ឪពុកយុវជនម្នាក់ដែលស្លាប់នៅកន្លែងឃុំឃាំងនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យចោទថា សមត្ថកិច្ចធ្វើទារុណកម្មកូនគាត់រហូតដល់ស្លាប់ ហើយលោកថា នឹងប្តឹងទៅស្ថាប័នអន្តរជាតិដើម្បីជួយស្រាវជ្រាវរកការពិតនៃការស្លាប់នេះ។
កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៨ បុរសវ័យក្មេង ២ នាក់ ស្លាប់នៅក្នុងបន្ទប់ឃុំខ្លួនក្នុងស្នងការដ្ឋានខេត្តឧត្តរមានជ័យ។ ករណីនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនោះអះអាងថា ជាការធ្វើអត្តឃាតដោយចងក បន្ទាប់ពីចុះពិនិត្យសាកសព។ ប៉ុន្តែឪពុកយុវជនម្នាក់បានច្រានចោលការសន្និដ្ឋានរបស់ព្រះរាជអាជ្ញា។
លោក វ៉ន សាវី ថ្លែងថា កូនរបស់លោក ឈ្មោះ វី ភត្រ្តា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ លុះដល់ថ្ងៃទី៥ សមត្ថកិច្ចប្រាប់ឲ្យទៅយកសាកសពនៅមន្ទីរពេទ្យដោយប្រាប់ថា ស្លាប់ដោយសារចងក។ ប៉ុន្តែលោកថា ការស្លាប់នេះ ដោយសារការធ្វើទារុណកម្មដោយសារមានស្នាមរបួស។
លោកថា៖«កូនខ្ញុំវារបួសស្លាកស្នាមច្រើពេក ខ្ញុំចង់ឲ្យគេជួយរកយុត្តិធម៌ឲ្យ!ហេតុអ្វីបានជាមនុស្សជាប់ខ្នោះចងកកើត ហើយ មន្ទីរឃុំឃាំមានក្រណាត់ មានខោវអាវណា ហើយគេយកទៅដល់ពេទ្យឃើញខោវអាវកូនខ្ញុំស្លៀកពាក់ខោវវែង ហើយខ្ញុំថា បើកូនខ្ញុំស្លៀកខោវអាវវែងហេតុអ្វីបានជាវាមិនចងកនឹងខោវា។ កូនស្លាកស្នាមពេញតែខ្លួន ពេញតែខ្នង ហើយខ្មោចងាប់ ចងកវាត្រូវកូនខ្ញុំវាងាប់នឹងខុសគេ អត់បានលៀនអណ្ដាតទេ កទន់អស់អាលីង ហើយប្រឈរអត់កើតទេ ឈាមចេញតាមមាត់ តាមច្រមុះ ខ្ទិចខ្ទីគ្រាំគ្រាព្រោះខ្មោចចងកវាមិនដែលមានឈាមតាមមាត់តាមច្រមុះអី»។
លោក វ៉ន សាវី បន្តថា លោកមិនដាក់ពាក្យប្ដឹងនៅតុលាការទេ ដោយសារ លោកមិនមានជំនឿទៅ ស្ថាប័នមួយនេះ ទើបលោកយកពាក្យបណ្ដឹងនេះទៅតំណាងអង្គការសហប្រជាជាតិឲ្យចុះស៊ើបអង្កេតករណីនេះបន្ថែមទៀត។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យលោក កូយ កាន់យ៉ា មានប្រសាសន៍ថា ការស្លាប់របស់យុវជន ២ នាក់ កាលពីយប់ថ្ងៃទី ៥ ខែមករា កន្លងមក គឺជាការធ្វើអត្តឃាតខ្លួនឯង មិនមានករណីធ្វើទារុកម្មនោះទេ។ លោកបន្តថា ប្រសិនបើគ្រួសារជនរងគ្រោះមិនសុខចិត្ត ហើយចង់ប្ដឹងករណីនេះ ទៅតំណាងអង្គការសហប្រជាជាតិ ដើម្បីរកយុត្តិធម៌នោះលោកថា ជាសិទ្ធិរបស់ពួកគាត់។
លោកថា៖«ខ្ញុំមិនបានស៊ើបអីទៀតទេ ប៉ុន្តែភ្លាមៗហ្នឹង ខ្ញុំក៏បានសួរនាំសាក្សីម្នាក់ដែលត្រូវប្អូន ឬ ក៏បងទេ ដែលត្រូវបានឃាត់ ខ្លួននៅជាប់បន្ទប់គ្នាហ្នឹង គាត់បានបញ្ជាក់ថា អត់មានលឺសំឡេងវាយអីៗទេ លឺតែសំឡេងអឹក។ អញ្ចឹងខ្ញុំក៏មិនដឹងថា ស្រាវជ្រាវរក ព្រោះវាអត់មានពន្លឺទៅទៀត គាត់ចងកអញ្ចឹងមែន »។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តខេត្តឧត្ដរមានជ័យលោក ស្រី ណារ៉េន យល់ថា ការស្លាប់របស់យុវជនពីរនាក់នោះ អាចបណ្តាលមកពីការធ្វើទារុណកម្ម ដោយសារ នៅលើខ្លួនសពមានស្នាមជាំ។ លោកបន្តថា ក្រសួងមហាផ្ទៃនិង ក្រសួងយុត្តិធម៌ គួរតែចុះទៅស៊ើបអង្កេតករណីនេះបន្ថែមទៀត ដើម្បីផ្ដល់យុត្តិធម៌ឲ្យគ្រួសារជនរងគ្រោះនោះ។
យុវជនឈ្មោះ វី ភត្ត្រា រស់នៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង និងម្នាក់ទៀតឈ្មោះ គង់ គុយបា អាយុជាង ២០ ឆ្នាំរស់នៅក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ទោះយ៉ាងណា កាលពីឆ្នាំ២០១៦កន្លងទៅ ទណ្ឌិតម្នាក់ឈ្មោះ តូច វណ្ណារ៉េត ដែលត្រូវបានប្រទះឃើញស្លាប់នៅក្នុងពន្ធនាគារខេត្តខេត្តពោធិ៍សាត់ ដោយមន្ត្រីអនុរក្សថា ការស្លាប់នោះ ដោយសារចងក ប៉ុន្តែម្ដាយជនរងគ្រោះអះអាងថា កូនអ្នកស្រីស្លាប់មិនមែន ដោយចងកនោះទេ ដោយសារ នៅលើខ្លួនសពមានស្នាមជាំពេញខ្លួន។