តំបន់​កាតាឡូណា​នឹង​ជំរុញ​ទៅ​រក​ឯករាជ្យ​បើ​ក្រុង​ម៉ាឌ្រីត​ផ្អាក​ស្វ័យភាព​តំបន់​នេះ

មេដឹកនាំ​តំបន់​កាតាឡូណា បាន​ប្ដេជ្ញា​ជំរុញ​ទៅ​មុខ​នូវ​ឯករាជ្យ​តំបន់​នេះ ប្រសិន​បើ​ប្រទេស​អេស្ប៉ាញ​សម្រេច​ផ្អាក​ស្វ័យភាព​តំបន់​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​ពី​ប្រភព​រដ្ឋាភិបាល​តំបន់​កាតាឡូណា ដែល​បាន​លើក​ឡើង​បែប​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​នឹង​ថ្ងៃ​ផុត​កំណត់​ជុំ​វិញ​បញ្ហា​ថា តើ​តំបន់​នេះ​នឹង​បន្ត​រួម​រស់​ជាមួយ​ប្រទេស​អេស្ប៉ាញ​បន្ត​ទៀត ឬ​ក៏​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រទេស​​មាន​សេដ្ឋ​កិច្ច​ធំ​លំដាប់​ទី​បួន​នៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។

នាយករដ្ឋ​មន្ត្រី​អេស្ប៉ាញ លោក ម៉ារីយ៉ាណូ រ៉ាយចយ បាន​ទុក​ពេល​ឲ្យ​លោក Carles Puigdemont ​ប្រធានាធិបតី​តំបន់​កាតាឡូណា​ រហូត​ដល់​ម៉ោង ១០​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បោះបង់​ចោល​ការ​ប៉ុន​ប៉ង​ចង់​បាន​ឯករាជ្យ​តំបន់​នេះ ឬ​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​របប​គ្រប់​គ្រង​ដោយ​ផ្ទាល់​ពី​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីត។

លោក Puigdemont បាន​ធ្វើការ​ប្រកាស​នូវ​ឯករាជ្យ​តំបន់​នេះ​កាល​ពី​សប្ដាហ៍​មុន និង​ផ្អាក​ស្វែង​រក​កិច្ច​សន្ទនា​ជាមួយ​ក្រុង​ម៉ាឌ្រីត។ ប្រភព​រដ្ឋាភិបាល​តំបន់​នេះ បាន​ឲ្យ​ដឹង​ថា លោក Puigdemont នឹង​ដក​ចោល​ការ​ផ្អាក​នោះ ប្រសិន​បើ​លោក រ៉ាចយ អនុវត្ត​តាម​មាត្រា ១៥៥ នៃ​រដ្ឋ​ធម្មនុញ្ញ​អេស្ប៉ាញ ដើម្បី​យក​អំណាច​ត្រឡប់​មក​វិញ​នោះ។

មាត្រា​នោះ ដែល​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​នោះ​ឡើយ​អំឡុង​របប​ប្រជាធិបតេយ្យ​អេស្ប៉ាញ​អស់​រយៈ​ពេល ៤​ទសវត្សរ៍​មក​នេះ អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​កណ្ដាល​របស់​អេស្ប៉ាញ កាន់​កាប់​សហគមន៍​ស្វយ័ត​ណាមួយ ប្រសិន​បើ​តំបន់​ទាំង​នោះ​រំលោភ​លើ​មាត្រា​នេះ ដែល​ក្រុង​ម៉ាឌ្រីត​ថា តំបន់​កាតាឡូណា បាន​រំលោភ​លើ​មាត្រា​នេះ តាម​រយៈ​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​អំពី​ឯករាជ្យ​តំបន់​ និង​ជំរុញ​ការ​ផ្ដាច់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ