លោក ហ៊ុន សែន ហៅអង្គការ Global Witness ថា «ឆ្កួតលីលា»

លោក ហ៊ុន សែន (រូបភាពហ្វេប៊ុកនាយករដ្ឋមន្ត្រី)

ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលទៅចូលរួមប្រជុំនៅប្រទេសស្វីសបានបញ្ចេញប្រតិកម្មធ្ងន់ៗ ដោយហៅអង្គការអន្ដរជាតិ Global Witness ថា «ឆ្កួតលីលា» បន្ទាប់ពីអង្គការឃ្លាំមើល​បរិស្ថានមួយនេះ ស្នើឲ្យ​មាន​ការ​បណ្តេញ លោក ហ៊ុន សែន ចេញពីវេទិកាសេដ្ឋកិច្ចពិភពលោក។

នៅលើហ្វេសប៊ុករបស់នាយករដ្ឋមន្ដ្រី ថ្ងៃសុក្រនេះ លោក ហ៊ុន សែន បានឆ្លើយតបនឹងអង្គការអន្ដរជាតិ Global Witness ដោយលោកហៅអង្គការនេះថា ឆ្កួតលីលា ដោយប្រាប់ដល់មន្ដ្រី និងបុគ្គលិកបម្រើការងារក្នុងអង្គការនេះចូលរៀននៅសាលាបន្ថែមទៀត។

លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកដូច្នេះថា៖ «សូមផ្តាំទៅអង្គការក្លូបលវិចណេសនិងបក្សពួកល្មមឈប់ល្ងង់និងឆ្កួតៗទៀតទៅ។ ប្រធានាធិបតីឬនាយករដ្ឋមន្ត្រីគេធ្វើការជាមួយគ្នាបែបនេះដែលជាទម្លាប់ធម្មតានៃទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។ បើខួរក្បាលមិនទាន់ឡប់ឬឆ្កួតទេគួរចូលសាលារៀនថែមទៀតទៅកុំមកប្រឆាំងខ្ញុំទាំងឆ្កួតលីលា»។

អង្គការអន្ដរជាតិ Global Witness ដែលជាអង្គការ​ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រទេសស្វីសបិទទ្វារ និងបណ្តេញលោកកុំឲ្យចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ ដោយអង្គការនេះចាត់ទុកលោក ហ៊ុន សែន ថាជាជនផ្តាច់ការធ្វើបាបពលរដ្ឋខ្លួនឯង។​

នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែមករា អង្គការ Global Witness បានទទូចឲ្យអ្នករៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក​នៅទីក្រុងដាវ៉ូស ប្រទេសស្វីស បណ្ដេញលោក ហ៊ុន សែន កុំឲ្យចូលរួមកម្មវិធីវេទិកានេះដើម្បីឃោសនាទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសធ្វើជាដៃគូរពាណិជ្ជកម្មនោះទេ។​

អង្គការ Global Witness ក៏បានរិះគន់ថា ការដឹកនាំរបស់លោក ហ៊ុន សែន ធ្វើឲ្យប្រទេសកម្ពុជាស្ថិតនៅឆ្ងាយពីគោលដៅនៃការចង់បានរបស់អ្នកវិនិយោគ ដោយសារការបង្កើតជាប្រព័ន្ធនៃការធ្វើទុក្ខបុកម្នេញ​លើអ្នកនយោបាយប្រឆាំង ការធ្វើទារុណកម្មសម្លាប់ រំលោភសិទ្ធិមនុស្ស ការចាប់អ្នករិះគន់ដាក់ពន្ធនាគារ និងការក្ដោបក្ដាប់សេដ្ឋកិច្ចរបស់គ្រួសារត្រកូល ហ៊ុន ជាដើម។

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ លោក​ គឹម សុខ បានឲ្យ VOD ដឹងថា ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងដោយពុំសមរម្យ និងមានពាក្យសម្ដីអសីលធម៌ក្នុងនាមជាថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា។ លោកថា ការឆ្លើយតបបែបនេះរបស់លោក ហ៊ុន សែន នឹងធ្វើឲ្យកម្ពុជាបាត់បង់កិត្តិយសលើឆាកអន្ដរជាតិ និងប្រយោជន៍ជាតិ។

លោកថា៖ «ទោះបីប្រតិកម្មមកចំពោះយើង វាធ្ងន់ធ្ងរប៉ុណ្ណា ឬក៏ចំពោះរដ្ឋាភិបាលយើងហ្នឹងវាដល់កម្រិតណាក៏ដោយ អ្នកដឹកនាំល្អ គេត្រូវឆ្លើយបំភ្លឺ និងពន្យល់ ដោយពាក្យសមរម្យ ហើយក្នុងជំហរជាតិច្បាស់លាស់។ កាលណាយើងប្រើពាក្យ ភាសាដែលមិនសមរម្យ ឆ្លើយតបចំពោះគេវិញ អាហ្នឹង វាផ្ដល់នូវរូបភាពនយោបាយមួយនៅលើឆាកអន្ដរជាតិ ថាយើងអត់ចេះធ្វើការ ហើយអត់ចេះបំភ្លឺនូវអ្វីជាចម្ងល់ជាទូទៅ ទាំងនៅក្នុងមតិជាតិ និងអន្ដរជាតិ។ វាធ្វើឲ្យជាតិខាតទៅវិញទេ បានន័យថាប្រទេសជាតិផ្សេងគេប្រយ័ត្នប្រយែងណាស់ នៅក្នុងទំនាក់ទំនងជាមួយនឹងយើង។ ជាយោបល់ខ្ញុំ ខ្ញុំគិតថាលោកនាយករដ្ឋមន្ដ្រី គួរតែឆ្លើយតបដោយមានសីលធម៏ទៅវិញ»។

មិនខុសគ្នាពីលោក លោក​ គឹម សុខ  អ្នកវិភាគ​បញ្ហាសង្គម និងនយោបាយ គឺ លោក មាស នី បានរិះគន់ចំពោះការឆ្លើយតបរបស់លោក ហ៊ុន សែន ថាពុំត្រឹមត្រូវក្នុងនាមជាថ្នាក់ដឹកនាំមួយរូប។ លោកនិយាយថា លោក ហ៊ុន សែន គួរឆ្លើយតបតាមបែបការទូត និងពិនិត្យលើរបាយការណ៍របស់អង្គការនេះជាមុនសិន ទើបជាការល្អ។

លោកថា៖ «ការពិតនេះសំខាន់ យើងគួរឆ្លើយតបបែបការទូត វាប្រសើរជាង ព្រោះអីរដ្ឋាភិបាល យើងគាត់មិនទាន់បានធ្វើការឆ្លើយតបអីឲ្យល្អិតល្អន់ទៅស្អីដែលជារបាយការណ៍របស់អង្គការ Global Witness ចុងក្រោយ។​ នៅក្នុងវាធម្មតា របាយការណ៍ វាមានត្រូវខ្លះ វាខុសខ្លះ រដ្ឋាភិបាល ក៏មិនបានអើពើ នៅក្នុងឆ្លើយតប ផ្ដល់យោបល់អីទេ នៅក្នុងរបាយការណ៍ហ្នឹង»។

គួរបញ្ជាក់ថា លោក ហ៊ុន សែន បានចូលរួមវេទិកាសេដ្ឋកិច្ចអន្ដរជាតិមួយនៅប្រទេសស្វីស ជាមួយនឹងមេដឹកនាំប្រទេសមួយចំនួន ក្រុមអ្នកជំនួញ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន​ប្រមាណ ៣០០០នាក់​ មកពីប្រទេសចំនួន​៣២ ដែលធ្វើឡើងនៅសប្តាហ៍នេះ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ