ដែលថ្នាក់ដឹកនាំ (ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ)នៅទីនោះ ហើយមានរចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិលោក លឹម សំអេង ជាប្រធានគណបក្សសង្គ្រោះជាតិនៅទីនោះ ហើយក្បាលម៉ាស៊ីនគាត់ដឹកនាំតែម្តង ហើយមេបក្សនៅភ្នំពេញបញ្ជាអត់ឲ្យធ្វើ ហើយបើប្រកាសហើយគេនៅតែធ្វើបានន័យថា គណបក្សអត់មានលទ្ធភាពក្នុងការគ្រប់គ្រងទេ ឥឡូវធ្វើម៉េច ការទទួលខុសត្រូវឬអត់ ខ្ញុំសូមសួរដោយឆោត»។

លើសពីនេះទៀត លោក ហ៊ុន ម៉ាណែត ថាតំណាងរាស្ត្រមានដើមកំណើតខ្មែរប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី លោក ហុង លីម និងលោក ជុន ច័ន្ទបុត្រ អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី ដែលថាទៅចូលរួមរំលឹកខួប១០០ថ្ងៃលោក កែម ឡី នៅប្រទេសអូស្ត្រាលីនោះ លោក ហ៊ុន ម៉ាណែតថា ពួកគេមិនបានចូលរួមពិធីបុណ្យទេ ដោយលោកថាអ្នកទំាងនោះមានចេតនាទៅធ្វើបាតុកម្មប្រឆំាងវត្តមានរូបលោកទៅវិញ។

លោកថា៖ «លោកពូ ហុង លីម ជាមួយលោក ជុន ច័ន្ទ បុត្រ….ត្រូវឡើងទៅអាឌីឡេត (Adelaideនៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី) ដើម្បីធ្វើបុណ្យរំលឹកគុណឲ្យបណ្ឌិតកែម ឡី ប៉ុន្តែគាត់មិនទៅ គាត់សុខចិត្តឲ្យឯកឧត្តម ញ៉យ ចំរើនទៅធ្វើ សុខចិត្តមកកាន់មេក្រូដឹកនាំបាតុកម្ម បើសិនជាគាត់ឲ្យតម្លៃទៅលើការគោរពវិញ្ញាណក្ខន្ធ (កែម ឡី)មែនគាត់ទៅនោះហើយ ហើយវត្តមានរបស់លោក ជុន ច័ន្ទបុត្រ នៅក្នុងការងារនេះ ក្នុងនាមជាអ្នកដែលមានមុខមាត់មួយនៅក្នុងវិទ្យុមួយដែលអព្យាក្រិត»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ច្រានចោលការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលថាគណបក្សសង្គ្រោះជាតិជាអ្នករៀបចំឲ្យមានបាតុកម្មប្រឆំាងរូបលោកនៅប្រទេសអូស្ត្រាលី ដោយលោកថាបុគ្គលដែលចូលរួមដឹកនាំបាតុកម្មនោះ គ្រាន់តែជាអ្នកគំាទ្រគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ៖ «គណបក្សមិនបានរៀបចំបាតុកម្មនៅប្រទេសអូស្ត្រាលីទេ គ្មានហេតុផលដែលត្រូវរៀបចំបាតុកម្មនៅប្រទេសអូស្ត្រាលីប្រឆំាងលោក ហ៊ុន ម៉ាណែត ទេ ទីពីរអ្នកដែលចូលរួម ចូលរួមដោយឆន្ទៈរបស់គាត់ម្នាក់ៗ ហើយគាត់គ្រាន់តែជាអ្នកគំាទ្រគណបក្សសង្គ្រោះជាតិ ពីព្រោះរហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិមិនទាន់រៀបចំសាខា រចនាសម្ព័ន្ធរបស់ខ្លួននៅក្រៅប្រទេសនៅឡើយទេ»។

ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ មិនបានបង្កឲ្យមានហិង្សានិងរងរបួសដល់ប្រជាពលរដ្ឋនិងលោក ហ៊ុន ម៉ាណែត នោះទេ។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ក្រុមបាតុករដែលគេស្គាល់ថាគាំទ្របក្សកាន់អំណាច បានវាយលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។

សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី យល់ថាការធ្វើបាតុកម្មអហិង្សាប្រឆំាងបុគ្គលឬអ្នកនយោបាយណាមួយ ជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរស្របតាមរដ្ឋធម្មនុញ្ញ៖ «ធ្វើបាតុកម្ម មួយគេហៅថាបាតុកម្ម មួយបាតុកម្មបញ្ចេញមតិ យើងកុំបូកបញ្ជូនគ្នា កាលណាបាតុកម្មប្រឆំាងបានថាបាតុកម្មទម្លាក់រដ្ឋាភិបាលឬផ្តួលរំលំរដ្ឋាភិបាលគេហៅថាបាតុកម្មប្រឆំាង ប៉ុន្តែបើបាតុកម្មសម្រាប់បញ្ចេញមតិគួរតែចាត់ទុកថា វាជារឿងធម្មតានៅក្នុងសង្គមមួយដែលរស់នៅក្រោមរដ្ឋធម្មនុញ្ញ ដែលអនុវត្តលទ្ធិប្រជាធិបតេយ្យ»។

ពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេសតែងតែធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំកម្ពុជានៅពេលពួកគេទៅក្រៅប្រទេសដូចជា កាលពីឆ្នាំ២០១៥ ពលរដ្ឋខ្មែរនៅអាមេរិកនិងបារាំងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោយថាការដឹកនាំប្រទេសកម្ពុជាមានការរំលោភសិទ្ធិមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ