អ្នកតំណាង UN នឹងបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ដោយធ្វើសន្និសីទកាសែតថ្ងៃនេះ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត

បើតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី រ៉ូណា ស្មីត អ្នកតំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកតាមដានស្ថានភាពសិទ្ធិមនុស្ស នឹងធ្វើសន្និសីទកាសែតនៅរសៀលថ្ងៃទី១៩ ខែតុលានេះ ដើម្បីបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ច១០ថ្ងៃមកកម្ពុជា លោកស្រី រ៉ូណា ស្មីត បានជួបជាមួយសមាជិកជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល មន្ត្រីបក្សប្រឆាំង និងភាគីពាក់ព័ន្ធនានាជាច្រើនទៀត។

ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅ លោកស្រី រ៉ូណា ស្មីត បានបង្ហាញក្ដីបារម្ភអំពីការរំលោភសិទ្ធិមនុស្សនិងសិទ្ធិនយោបាយនៅកម្ពុជា ដោយលោកស្រីបានជំរុញឲ្យរដ្ឋាភិបាលបន្តយន្តការគោរពសិទ្ធិមនុស្សបន្ថែមទៀត។

លោកស្រីក៏បានទទូចឲ្យអាជ្ញាធរកម្ពុជាបើកទូលាយសិទ្ធិសំដែងមតិនៅទីសាធារណៈនិងសិទ្ធិប្រមូលផ្ដុំគ្នាដោយសន្ដិវិធីផងដែរ បន្ទាប់ពីមានការវាយដំលើប្រធានស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ពីសំណាក់អាជ្ញាធរខណ្ឌដូនពេញក្នុងទិវាសិទ្ធិលំនៅឋានពិភពលោកកាលពីថ្ងៃទី១០ ខែតុលា។

ទាំងមជ្ឍដ្ឋានសង្គមស៊ីវិលនិងអង្គការអន្ដរជាតិបានសំដែងក្ដីបារម្ភពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដូចជាការចាប់ចង ដាក់ពន្ធនាគារ សកម្មជនបក្សប្រឆាំងជិត២០នាក់ មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤នាក់ និងមន្ត្រី គ.ជ.ប លោក នី ចរិយា ដែលត្រូវអាជ្ញាធរចាប់ឃុំខ្លួន ក្រោមហេតុផលនយោបាយ។

ជាពិសេស លោកស្រី ស្មីត ក៏បានចូលរួមបុណ្យខួបគម្រប់១០០ថ្ងៃរបស់អ្នកវិភាគសង្គមដ៏ល្បី គឺលោក កែម ឡី នៅវត្តចាស់ ហៅវត្តពោយារាម កាលពីថ្ងៃទី១៥ តុលា។

លោក សៅ កុសល តំណាងគណៈកម្មការបុណ្យគម្រប់ខួប១០០ថ្ងៃបានឲ្យដឹងថា លោកស្រី ស្មីត នឹងលើកយកករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ទៅពិចារណាក្នុងនាមអ្នកស្រីជាប្រេសិតពិសេសរបស់អង្គការពិភពលោកមួយនេះ។

លោកស្រី រ៉ូណា ស្មីត កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែតុលានេះ ដើម្បីពិនិត្យមើលស្ថានភាពនយោបាយ សេរីភាពបញ្ចេមតិ និងស្ថានភាពសិទ្ធិមនុស្ស ស្ថានភាពជនជាតិដើមភាគតិច និងទិដ្ឋភាពផ្សេងៗនៃការរើសអើង។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលលោកស្រីបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងនោះលើកទី១ កាលពីខែកញ្ញា ឆ្នាំ២០១៥ និងលើកទី២ ក្នុងខែមិនា ឆ្នាំ២០១៦។ ក្រោយបញ្ចប់ទស្សនកិច្ចលើកទី៣នេះ លោកស្រីនឹងលើកយករបាយការណ៍បន្ទាប់របស់លោកស្រី ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីត្រួតពិនិត្យ នាខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ