អ្នក​នាំ​ពាក្យ​រដ្ឋសភា៖ សភា​អាចនឹងមាន​ការ​កោះ​​​ប្រជុំបន្ទាន់​លើ​វិសោធនកម្ម​បទ​បញ្ជាផ្ទៃក្នុង

រដ្ឋសភា (គឹម ហុង)

អ្នកនាំពាក្យ​រដ្ឋ​សភា​ថា​សភា​អាច​នឹងត្រូវ​​កោះ​ប្រជុំជា​វិសាមញ្ញលើ​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​ពាក់​ព័ន្ធ​ទៅ​នឹង​តួនាទី​លោក ​កឹម សុខា បន្ទាប់ពីមានការលើកឡើងរបស់​នាយក​រដ្ឋមន្ត្រី។

អ្នក​នាំពាក្យ​រដ្ឋ​សភាលោក ឡេង ប៉េង​ឡុង​ បាន​ឲ្យ​វីអូ​ឌី​ដឹង​ថា ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិល​មិញ រដ្ឋសភា​បាន​ទទួល​សំណើ​របស់​គណ​បក្ស​​ប្រជា​ជ​នដែល​បាន​សុំ​ឲ្យរដ្ឋសភា​ធ្វើ​វិសោធនកម្ម​ប្រការ៤៨ថ្មី(បី)​រួច​​ហើយ ដោយ​មា​ន​តំណាង​រាស្ត្រ​៥០​រូប​ចុះ​ហត្ថលេខា។ លោក​បន្ថែម​ថា​ក្រោយ​ពី​ទទួល​សំណើ រដ្ឋ​សភា​​នឹ​ង​មាន​កិច្ច​ប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍នៅ​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍​ក្រោយ​។ លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​​​ថា ក្នុង​រយៈពេលដែល​សភា​កំពុង​បិទ​សម័យ​ប្រជុំ​ពេញ​អង្គរបស់ខ្លួននេះ​ សភា​អាច​នឹង​ត្រូវកោះ​អញ្ជើញ​​​ឲ្យ​ប្រជុំ​ពេញ​អង្គជា​វិសាមញ្ញ​បានក្នុង​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជាផ្ទៃ​ក្នុង​នេះ។ ​

លោក​ថា៖ «ក្នុង​វិសោធនកម្ម​នេះ​គេ​សុំ​ប្តូរ​កែ​សម្រួល មាត្រា​ហ្នឹង​ទៅ​ជា​មាត្រា​ថ្មី​មិន​មែន​ជា​មាត្រា​ចាស់​ អញ្ចឹង​វា​ទៅ​ជាប្រការ​៤៨​ថ្មី​ (បួន) បើ​សភាវិសោធនកម្ម​អាបី​ហើយ​អនុម័ត​អាបួន​ទៅ​គេ​ប្រើ​អា​បួន​ហ្នឹង​ហើយ។ … ប្រជុំ​វិសាមញ្ញដូច​ជា​មាន​ការ​ស្នើ​សុំ​ពី​តំណាង​រាស្ត្រ​មួយភាគបួនយ៉ាង​តិច ​ឬ​ក៏មាន​សំណើពី​នាយក​រដ្ឋ​មន្ត្រី​។ (សំណួរ៖ ក្នុង​លិខិត​របស់​បក្ស​ប្រជា​ជន​មាន​ការ​ស្នើ​ឲ្យ​បើ​កការ​ប្រជុំ​ជា​វិសាមញ្ញទេឯក​ឧត្តម?) ដូច​ជា​មិន​ទាន់​ទេ​ឥឡូវ​នេះ តែ​ចំនួន​នេះ​គឺ​អាច​កោះ​ប្រជុំ​ជា​វិសាមញ្ញ​បាន​ហើយ ព្រោះ​ត្រូវ​ការ​តែ​សែ​សិប​ជា​ងទេ ៤១​ទេ!»។

លោក ឡេង ប៉េង​ឡុង ​​ថា​ប្រសិន​ជាគណបក្ស​ប្រឆាំង​មិន​ព្រម​ចូល​រួម​ធ្វើ​វិសោធនកម្ម​នេះ​ក៏​គណ​បក្ស​​ប្រជា​ជន​អាច​ធ្វើ​វិសោធនកម្មនេះ​បាន​ដោយ​ខ្លួន​ឯងដែរ​​ ក៏ព្រោះ​តែបក្ស​នេះ​មាន​សមា​ជិក​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃ​យ៍​និង​សភា​ច្រើន​លើសពាក់​កណ្តាលនៃ​សំឡេងដែល​ត្រូវ​ការ​សម្រាប់​ធ្វើ​វិសោ​ធន​កម្ម​បទ​បញ្ជ​ផ្ទៃ​​ក្នុង​សភានេះ​ហើយ។ ​

វីអូ​ឌី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​គណបក្សសង្គ្រោះ​ជាតិ​​លោក យឹម សុវណ្ណ និង​លោក​ យ៉ែម​ បុញ្ញាឬទ្ធិ បាន​នៅ​ឡើយ​ទេនៅ​រសៀល​ថ្ងៃ​ទី២០ មករា​នេះ ដោយ​ទូរសព្ធ​ចុច​ចូល តែ​គ្មាន​អ្នក​ទទួល។

អ្នក​ឃ្លាំមើល​ពី​ការ​អភិវឌ្ឍសង្គមនិង​នយោបាយ លោក គឹម សុខ មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​កាលពី​ពេល​ថ្មីនេះថា ការ​ព្យា​យាម​ក្នុងការ​កែ​ប្រែ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ​​ជា​បរាជ័យ​ដែល​លោក​​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ដែល​បាន​ព្យាយាម​​ប្រើ​វប្បធម៌​សន្ទនា​ក្នុ​ង​ការ​វាយបំបែក​បក្ស​ប្រឆាំង។ លោក​ថា​ក្នុង​ការ​ជួប​ចរចា​ជា​មួយ​លោក​ កឹម សុខា កាល​ពី​ពេល​កន្លង​ទៅ​ប្រាកដ​ជា​មាន​ការ​ស្នើ​ពី​លោក ​ហ៊ុន សែន ឲ្យកឹម​ សុខា​ ធ្វើ​អ្វី​មួយដែល​អាច​ជា​​​គ្រោះ​ថ្នាក់​ដល់​បក្ស​ប្រឆាំង ហើយ​​ត្រូវ​បាន​បក្សប្រឆាំង​បដិសេធ។

លោកថា៖ «គាត់​ប្រើ​ពាក្យ​ថា​មិន​បាន​ផល​ហ្នឹង​គឺ​ត្រូវ​ហើយ! បាន​ន័យ​ថា​ល្បិច​ដែល​គាត់​បាន​ប្រើ​មក​ជា​ហូរ​ហែ​មក​តាម​រយៈដែល​ហៅ​ថា​វប្បធម៌​សន្ទនា​ហ្នឹង​វា​មិន​បានផល​បម្រើ​នយោបាយ​គាត់​ទេ មិន​មែ​ន​ជា​វប្បធម៌​សន្ទនាដើម្បី​ប្រទេស​ជាតិ​អី​ទេ​តាម​ពិត​ជាវប្បធម៌​ក្រោម​ពាក្យថា​សន្ទនា​ក្រោម​ល្បិច​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ប្រើ​ដើម្បីទាញលោក ​កឹម សុខា និង​អ្នក​ផ្សេងៗ​ទៀត​ឲ្យ​ទៅ​អនុវត្តន៍​ល្បិ​ច​នយោ​បាយ​គាត់​ដើម្បីកម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​នៅ​ពេល​ដែរលោក ​កឹម សុខា ​រឹង​មាំ​មិន​ព្រម​ធ្វើ​តាម​អញ្ចឹងគាត់​ប្រើ​ពាក្យ​ថា​មិន​បាន​ផល​ និង​មិនចង់​និយាយ​ហើយ​ទៅ​ងាក​និយាយ​ការ​កែ​ច្បាប់​ហ្នឹង​វា​ជារឿង​ធម្មតា​ទៅ​ហើយ»។

លោក ​គឹម សុខ វិភាគ​ទៀត​ថាប្រសិន​ជា​គណបក្ស​ប្រជា​ជន​សម្រេច​បញ្ចប់​វប្បធម៌​សន្ទនា​ជា​មួយ​បក្ស​ប្រឆាំង​ពិត​មែន​នោះ​សម្ពោធ​នយោបាយ​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ ​​អាច​ឈាន​ដល់​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង និង​​មនុស្ស​​មួយ​ចំនួន​ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​អវត្តមាន​ពី​ក្នុងប្រទេស​ជាង​២​ឆ្នាំ និង​ជាប់​បណ្តឹង​ផ្សេងៗ​​នោះ ​តំណែង​របស់​លោក សម រង្ស៊ី ជាប្រធាន​ក្រុម​ភាគ​តិចនៅ​ក្នុង​សភា​ មាន​ឋានៈស្មើ​នាយក​រដ្ឋ​មន្ត្រី​ ត្រូវធ្លាក់​ទៅ​លើ លោក​ កឹម សុខា ដែ​ល​ទើប​តែ​ត្រូវ​បាន​លោក​ ហ៊ុន សែន ស្នើដល់​ព្រះ​មហា​ក្សត្រ​ក្នុង​ការ​លើក​លែង​​ទោសកាលពី​ចុង​ឆ្នាំ​២០១៦។ប៉ុន្តែ  នៅពេលនេះ លោក ហ៊ុន សែន បានព្រមានដក តំណែងជាប្រធានក្រុមមតិភាគតិចពី​ ​លោក កឹម សុខា ដែលអ្នកវិភាគយល់ថាមកពីលោក កឹម សុខា មិនព្រម​ថ្កោលទោស លោក សម រង្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ