IMF បារម្ភ​ស្ថានភាពនយោបាយ​កម្ពុជាប៉ះពាល់​ដល់់​​ទំនុកចិត្ត​អ្នក​វិនិយោគ

ទិដ្ឋភាពផ្សារធំថ្មី នៃទីក្រុងភ្នំពេញ កាលពីពេលកន្លងទៅ (ដោយ សាយ ទ្បាលីស)

មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ ​ហៅ​កាត់​ថា IMF បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​ស្ថាន​ភាព​មិនប្រាកដ​ប្រជានៃ​នយោបាយ​កម្ពុជា​ និង​ហានិភ័យនៃ​ម៉ាក្រូហិរញ្ញវត្ថុ ដោយ​ថា អាច​ប៉ះពាល់​​ទំនុក​ចិត្ត​​អតិថិជន​ និង​អ្នក​វិនិយោគ។

ក្នុងសេចក្តីប្រកាស​របស់ IMF ចេញ​ផ្សាយ​កាល​ពីថ្ងៃទី១៧ ខែមីនា បន្ទាប់​ពី​ក្រុម​ការ​ងាររបស់​ IMF ដែល​ដឹក​នាំ​ដោយ​លោក Jarkko Turunen បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅ​​កម្ពុជា​នោះ បាន​វាយ​តម្លៃ​ថា ស្ថានភាព​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​តែ​រក្សា​បាន​កំណើន​ខ្ពស់ប្រមាណ​ជា​​៧ភាគរយ​ ហើយ​​សេដ្ឋកិច្ច​នៅ​តែ​មាន​ភាពវិជ្ជមាន​ដដែល​។

ប៉ុន្តែ ​លោក​បាន​ព្រួយ​បារម្ភ​អំពី​ហានិភ័យនៃ​ស្ថាន​ភាព​របស់​ម៉ាក្រូ​ហិរញ្ញ​វត្ថុ និង​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ស្ថាន​ភាព​នយោបាយ ដែល​​​លោក​យល់​ថា អាច​នឹង​ជះ​ឥទ្ធិ​ពល​ដល់​ទំនុក​ចិត្ត​របស់​អតិថិជន និង​អ្នក​វិនិយោគ​មក​កម្ពុជា។

លោក​បាន​ឲ្យ​ជា​យោ​បល់​ថា រដ្ឋាភិបាល​គួរធានា​ឲ្យ​មាន​​គោល​នយោបាយ​គ្រប់​គ្រង​ហានិភ័យ​ម៉ា​ក្រូ​សេដ្ឋកិច្ចឲ្យ​បាន​ល្អ ដោយការ​ពារនិរន្តភាព​​នៃសារពើ​ពន្ធ និង​ការ​ធ្វើ​កំណែ​ទម្រង់​ ដើម្បី​ជំរុញ​កំណើន​ភាព​រឹង​មាំ​ និង​ទំនុក​ចិត្ត​។

​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ លោក ទេព ភិយោរិន ​មិន​ទាន់​បាន​ឃើញ​របាយការណ៍​​វាយ​តម្លៃ​របស់ ​IMF នេះ​នៅ​ឡើយ​ទេ។

លោក​ថា៖ «​ការ​វាយតម្លៃ​ជា​រួម​ដែល​ថា​ IMF គាត់​ដាក់​ហ្នឹង​ដូច​ជាត្រឹម​ត្រូវ​របស់​គាត់​ហើយ ​ក្នុង​សេចក្តីថ្លែង​ការណ៍របស់​គាត់។ តែ​ចំពោះ​ការ​យោបល់​ពី​រឿង​ហ្នឹង(ការ​បារម្ភ​របស់​ IMF ទៅ​លើ​បញ្ហា​នយោបាយ​ និង​ម៉ាក្រូសេដ្ឋកិច្ច) ខ្ញុំ​អត់​បាន​មើល​ពី​រឿង​​ហ្នឹងដែរ ​គាត់​ដាក់​ចូល​ក្នុង​ហ្នឹងអញ្ចឹង​ ខ្ញុំ​​​ពិបាក​ផ្តល់​ព័ត៌មាន»។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ​លោក ង៉ែត ជូ បាន​បង្ហាញ​ឯក​ភាព​ចំពោះ​ការលើក​ឡើង​របស់​ស្ថា​ប័ន IMF នេះ ដោយ​ថា ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ អាច​នឹង​ធ្វើ​ឲ្យ​វិស័យ​ជាច្រើន​រង​ផល​ប៉ះពាល់​ ប្រសិនជា​មាន​​ទណ្ឌ​កម្ម​ពី​អន្តរជាតិ​។ លោក​បន្ថែម​ថា​ ក្នុង​ស្ថាន​ភាពនេះ​ កម្ពុជា​គួរ​មាន​គោល​នយោបាយ​គ្រប់​គ្រង​ហានិភ័យ​នៃ​ម៉ា​ក្រូ​សេដ្ឋកិច្ច​ឲ្យ​បាន​ច្បាស់​លាស់​។

លោក​ថា៖ «យើ​ងដឹងហើយ​ថា ​យើង​កំពុងប្រឈម​មុខ​ជា​មួយ​នឹង​ការ​អំពាវ​នាវ​របស់​សភា​សហភាព​អឺរ៉ុប ឲ្យ​សហភាព​អឺ​រ៉ុប​ហ្នឹង​ពិចារណា​ឡើង​វិញ​​ទាក់​ទង​ជាមួយ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​កម្ពុជា​ទៅ​សហ​គមន៍​អឺរ៉ុប ហើយ​កន្លែង​ហ្នឹង​ដែល IMF មើល​ឃើញ​ជា កត្តា​ហានិភ័យ​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។ […]  ខ្ញុំ​យល់​ថា ​យើង​មានចំណុច​ខ្វះខាតច្រើន​ជា​មួយ​នឹង​ចំណុច​ម៉ា​ក្រូសេដ្ឋកិច្ចនោះ ទាក់​ទង​នឹង​ហា​និភ័យ​ហិរញ្ញ​វត្ថុ និង​ទំនាក់ទនង​ការ​បរទេស​ជា​មួយ​នឹង​បណ្តាប្រទេស​មហា​អំណាច​ក៏​ដូចជា​សហ​គមន៍​អឺរ៉ុប។ ខ្ញុំ​យល់​ថា​ យើង​នៅមាន​ភាព​ផុយ​ស្រួយ​ និង​ខ្វះខាត​ច្រើន»។

ប្រទេសកម្ពុជាត្រូវបានសហគមន៍អន្តរជាតិបានចាត់ទុកជាប្រទេសដែលគ្រប់គ្រងតែមួយបក្ស បន្ទាប់​ពី​​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ឃុំ​ ហើយ​បក្ស​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ដែល​ស្ថានភាព​បែប​នេះ ត្រូវ​បាន​សហភាព​អឺរ៉ុប និង​អាមេរិក ចាត់​ទុក​ជាការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ឈាន​ទៅ​រង​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ